
សកម្មភាពក្រុងសង្គ្រោះកាយរកជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក។ រូបថត the Nation Thailand/ANN
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក ស្នើឱ្យពលរដ្ឋខ្មែរនៅទីក្រុងបាងកក មានការប្រុងប្រយ័តុ្នខ្ពស់ចំពោះហេតុការណ៍គ្រោះរញ្ជួយដីខ្លាំង និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។
យោងតាមក្រសួងការងារបានឱ្យដឹងថា៖ «គ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នៅម៉ោង ១:៣០នាទីរសៀលនេះ»។
ក្រសួងបានបន្ដថា៖ «គិតត្រឹមម៉ោង ៣:១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអគារ។ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្គ្រោះ និងជម្លៀស»។
ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រនាពេលថ្មីៗនេះ ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្សារភ្ជាប់ទៅនឹងស្នាមប្រេះ Sagaing Fault ជាខ្សែបន្ទាត់ប្រេះសកម្មដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មានចម្ងាយប្រហែល ១២០០ គីឡូម៉ែត្រពីទីក្រុង Myitkyina ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាត់ប្រេះរត់កាត់ខាងជើងទៅខាងត្បូងនេះឆ្លងកាត់ទីក្រុងសំខាន់ៗដូចជា Mandalay, Taunggyi, Naypyidaw, Bago និង Yangon មុនពេលលាតសន្ធឹងចូលទៅក្នុងសមុទ្រ Andaman។
ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរស័ព្ទ 094 092 5905, 094 416 558, 083 545 7788 (លោក ឈឹម វិបុល) 062 089 8918 (លោក សម្ផស្ស) និង092 299 0133 (កញ្ញា ចន្ថា)៕