បាត់ដំបងៈ បន្ទាប់ពីគេចខ្លួនអស់រយៈពេលជិត៤ឆ្នាំ នគរបាលបានចាប់ខ្លួនបុរសជាពិរុទ្ធជនអាយុ៣៣ម្នាក់ ទៅតាមសាលដីការបស់តុលាការខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹងបទល្មើសនាំមនុស្សឆ្លងដោយខុសច្បាប់ទៅប្រទេសថៃ។

អធិការនគរបាលស្រុកកំរៀង លោកវរសេនីយ៍ទោ វេ គឹមចត់ កាលពីថ្ងៃទី២៩ ខែមីនា បានអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនឈ្មោះ ណាន់ ស្នា នៅក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ករណីឆ្លងដែនខុសច្បាប់ កាលពីឆ្នាំ២០២១។

លោកអធិការបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃចន្ទ ទី៣១ ខែមីនាថា៖«គាត់គេចខ្លួនរហូតមក។ ពេលឃើញ ទើបបានយើងចាប់គាត់។ គាត់នាំ[មនុស្ស] ចូលទៅថៃ»។


លោកហៃ ណៃហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង កាលពីខែមិថុនា ឆ្នាំ២០២២ បានផ្តន្ទាទោសកំបាំងមុខ លើឈ្មោះ ណាន់ ស្នា អាយុ៣០ឆ្នាំ(កាលនោះ) ដាក់ពន្ធនាគារកំណត់ចំនួន ១៥ ឆ្នាំ ពីបទៈ ចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន។

បទល្មើសនេះបានប្រព្រឹត្តនៅចំណុចចម្ការស្វាយចន្ទីមួយកន្លែង ដែលស្ថិតក្នុងក្រុមទី ៦ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ បទល្មើសព្រហ្មទណ្ឌ នេះមានចែង និងផ្តន្ទាទោស តាម បញ្ញត្តិមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។


តុលាការក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ ណាន់ ស្នា តាម បញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ដីកាបានបង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឱ្យស្រាវជ្រាវរកចាប់ខ្លួន មកប្រគល់ជូនតុលាការសាមីដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ចំពោះឈ្មោះ ណាន់ ស្នា ដែលបានមានទីលំនៅបច្ចុប្បន្ន ក្នុងភូមិ អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ពិរុទ្ធជន ដែលត្រូវចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ត្រូវតែនាំទៅបង្ហាញខ្លួនក្នុងរយៈ ពេលយ៉ាងខ្លីបំផុតនៅចំពោះមុខព្រះរាជអាជ្ញានាទីកន្លែងចាប់ខ្លួន និងឱ្យដំណឹងដល់សាម៉ីខ្លួនអំពីដីកានេះ និងបង្គាប់ ឱ្យប្រធានពន្ធនាគាររាជធានី/ខេត្ត ទទួល និងឃុំខ្លួនឈ្មោះនេះតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួននេះ។

អធិការនគរបាលស្រុក វេ គឹមចត់ ក៏បានឱ្យដឹងផងដែរថា នគរបាលស្រុកបានបញ្ជូនឈ្មោះ ណាន់ ស្នា ទៅស្នងការដ្ឋានគរបាលខេត្តរួចហើយ។

នគរបាលជាតិបានឱ្យដឹងកាលពីថ្ងៃទី៣០ ខែមីនាថា សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជននេះ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕