
ព្រៃឈើនៅដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី ដែលកំពុងតែអនុវត្តគម្រោងរេដបូកលើផ្ទៃដីទំហំ ១៦៦ ៩៨៣ហិកតា ក្នុងចំណោមផ្ទៃដីជាង ៣០០ ០០០ហិកតា។ រូបថត អង្គការWCS
ភ្នំពេញៈ វត្តមានគម្រោងរេដបូកយ៉ាងហោចណាស់១០ បានធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក ហើយនាពេលអនាគត កម្ពុជានឹងទទួលបានមូលនិធិ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ។
ក្នុងជំនួបសំដែងការគួរសមនិង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាថ្ងៃ ពុធ ទី២៦ ខែមីនានេះ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក»។ នេះបើយោងតាមក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា។
លោករដ្ឋមន្រ្តី បានសំដែងសេចក្តីត្រេកអរ ចំពោះលទ្ធផល នៃការអនុវត្តគម្រោងរេដបូកទាំងនេះ ហើយក្រសួងបរិស្ថាន ក៏មានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
គម្រោងទាំងនោះ ទទួលបានការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូន យកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។
លើសពីនោះ ក៏ទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការ នៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដបូកនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានលើកឡើងថា៖«លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់»។

ជំនួបសំដែងការគួរសមនិង ពិភាក្សាការងារ រវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា។ រូបថត ក្រសួងបរិស្ថាន
យ៉ាងហោចណាស់ គម្រោងរេដបូក១០កំពុងតែមានវត្តមាននៅកម្ពុជា។ ក្នុងនោះមានដូចជា គម្រោងរេដបូកកែវសីមា, ជួរភ្នំក្រវាញខាងត្បូង, ទំរីង (Tumring REDD+Project), គម្រោងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់, តំបន់ជួរភ្នំក្រវាញកណ្តាល, ដែនជម្រកសត្វព្រៃភ្នំត្នោត, តំបន់ទេសភាពវាលទំនាបខាងជើង, ដែនជម្រកសត្វព្រៃសៀមប៉ាង, ដែនជម្រកសត្វព្រៃព្រៃឡង់ និង ដែនជម្រកសត្វព្រៃភ្នំសំកុស។ ទោះយ៉ាងណា គម្រោងរេដបូកភាគច្រើន គឺកំពុងតែស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃនៅឡើយ។
គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអនុវត្ត ចាប់ពីចុងឆ្នាំ២០២៣ លើផ្ទៃដី ជាង១៣ម៉ឺនហិកតា រវាងក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC)។
ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) លោក ប៊ូ វរសក្ស បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ គម្រោងរេដបូកនេះ គឺកំពុងតែស្ថិតក្នុងដំណាក់កាលធ្វើសវនកម្ម ក្នុងជំហានចុងក្រោយ ដោយក្រុមហ៊ុនសវនកម្មឯករាជ្យមួយឈ្មោះថា SCS Global Services។ ក្រោយពីធ្វើសវនកម្មរួច ក្រុមហ៊ុននេះ នឹងដាក់របាយការណ៍ជូនទៅភ្នាក់ងារឥណទានកាបូន VERRA។
VERRA គឺជា ភ្នាក់ងារអន្តរជាតិឯករាជ្យ ដែលមានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា៖«ប្រសិនបើការធ្វើសវនកម្មនេះទទួលបានជោគជ័យ នោះនឹងមានការចុះមកផ្ទៀងផ្ទាត់។ នៅឆ្នាំ២០២៦ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ យើងនឹងបញ្ចេញកាបូនជាលើកទី១»។
ក្រសួងបរិស្ថាន ក៏បានឱ្យដឹងផងដែរថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។
ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។
ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
ចំពោះកិច្ចសហការរវាង World Bank និងក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍៕