
ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលសមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួន។ នគរបាលជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនមុខគ្រឿងញៀនម្នាក់ដែលមានកាំភ្លើងជាប់នឹងខ្លួនទុកបាញ់ការពារនិងអ្នកពាក់ព័ន្ធសរុប ១៤នាក់ទៀត នៅស្រុកបាទីខេត្តតាកែវ។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានក្មេងទំនើងកុំឲ្យចូលឆ្នាំក្នុងគុក។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនៅថ្ងៃទី១ ខែមេសានេះថា នៅថ្ងៃទី២៩ ខែមីនា សមត្ថកិច្ចបានដេញចាប់ជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនពីរនាក់ ឈ្មោះ ហៃ ម៉េងហ័ង និង ឈ្មោះ ម៉ី ម៉ន ដែលសុទ្ធតែជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅស្រុកបាទី។
សមត្ថកិច្ចបញ្ជាក់ថា ដំបូងឡើយសមត្ថកិច្ចបានហៅជនសង្ស័យទាំងពីរឲ្យឈប់ដើម្បីឆែកឆេរ ប៉ុន្តែពួកគេមិនសហការហើយបានរត់គេច។ សមត្ថកិច្ចក៏បានដេញតាម ហើយចាប់បានជនសង្ស័យឈ្មោះហៃ ម៉េងហ័ង និងបានឆែកឆេររកឃើញវត្ថុតាង រួមមាន កាំភ្លើងខ្លី ម៉ាកឡុក ១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ៣កញ្ចប់តូច ចំណែកជនសង្ស័យឈ្មោះ ម៉ី ម៉ន រត់គេចខ្លួនបាត់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហៃ ម៉េងហ័ង បានឆ្លើយសារភាពថា កាំភ្លើងខ្លី គឺប្រើសម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនទៅតាមគោលដៅនានា ហើយទាំងគ្រឿងញៀន និង កាំភ្លើងត្រូវបានផ្ដល់ឲ្យដោយមេខ្លោងធំរបស់ខ្លួន។
ក្រោយមក នៅថ្ងៃដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សពាក់ព័ន្ធ១៤នាក់ថែមទៀត បូករួមទាំងឈ្មោះ ម៉ឺន ម៉នផង និងបានដកហូតបានគ្រឿងញៀន ដាវ និង កាំភ្លើងមួយដើមទៀតផងដែរ។ ជនសង្ស័យទាំងអស់កំពុងត្រូវបានសាកសួរនៅស្នងកការដ្ឋាននគរបាលខេត្តតាកែវ មុននឹងបញ្ជូនទៅតុលាការ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បញ្ជាក់ថា នរគបាលនឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់ ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះ។
លោក ទូច សុឃៈ បញ្ជាក់ថា លោក ស សុខា បានសមត្ថកិច្ច ចាប់ពីអគ្គស្នងការរហូតដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ឲ្យធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ និងបញ្ជូនពួកគេទៅកាន់ស្ថាប័នតុលាការដើម្បីចាត់វិធានការច្បាប់។
លោក ទូច សុឃៈ ថ្លែងថា៖ «ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះបន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថាត្រូវឋិតនៅក្នុងពន្ធនាគារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ»។
លោកបន្តថា៖ «ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គមពួកគេក៏ដូចជាយុវជនផ្សេងទៀត ទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេស»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីនា បានឲ្យដឹថា ក្នុងរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា សាលាដំបូងនិងអយ្យការអមសាលាដំបូងទូទាំងប្រទេស បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៥២ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០៥ នាក់។
លោកក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ត្រូវតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ៕