
ដោយ ស្រាបៀរត្រូវបានមើលឃើញថាជាជម្រើស «សុវត្ថិភាព» ដោយអ្នកប្រើប្រាស់វ័យក្មេងជាច្រើន ជាង ៦០ភាគរយនៃអ្នកឆ្លើយតបជឿថា វាមានហានិភ័យតិចជាងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត។ រូបថត ភ្នំពេញប៉ុស្ដិ៍
ភ្នំពេញ៖ របាយការណ៍គោលនយោបាយថ្មីដែលបានចេញផ្សាយកាលពីម្សិលមិញ ថ្ងៃទី ៣១ ខែមីនា ដោយវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បន្ដក្រើនរំឭកលើអត្រានៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមយុវជននៅកម្ពុជា។
របាយការណ៍ដែលមានចំណងជើងថា «ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត» បង្ហាញអំពីនិន្នាការដែលបង្កបញ្ហាក្នុងចំណោមយុវវ័យ ដោយ ២៥,៨ភាគរយ នៃយុវជនអាយុពី ១៥-១៩ ឆ្នាំបានចូលរួមទទួលទានគ្រឿងស្រវឹងច្រើនលើសលប់ (HED) ជាតួលេខខ្ពស់ជាងប្រទេសជិតខាងក្នុងតំបន់ជាច្រើនរបស់កម្ពុជា។
យោងតាម របាយការណ៍គោលនយោបាយថ្មី បានបង្ហាញថា៖ «កម្ពុជាបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីដែលមិនបានកំណត់អាយុបុគ្គលក្នុងការទិញគ្រឿងស្រវឹង»។
របាយការណ៍បានបន្ដថា៖ «ភាពខ្វះចន្លោះនៃបទប្បញ្ញត្តិនេះបានធ្វើឱ្យយុវជនងាយប្រឈមគ្រឿងស្រវឹង។ នៅកម្ពុជា ២៥,៨ភាគរយនៃយុវជនដែលមានអាយុពី ១៥ទៅ ១៩ឆ្នាំ បានរាយការណ៍ថា បានទទួលទានគ្រឿងស្រវឹងជោកជាំ ឈ្នះយុវជនថៃ ដែលមានអត្រា២១,៦ភាគរយ និងចាញ់យុវជនវៀតណាម ដែលមានអត្រា ៣០,៩ភាគរយ»។
ខណៈពេលដែលវិស័យគ្រឿងស្រវឹងនេះជួយជំរុញសេដ្ឋកិច្ច ដែលមានតម្លៃ ១,១ពាន់លានដុល្លារអាមេរិក និងកំពុងកើនឡើង ក្តីបារម្ភត្រូវបានលើកឡើងអំពីផលប៉ះពាល់នៃទម្លាប់ប្រើប្រាស់ច្រើនហួសហេតុ រួមទាំងស្រវឹងរបើកបរ ការទទួលច្រើនលើសលប់ និងការប្រើប្រាស់គ្រឿងស្រវឹងខុសច្បាប់។
នៅឆ្នាំ ២០៣២ ទីផ្សារគ្រឿងស្រវឹងត្រូវបានព្យាករណ៍ថានឹងកើនឡើងទ្វេដងដល់ ២,២ ពាន់លានដុល្លារ ជាមួយនឹងអត្រាកំណើនទីផ្សារប្រចាំឆ្នាំ ៨,១៨ ភាគរយ។ ប្រជាជនកម្ពុជាពេញនិយមប្រើប្រាស់ស្រាបៀរជាមធ្យម ៧២,២ លីត្រក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។
របាយការណ៍នេះផ្តល់នូវអនុសាសន៍ផ្អែកលើភ័ស្តុតាង ដើម្បីបិទគម្លាតគោលនយោបាយសំខាន់ៗ និងការពារសុខភាពសាធារណៈ។
ស្ថិតិនេះគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការផ្លាស់ប្តូរគោលនយោបាយជាបន្ទាន់ ដើម្បីការពារសុខភាពរយៈពេលវែង និងផលវិបាកសង្គមនៃការប្រើប្រាស់គ្រឿងស្រវឹងខុសនៅក្នុងក្រុមអាយុដែលងាយរងគ្រោះនេះ។
របាយការណ៍នេះបានឱ្យដឹងថា៖ «ពាក់កណ្តាលនៃយុវជនដែលទទួលទានក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយនៃការសិក្សានេះ បានរាយការណ៍យ៉ាងហោចណាស់ទទួលទានគ្រឿងស្រវឹងម្ដង ដោយសង្កត់ធ្ងន់បន្ថែមទៀតអំពីតម្រូវការសម្រាប់ទំនាក់ទំនងសង្គម»។
អាកប្បកិរិយានេះមិនត្រឹមតែបង្កើនហានិភ័យនៃការញៀនប៉ុណ្ណោះទេ ថែមទាំងនាំឱ្យមានគ្រោះថ្នាក់ ការប្រើប្រាស់គ្រឿងស្រវឹង និងកើតជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺក្រិនថ្លើមថ្លើម ជាក្តីកង្វល់ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងនេះក៏ដោយ ស្រាបៀរត្រូវបានមើលឃើញថាជាជម្រើស «សុវត្ថិភាព» ដោយអ្នកប្រើប្រាស់វ័យក្មេងជាច្រើន ជាង ៦០ភាគរយនៃអ្នកឆ្លើយតបជឿថា វាមានហានិភ័យតិចជាងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត ជាការយល់ឃើញខុសដែលរួមចំណែកដល់ការទទួលទានលើសលប់។
នៅខែធ្នូ ឆ្នាំ ២០២៤ MM4A សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច បានធ្វើការស្ទង់មតិថ្នាក់ជាតិជាមួយអ្នកឆ្លើយសំណួរចំនួន ១៣៦៣នាក់ ដោយប្រើការយកគំរូតាមចៃដន្យពហុដំណាក់កាលនៅទូទាំងភូមិសាស្ត្រចំនួនប្រាំ និងតំបន់ចំនួនប្រាំបួនក្នុងប្រទេសកម្ពុជា។
អ្នកចូលរួមក៏ត្រូវបានសួរអំពីការយល់ឃើញរបស់ពួកគេចំពោះភេសជ្ជៈស្តង់ដារសម្រាប់កំណត់ការណែនាំអំពីការទទួលទានកម្រិតមធ្យម។
លើសពីនេះទៀត MM4A បានរៀបចំការពិភាក្សាជាក្រុមផ្តោតចំនួនប្រាំបី (FGDs) នៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ជាមួយនឹងអ្នកផឹកបច្ចុប្បន្នចំនួន ៦៤ នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ៦០ ឆ្នាំ។
ដើម្បីឆ្លើយតបទៅនឹងការរកឃើញទាំងនេះ សៀវភៅសបានជំរុញឱ្យមានសកម្មភាពគោលនយោបាយយ៉ាងឆាប់រហ័ស រួមទាំងការអនុវត្តអាយុទិញស្របច្បាប់អប្បបរមា (MLPA) សម្រាប់គ្រឿងស្រវឹង ជាបទប្បញ្ញត្តិដែលមានរួចហើយនៅក្នុងប្រទេសភាគច្រើនជុំវិញពិភពលោក ប៉ុន្តែនៅតែខ្វះខាតនៅកម្ពុជា។
សៀវភៅសនេះផ្តល់អនុសាសន៍ឱ្យកំណត់ MLPA នៅអាយុ ១៨ ឆ្នាំដើម្បីពន្យារការចាប់ផ្តើមគ្រឿងស្រវឹង និងកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការផឹកស្រាដំបូង។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានឱ្យដឹងថា៖ «ទិន្នន័យនេះបានផ្ដល់ភាពចាំបាច់លើតម្រូវការគោលការណ៍ណែនាំថ្នាក់ស្ដីពីការទទួលទានគ្រឿងស្រវឹងដែលច្បាស់លាស់ ពង្រឹងការអនុវត្ត និងរៀបចំគោលដៅលើកិច្ចខិតខំប្រឹងប្រែងអប់រំអ្នកទទួលទានដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត»។
លោកបានបន្ដថា៖ «យើងទន្ទឹងរង់ចាំមើល អ្នកបង្កើតគោលនយោបាយចាត់វិធានបន្ត ដោយផ្អែកលើអនុសាសន៍ យោងតាមភស្តុតាងជាក់ស្ដែងទាំងនេះ។ របាយការណ៍នេះក៏បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត មិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងសង្គម ផ្ដល់ផលប៉ះពាល់ដល់សុវត្ថិភាពផ្លូវថ្នល់ សុខុមាលភាពរបស់យុវជន និងផលិតភាពសេដ្ឋកិច្ចទាំងមូល»។
បន្ថែមពីលើការផ្តោតសំខាន់លើការផឹកស្រារបស់យុវជន របាយការណ៍នេះក៏បានលើកឡើងពីបញ្ហាដែលកំពុងកើនឡើងនៃការប្រើប្រាស់គ្រឿងស្រវឹង ជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
គ្រោះថ្នាក់ចរាចរណ៍ដែលទាក់ទងនឹងគ្រឿងស្រវឹងបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០០០ ដោយយុវជនជាក្រុមដែលងាយរងគ្រោះបំផុត។
លោក Ratcliffe នាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) បានលើកឡើងថា៖ «ជាមួយនឹងការបង្កើតគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ កម្ពុជាអាចធ្វើជាប្រទេសគំរូល្អមួយនៅក្នុងតំបន់សម្រាប់ការគ្រប់គ្រងគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ»៕