ការិយាល័យ​ព្រះរាជអាជ្ញា​ទីក្រុង Manhattan លម្អិត​អំពី​ដំណើរ​ការ​នៃការ​លួច​​រូប​ចម្លាក់​ចំនួន​២ដុំ ដែល​ត្រូវ​បាន​ប្រគល់​ឲ្យកម្ពុជា​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា​នេះ បន្ទាប់​ពី​រូប​ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​ការិយាល័យ​ព្រះរាជាអាជ្ញា​រឹបអូស​​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ រូប​ចម្លាក់​ទាំង​ពីរ​នេះ​រួម​​មាន​រូបដង​ខ្លួន​ទេវរូប​ប្រុស​​ធ្វើពី​​ថ្ម​ភក់ និង​រូប​សិរ ឬ​ក្បាល​នៃ​អាទិទេព។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃទី២៧ ខែមីនា ​​របស់​ការិយាល័យ​ព្រះរាជអាជ្ញា​ រូប​ដង​ខ្លួន​ទេវរូប​ប្រុស ធ្លាប់​មាន​ដៃ​៤ ប៉ុន្តែ​បច្ចុប្បន្ន​បាត់​ដៃ​ទាំង​អស់នៅ​ត្រឹម​ដើម​ដៃ និង​មាន​ស្លៀក​សំពត់ ក្នុង​រចនា​បថ​បាភួន ក្នុង​សតវត្សរ៍​ទី១១។ ចម្លាក់​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រសាទ​នៅ​ភូមិ​បវេល ខេត្ត​ដំបង ហើយ​ក្រោយ​មក​ត្រូវ​បាន​យក​ទៅ​ទុក​នៅ​សារមន្ទីរ​ពោធិ៍វាល នៅ​ខេត្ត​បាត់​ដំបង​នៅ​ឆ្នាំ​១៩៦៥។

នៅ​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ទសវត្សរ៍​១៩៧០ រូប​ចម្លាក់​នេះ​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​កម្ពុជា​សម្រាប់​កិច្ច​ការ​ពារ​​សម្បត្តិ​វប្បធម៌​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ជាមួយ​រូប​ចម្លាក់​តូចៗ​ជា​ច្រើន។​ ប៉ុន្តែ នៅ​ឆ្នាំ​១៩៨៥ ទើប​គេ​ដឹង​ថា រូប​ចម្លាក់​នេះ​ត្រូវ​បាន​គេ​លួច​ចេញ​ពី​​ឃ្លាំង​រួម​ជាមួយ​ចម្លាក់​ជាច្រើន​ទៀត។​


នៅ​ឆ្នាំ​១៩៨១ ចម្លាក់​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ ហើយ​ត្រូវ​បាន​ជនជាត​អាមេរិកាំង​ម្នាក់​ទិញ​យក និង​បាន​​រក្សា​ទុក​រហូត​ដល់​ជន​រូប​នេះ​ទទួល​មរណភាព។

នៅ​ឆ្នាំ​២០២៤ រូប​ចម្លាក់​នេះ​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ទីក្រុង​ញូវយ៉ក ហើយ​ក្រោយ​មក ការិយា​ល័យ​ព្រះ​រាជអាជ្ញា​ក៏​បានរឹប​អូស​តែ​ម្ដង។ យ៉ាង​ណា​ក៏​ដោយ​មិន​មាន​ព័ត៌មាន​លម្អិត​ថា ចម្លាក់​នេះ​ជា​ចម្លាក់​អ្វី​នោះ​ទេ។


សម្រាប់​រូប​ចម្លាក់​សិរ​ដែល​មាន​ទម្រង់​ដូច​ចម្លាក់​ព្រះ​ពុទ្ធ​ ​មិន​មាន​ព័ត៌មាន​លម្អិត​ទេ​ គ្រាន់​តែ​ដឹង​ថា ចម្លាក់​នេះ​ស្ថិត​ក្នុង​រចនាបថ​អង្គរ ក្នុង​សតវត្សរ៍​ទី១២ និង​មាន​រូប​នាគ​​នៅ​ខាង​ក្រោយ​ដែល​បង្ហាញថា​ជា​ចម្លាក់​ស្ដេច ឬ អាទិទេព។

ចម្លាក់​នេះ​មាន​ស្លាក​ស្នាម​ ដែល​បញ្ជាក់​ថា​ វា​ត្រូវ​បាន​វាយ​បំបាក់​ដោយ​ប្រើ​កម្លាំង​ដើម្បី​យក​ចេញ​ពី​កន្លែង​ដើម។ ចម្លាក់​នេះត្រូវ​បាន​យក​ចូល​សហដ្ឋ​អាមេរិក​ ហើយ​ត្រូវ​លក់​ដោយ​ខុស​ច្បាប់​ពី​អ្នក​ទិញ​វត្ថុបុរាណ​មួយ​ទៅ​មួយ។

លោក Alvin L. Bragg, Jr. ព្រះរាជ​អាជ្ញា​នៅ​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​ទីក្រុង​ Manhattan បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដែល​យើង​បាន​បញ្ជូន​វត្ថុបុរាណ​ជាង ៣០​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំង​ចុង​ក្រោយ​នេះ។ នេះ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការងារ​លេច​ធ្លោរ​របស់​អ្នក​ស៊ើប​អង្កេត និង ព្រះរាជអាជ្ញា​របស់​យើង។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ពួក​គេ​សម្រាប់​កិច្ច​ប្រឹងប្រែង​បន្ត​ដើម្បី​បំផ្លាញ​ក្រុម​អ្នក​ជួញ​ដូរ​វត្ថុ​បុរាណ​ទាំង​នេះ»។

លោក កុយ គួង ឯក​អគ្គរាជទូត​កម្ពុជាប្រជា​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិ ដែល​បាន​ទទួល​ចម្លាក់​ទាំង​ពីរ​នេះ​បាន​ថ្លែង​ថា៖ «កម្ពុជា​ពិត​ជា​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​ការិយាល័យ​ព្រះ​រាជអាជ្ញា​នៃ​ទីក្រុង​ញូវយ៉ក ដែល​ធ្វើ​ឲ្យ​សម្រេច​បាន​ការ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​នូវ​សម្បត្តិវប្បធម៌​ទាំង​នេះ»។

លោក​បន្ត​ថា ស្រប​ពេល​ដែល​កម្ពុជា​និង​អាមេរិក​ប្រារព្ធ​ខួប​៧៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត ការ​ប្រគល់​វត្ថុបុរាណ​ទាំង​នេះ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឆ្លុះ​បញ្ចាំង​ពី​កម្លាំង​នៃ​ទំនាក់​ទំនង​យូរ​អង្វែង​និង​ការ​ប្ដេជ្ញាចិត្ត​រួម ក្នុង​ការ​ការ​ពារ​សម្បត្តិ​វប្បធម៌ និង​យុត្តិធម៌៕