ខេត្ដ​បន្ទាយ​មានជ័យ៖ យោងតាម​ការ​លើកឡើងរបស់​​​អភិបាល​ខេត្ដ​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ប្រជាពលរដ្ឋ​ទាំងអស់ ២០១,៣៨១​គ្រួសារ ឬ៦៦៤​ភូមិ សុទ្ធ​តែមានបង្គន់​ប្រើ​ប្រាស់ ដែល​ប្រែក្លាយ​​​ជា​ខេត្ដ​ទី១៨ បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល(ODF) របស់​កម្ពុជា។

លោក រាត្រី បាន​ឱ្យដឹងថា​៖ «​​ប្រជាជន​ចំនួន ២០១,៣៨១​គ្រួសារ ក្នុងនោះ​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​សរុប ១៧០,២៩៩​ខ្នង​ផ្ទះ ស្មើនឹង​១០០ភាគរយ​។ ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​ផ្ទាល់ខ្លួន​ចំនួន ១៦៣,០៤៩​ខ្នង​ផ្ទះ ស្មើនឹង ៩៥,៧៤ភាគរយ​ ហើយ​ខ្នង​ផ្ទះ​ប្រើ​បង្គន់​រួម​ចំនួន ៧,២៥០​ខ្នង​ផ្ទះ ស្មើនឹង ៤,២៦ភាគរយ​។

លោកបានបន្ដថា​៖ «ដោយឡែក ក្រុង ស្រុក ឃុំ សង្កាត់ និង​ភូមិ​ដែល​សម្រេច​បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​មាន​ចំនួន ២​ក្រុង ៧​ស្រុក ស្មើនឹង​១០០ភាគរយ​ ៦៧​ឃុំ សង្កាត់ ស្មើនឹង ១០០ភាគរយ​៦៦៨​ភូមិ ស្មើនឹង​១០០ភាគរយ​»​​។


តាម​កម្មវិធី​អានា​ម័​យ​ទឹកស្អាត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ក្នុង​ខេត្តបន្ទាយមានជ័យ​តែមួយ បង្គន់​អនាម័យ​ចំនួន​ជាង ៣​០៦៦ ត្រូវបាន​សាងសង់​នៅតាម​ផ្ទះ សាលារៀន មណ្ឌល​សុខភាព និង​ទីសាធារណៈ ដែល​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​គ្រួសារ​ចំនួន​ជាង ១៨៧​០០០​គ្រួសារ ក្នុងភូមិ​ចំនួន​៦១២  ក្នុងនេះ​មាន​កុមារ​ជាង ២៤៩​៧០០​នាក់ ។​

​ការចម្លង​រោគ​ទឹក អាហារ និង​ដី​ដោយ​លាមក​មនុស្ស ដែលជា​លទ្ធផល​ផ្ទាល់​នៃ​ការ​បន្ទោបង់​ពាសវាល​ពាសកាល បង្កឱ្យមាន​ការរីក​រា​ល​ដាល​នៃ​ជំងឺ​ជាច្រើន​។


ជំងឺ​រាគរូស កើត​ព្រូន គ្រុនពោះវៀន និង​រលាក​ថ្លើម​ប្រភេទ​អា គឺជា​ហានិភ័យ​ទូទៅ​បំផុត ដែល​អាច​បណ្តាលឱ្យ​កុមារ​ប្រឈមមុខ​នឹង​ភាព​ងាយ​រងគ្រោះ​ខ្ពស់​ដូចជា កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​ការលូតលាស់​។

ជាមួយនឹងការទទួលបានទឹកស្អាត និងបង្គន់អនាម័យ សិស្ស ជាពិសេសសិស្សស្រី អាចចូលរៀនបានទៀងទាត់ជាងមុន និងផ្តោតលើការសិក្សារបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីសុខភាព។ រូបថត សហការី

​លោក នង ដា​វីត អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ទឹក អនាម័យ និង​អនាម័យ (WASH) នៃ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា ​បាន​​ឱ្យ​ដឹង​ថា៖ «​​បង្គន់​អនាម័យ​មិន​គ្រាន់តែ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទេ  វា​ជា​ផ្លូវ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សុខភាព ការអប់រំ និង​វឌ្ឍនភាព​សង្គម​របស់​ប្រជាជន​កម្ពុជា​»។​

អង្គការ​ទស្សនៈ​ពិភពលោក​បាន​ឱ្យដឹងថា ​សមិទ្ធផល​នេះ​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​អាទិភាព​ដល់​សុខភាព​សាធារណៈ និង​​និរន្តរភាព​បរិស្ថាន​។

តាមរយៈ​ការកែលម្អ​អនាម័យ និង​ការទទួលបាន​ទឹកស្អាត ផ្តើម​ពី​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ជួយ​ការពារ​ជំងឺ និង​គាំទ្រ​អនាគត​ដែលមាន​សុខ​ភាពល្អ​សម្រាប់​ទាំងអស់គ្នា​។​

អង្គការ​បានបន្ដថា​៖ «​​ពីមុនមក ទាំង​គ្រូ និង​សិស្ស នៅ​សាលាបឋមសិក្សា​មួយ ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​ទ្រាំទ្រ​នឹង​ការរង់ចាំ​ជា​យូរ​ដោយ​គ្មាន​បង្គន់​ប្រើប្រាស់ ដោយ​ពឹងផ្អែក​បង្គន់​អ្នកភូមិ​ដែល​នៅក្បែរ ឬ​ងាក​ទៅរក​ការ​បន្ទោបង់​ពាសវាល​ពាសកាល​»។

ការខ្វះខាត​បង្គន់​អនាម័យ​នេះ​នាំឱ្យមាន​អនាម័យ​មិនល្អ ជំងឺ​ញឹកញាប់ និង​ការរំខាន​ដល់​ការសិក្សា​។ ឥឡូវនេះ ជាមួយនឹង​ការទទួលបាន​ទឹកស្អាត និង​បង្គន់​អនាម័យ សិស្ស ជាពិសេស​សិស្សស្រី អាច​ចូលរៀន​បាន​ទៀងទាត់​ជាង​មុន និង​ផ្តោតលើ​ការសិក្សា​របស់​ពួកគេ​ដោយ​គ្មាន​ការព្រួយបារម្ភ​អំពី​សុខភាព​។

អ្នកគ្រូ សៀង គី ជា​គ្រូបង្រៀន​ថ្នាក់​ទី​៤ នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ បាន​ចែករំលែក​ថា​៖ «​ឥឡូវនេះ​យើង​សប្បាយចិត្ត និង​មាន​សុខភាព​ល្អ​ជាង​មុន​។ ការ​មាន​បង្គន់​ស្អាត​នៅ​សាលារៀន​មានន័យថា​សិស្ស​អាច​រៀន​ដោយ​មិនមាន​ការលំបាក ហើយ​មិនមាន​ជំងឺរាក​រូស​ដូច​មុន»​។​

លោក នង ដាវីត អ្នកជំនាញជាន់ខ្ពស់ផ្នែកទឹក អនាម័យ និងអនាម័យ (WASH) នៃអង្គការទស្សនៈពិភពលោកកម្ពុជា ទទួលពានកិត្ដិយសពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ រូបថត សហការី

ក្នុង​ចំណោម​ ១៨ខេត្ដ ​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​អាជ្ញាធរ​ស្រុក និង​ឃុំ​ថ្នាក់មូលដ្ឋាន កម្មវិធី ទឹកស្អាត​និង​អនាម័យ (WASH) របស់​អង្គការ​ទស្សនៈ​ពិភពលោក​កំពុង​បង្កើត​ផល​ផ្លាស់ប្តូរ​ទូទាំង​ខេត្ត​ចំនួន​៨ គឺ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ​កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប ដោយមាន​ផល​ជះ​វិជ្ជមាន​ដល់​ប្រជាជន​ជាង ៩៩៥០០០​នាក់​។

តាម​កម្មវិធី​នេះ​កំពុង​ជំរុញ​ការផ្លាស់ប្តូរ​យូរអង្វែង​ដោយ​ផ្តល់ឱ្យមាន​ការប្រើប្រាស់​ទឹកស្អាត អនាម័យ​ប្រសើរឡើង និង​ការអប់រំ​អនាម័យ​។

តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ រួមទាំង​អណ្តូងទឹក បង្គន់ និង​ស្ថានីយ​លាងដៃ កម្មវិធី​នេះ​កំពុង​បង្កើន​សុខុមាលភាព​សហគមន៍ និង​លើកកម្ពស់​ជីវិត​ដែលមាន​សុខភាព​ល្អ និង​ធន់​ជាង​មុន​៕