ក្រសួង​អប់រំ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ ឯកជន​លើក​ទឹក​ចិត្ត​ឲ្យ​កុមារ​និង​សិស្សានុសិស្ស​លេង​ល្បែង​និង​របាំ​​ប្រជាប្រិយ​ខ្មែរ​ក្នុង​អំឡុង​សង្ក្រាន្ត​តាម​សាលា​រៀន និង​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ អ្នក​វិភាគ​យល់​ថា ល្បែង​និង​របាំ​ប្រជាប្រិយ​ទាល់​តែ​មាន​ការ​ដឹកនាំ​ទើប​មាន​ការ​ចូលរួម។

នៅ​ក្នុង​សេចក្ដី​ណែនាំ​ថ្ងៃ​ទី៣១ ខែមីនា នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រឹះស្ថាន​អប់រំ​នានា​ឲ្យ​ចូល​រួម​រួម​អភិរក្ស និង​លើក​កម្ពស់​វប្បធម៌ ​ជំនឿ​ ទំនៀម​ទម្លាប់ ប្រពៃណី​ជាតិខ្មែរ​ឱ្យ​បាន​គង់​វង្ស និង​រីកចម្រើន ​ព្រម​ទាំង​ចៀស​វាង​បាតុភាព​ផ្សេងៗ។

លោក ហង់ជួន ណារ៉ុន ស្នើ​ឲ្យ​គ្រប់​សាលា​ «បង្ក​លក្ខណៈ​ឱ្យ​​កុមារ ​សិស្សានុសិស្ស និង​យុវជន លេង​ល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ​នៅ​មុន និង​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ដូចជា​របាំ​រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ​ និង​ល្បែង​ប្រជាប្រិយ ខ្មែរ​មួយ​ចំនួន ដូចជា​ល្បែង​បោះ​អង្គញ់ ចោល​ឈូង ដណ្តើម​ស្លឹក​ឈើ ទាញ​ព្រ័ត្រ​ជាដើម»។


លោក​បន្ត​ថា៖ «​ត្រូវ​ហាមឃាត់ និង​ទប់​ស្កាត់​រាល់​ល្បែង​ទាំង​ឡាយ​ណា ដែល​មិន​មែន​ជា​ល្បែង ឬ​របាំ​ប្រជាប្រិយ​ខ្មែរ និង​ល្បែង​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ហានិភ័យ អសុវត្ថិភាព និង​គ្រោះ​ថ្នាក់ ដូច​ជា​ដុត ឬ​បាញ់​ផាវ បាញ់​ទឹក ជះ​ទឹក លាប​ ម្សៅ​ ជា​ដើម»។

ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១៤​ដល់​ទី១៦ ខែមេសា ប៉ុន្តែ នៅ​តាម​សាលា​រៀន​និង​មហា​វិទ្យាល័យ​នានា ពិធី​ជប់លៀង​ចូលឆ្នាំ ឬ ហៅ​ថា​សង្ក្រាន្ត​តាម​សាលា នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​​ក្រោយ​នេះ។


លោក ឈត ប៊ុនថង អ្នក​ជំនាញ​ផ្នែក​អប់រំ វប្បធម៌ និង​ទេសចរណ៍ បាន​ប្រាប់​ប៉ុស្តិ៍​ថា វា​ជា​រឿង​ល្អ​ដែល​ក្រសួង​ចេញ​ការណែនាំ​ទាំង​ពេល​នេះ និង​ជា​បន្ត​បន្ទាប់ គ្រាន់​តែ​ថា ការ​អនុវត្ត​គឺជា​រឿង​ផ្សេង ពីព្រោះ​ថា មិន​ថា​សេចក្ដី​ណែនាំ ការ​អំពាវ​នាវ ប្រសិន​បើ​គ្មាន​ការ​បង្ខំ មិន​សូវ​មាន​អ្នក​អនុវត្ត​ទេ។ លោក​ថា សូម្បី​តែ​ច្បាប់​ដែល​មាន​លក្ខណៈ​ចាប់​បង្ខំ ក៏​ការ​អនុវត្ត​នៅ​តែ​ពិបាក។

លោក​ថ្លែង​ថា៖ «ការ​អំពាវនាវ​ក៏​អំពាវនាវ​ទៅ ការ​ពន្យល់​ក៏​ចេះ​តែ​បន្ត​ទៅ តែ​អ្នក​ណា​ធ្វើ​បាន​ប៉ុនណា​គឺ​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន។ ខ្ញុំ​គាំទ្រ​មួយ​រយ​ភាគរយ​ទៅ​លើ​ការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ក្រសួង​វប្បធម៌ និង​ក្រសួង​ដទៃ​ទៀត​ដែល​តែង​ធ្វើការ​អំពាវនាវ​ណែនាំ​ជា​រៀង​រាល់​ឆ្នាំ។ បើ​សិន​ប្អូនៗ​ងាក​មក​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ វា​ជា​រឿង​ល្អ​ព្រោះ​វា​ជា​មរតក​វប្បធម៌អ​រូបិយ​របស់​ខ្មែរ​យើង ដែល​នៅ​ក្នុង​មនុស្ស បើ​មនុស្ស​អត់​លេង​ទេ អត់​ផ្សព្វផ្សាយ​ទេ វា​នឹង​បាត់​បង់»។

យ៉ាង​ណា​ក៏​ដោយ លោក​ថា ការ​លេង​ល្បែង​ប្រជាប្រិយ​នេះ​ទាល់​តែ​មាន​ការ​រៀបចំ និង​ការ​នាំ​លេង។ បើ​ពឹង​លើ​តែ​ក្មេងៗ​លេង​ខ្លួន​ឯង​មិន​សូវ​មាន​ភាព​ផុស​ផុល​ទេ។

លោក​បន្ត​ថា៖ «សព្វ​ថ្ងៃ​នេះ​ប្អូន​យើង យើង​ឃើញ​ហើយ លេង​តែ​ស្មាត​ហ្វូន បាញ់​ទឹក ប៉ាត​ម្សៅ ស៊ីផឹក រាំ។ អីចឹង ការ​លេង​ល្បែង​ប្រជាប្រិយ វា​​អាច​មិនសូវ​គគ្រឹក​គគ្រេង។ ដូច្នេះ​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​ត្រូវ​មាន​កន្លែង​សមរម្យ មាន​អ្នក​គ្រប់គ្រង​ ទើប​អាច​មាន​ការ​លេង​បាន​ខ្លះ។ បើ​គ្រាន់​តែ​ចេញ​សេចក្ដី​ណែនាំ ហើយ​មិន​មាន​ការ​ដឹក​នាំ​ទេ វា​គ្រាន់​តែ​ណែនាំ​ឲ្យ​តែ​ពីរោះ​ស្ដាប់»៕