ភ្នំពេញ៖ បុណ្យ​ភូមិ​ត្រលប់​មកវិញហើយ ដែល​មហាជន​ទន្ទឹង​រងចាំ​នូវ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ សប្បាយៗ ស្លៀក​ក្បិន ក្រាលកន្ទេល មើលល្ខោន ពេលនេះ​នឹង​រៀបចំ​ចំនួន​២​លើក ដោយ​លើកទីមួយ​រៀបចំ​នៅ​ថ្ងៃទី​០៥ ដល់ ថ្ងៃទី​០៦ ខែមេសា នៅ​ផ្សារ​ទំនើប ជីបម៉ុង ២៧១ មេ​ហ្គា​ម៉​ល​។ លើក​ទី​ពីរ​រៀបចំ​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែមេសា នៅ​វត្តស្វាយ​អណ្តែត​។​

កញ្ញា រិទ្ធី លំអរពេជ្រ (YoKi) ជាសហស្ថាបនិកបុណ្យភូមិ បុណ្យ​ភូមិ​ឆ្នាំ​នេះ​ បាន​និយាយថា​៖ «យើង​ផ្ដោតលើ​សរសរ​ស្ដម្ភ​ទាំង ៥ គឺ​ល្បែង​ប្រជាប្រិយខ្មែរ ដោយ​មាន​ការ​វិវត្ដន៍​ទៅ​មួយ​កម្រិត​ទៀត ដោយ​មាន​ branding  ត្រឹមត្រូវ។ ជាក់ស្ដែង យើង​បាន​សាកល្បង​ពី​ឆ្នាំ​ទៅ​ម្ដង​ហើយ ដោយ​​​ដាក់​ឈ្មោះ​ការ​វ៉ៃ​​ក្អម​ទៅជា​ការ​វ៉ៃ​ក្អម​ប្រជា​ប្រិយ ជាមួយ​ល័ក្ខខន្ដិកៈ មាន​ដាក់​លេខ មាន​ពិធីករ និង​តន្ដ្រី​អម​»។

កញ្ញា​និយាយថា ឆ្នាំ​២០២៥​នេះ វ៉ៃក្អម​ប្រជាប្រិយ នឹង​ត្រូវ​បានដាក់​ឱ្យ​លេង​ម្ដង​ទៀត​ដោយ​ប្រើ​ប្រាស់​ក្អម​ចំនួន ១១២ ដែល​លេខ​ ១២ ចុងក្រោយ​តំណាង​ឱ្យ​បុណ្យ​ភូមិ​ឆ្នាំ​ទី ១២​។


ការ​ល្បែង​ទាញ​ព្រ័ត្រ​បុរាណ ត្រូវបាន​ប្រើ​ប្រាស់​វល្លិ៍​ពី​ខេត្ដ​កំពង់ធំ និង​សៀមរាប​ទៅតាម​លំនាំ​ពី​បុរាណ​។ ល្បែង​ប្រជាប្រិយ​ថ្មី​មួយ គឺ​បង្វិលកង​ទាំង ១២ ឬ​បង្វិលកង​ផ្សង​សិរី​។


សសរ​ស្ដម្ភ​ទីពីរគឺ​ការ​ក្រាល​កន្ទេល​មើល​ល្ខោន ដែល​ផ្ដោតលើ​ប្រធានបទ «​សម្បត្តិ​បេ​តិ​ភណ្ឌ​អរូបី​ដែល​ត្រូវការ​ការពារ​ជាបន្ទាន់​» ជា​ទម្រង់​ទស្សនីយភាព​ដែល​ប្រជាជន​ខ្មែរ​កម្រ​បាន​ទស្សនា​ ដោយសារវា​សឹង​តែបាត់បង់​។

YoKi បាន​និយាយថា​៖ «​សិល្បៈ​បុរាណ​ទាំង​នោះ រួម​មាន ក្រុម​ល្ខោន​យីកេ​អ្នកភូមិ​និ​ពេជ្រ ខេត្តកំពង់ធំ​ ​ល្ខោន​បុរាណ​វត្ត​កៀនស្វាយក្រៅ​ ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ និង​ល្ខោនពោល​ស្រី»។

សសរស្ដម្ភ​ទីបី គឺ​ជា​កម្មវិធី​រាត្រី​ក្បិន​ ដែល​អ្នក​ចូលរួម​អាច​ស្លៀក​ក្បិន​ពី​ផ្ទះ ឬ​តុបតែង​ក្បិន​នៅ​ក្នុង​ពិធី​បុណ្យ​ភូមិ និង​ចូលរួម​ក្រាល​កន្ទេល​មើលល្ខោន​។

ចលនា​វប្បធម៌​មួយ​ទៀត​គឺ​ផ្ទះ​សិល្បៈ ដែល​មាន​ការ​បង្រៀន​ធ្វើ​គោម​ផ្កាយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ធ្វើ​ប្រទីប​ផ្កា ធ្វើ​ក្ដា​ផ្សង​សំណាង បត់រូប​សត្វ​ទាំង ១២ ជាដើម។

សសរ​ស្ដម្ភទី ៤ គឺជា​ការ​តម្លើង​ស្នាដៃ​សិល្បៈ ឬ​ (art installation) ដោយ​មាន​ការ​តាំង​បង្ហាញ​ផ្កាយ​ទ្រង់​គ្រឿង ទៅ​តាម​បែប​ផែន និង​ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ​។

នៅមាន​ការ​តម្លើង​សិល្បៈ​បែប​សហសម័យ «ខ្លែង​ជោគ ខ្លែង​ជ័យ» ខ្នាត​យក្សនៅលើ​ជញ្ជាំង​ពី​សិល្បករ​ កិត្យា និង​ម៉ារីណា​ ជាមួយ​ការ​បង្កប់​ន័យ​ «ក្ដីសង្ឃឹម» ដោយ​ប្រើ​ខ្លែង​ខ្មែរ គូរ​ពី​ទម្រង់​សិល្បៈ​ទំនើប​។

YoKi បាន​បង្ហាញ​ក្ដីសង្ឃឹមថា បុណ្យភូមិ​​ឆ្នាំ​២០២៥ ដែល​រៀបចំ​នៅ​ពីរទីតាំង និង​រយៈ​ពេល ៤​ថ្ងៃ​ នឹង​ទទួល​បាន​អ្នកចូលរួម​ ១២​ម៉ឺន​នាក់ ដែល​តំណាង​ឱ្យ​ឆ្នាំ​ទី ១២​ របស់​កម្មវិធី​។

​​ក្រៅពី​សកម្មភាព​ទាំងអស់នេះ​ក៏មាន​ការប្រគុំ​តន្ត្រីសម័យ​ដែលមាន​តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ចូលរួម​កម្សាន្តទៀតផង​។

មហោស្រព​បុណ្យ​ភូមិ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ និង​ទទួលបាន​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាងខ្លាំង​។ ការរៀបចំ​បុណ្យ​ភូមិ​ មាន​គោលបំណង​​ពាំនាំ​នូវ​បរិយាកាស​អបអរសាទ​រ​ទៅកាន់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ តាម​ទម្រង់​បែបបទ​របស់​អ្នកស្រុក​អ្នកភូមិ​ពី​ជំនាន់​ដើម​របស់​ខ្មែរ ក៏ដូចជា​ចូលរួម​លើកស្ទួយ ផ្សព្វផ្សាយ អភិរក្ស​ទម្រង់​សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ រួម​ជាមួយនឹង​សិល្បៈ​បុរាណ​ខ្មែរ​។

មហោស្រព​សិល្ប​:​បុណ្យ​ភូមិរៀបចំ​ដោយ ភ្លើង​គប់ PlerngKob នាំមក​ជូន​ដោយ Cambodia Water សហការ​ឧ​ប​ត្ថ​ម្ត​ដោយ Chip Mong Bank, KIZZ, IZE ដៃគូ​ផ្សព្វផ្សាយ​: Kampucheers, VAYO FM Radio, Fast News Daily, Popular Magazine, The Phnom Penh Post, គំនិត​-Komnit Solution , EAC News, Troryorng - ត្រយង​, MUDH, 123 Creative House, NEXT Digital Media - Cambodia, អារម្មណ៍​ Studio​៕

ការជួបជុំ​ក្រុម​អ្នក​រៀបចំ​បុណ្យ​ភូមិ និង​សិល្បករ​ជាច្រើន​រួប​នៅ​បរិវេណ​វត្ដ​ស្វាយ​អណ្ដែត។ រូបថត សហការី ​