មន្ទីរប្រឆាំងគ្រឿងញៀន​​បង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុង​ករណី​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ រឹប​អូស​​ថ្នាំជាង ១២៤​គីឡូក្រាម នៅរាជធានីភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង និង​ឃាត់​ខ្លួន​ជនជាតិ​ចិន ភូមា និង​ខ្មែរ​សរុប​៨​នាក់។

មន្ទីរប្រឆាំងគ្រឿងញៀន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣១ ខែមីនា​នេះ​ថា​ កាលពីថ្ងៃទី២៦ ខែមីនា កម្លាំងជំនាញ ក១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹក​នាំដោយ​លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ សហការជា​មួយកម្លាំង​ជំនាញនៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលពីព្រះ​រាជ​អាជ្ញា​​​នៃ បានស្រាវជ្រាវ​និង​បង្ក្រាបក្រុមឧក្រិដ្ឋជន​គ្រឿង​ញៀន​ ចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែល​មាន​ជនជាតិភូមា ២នាក់ និង​ជន​ជាតិ​ចិន ៣នាក់។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រឹបអូសបានគ្រឿងញៀនសរុបទម្ងន់​ជាង​ ១០១ គីឡូក្រាម ដែល​មាន​ប្រភព​មកពីតំបន់ត្រីកោណមាស ក្នុង​គោល​បំណង​នាំ​បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​អំពី​ប្រភេទ​គ្រឿង​ញៀន​ទាំង​នេះ​ទេ។ ជនសង្ស័យ និងវត្ថុតាង​ ត្រូវ​បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​​ដើម្បីបន្ត​នីតិវិធី។​


ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលា​ដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ ខែមីនា ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៣​នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ និង​រក្សា​ទុក​គ្រឿង​ញៀន ២៣​គីឡូក្រាម មាន​ទាំង​កេតាមីន និង MDMA ខណៈ​ជន​សង្ស័យ​៤​នាក់​ទៀត​កំពុង​គេច​ខ្លួន។

ក្រុម​ឧក្រិដ្ឋជន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅទីក្រុង​ភ្នំពេញ និង​ ខេត្ត​ព្រះសីហនុ​ ពី​ខែ​មករា ដល់​ថ្ងៃ​ទី២២ ខែមីនា៕