
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom ជាង ១ពាន់នាក់ បើកដំណើរការ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ថ្ងៃទី១ ខែមេសា នៅទីស្ដីការក្រសួងព័ត៌មាន។ រូបថត ហុង រស្មី
ភ្នំពេញ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់ផ្តើមដាក់ឱ្យអនុវត្ដនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ចំថ្ងៃ April Fool's Day (ថ្ងៃនៃការភូតកុហក់របស់ពលរដ្ឋបស្ចឹមប្រទេស)។ ប៉ុន្ដែយុទ្ធនាការនេះមិនមែនជារឿងលេងសើច តែជាការផ្សព្វផ្សាយ និងចាត់វិធានការចំពោះអ្នកល្មើស។
យុទ្ធនាការនេះ នឹងសំដៅធានានូវសន្តិសុខព័ត៌មាន ដែលផ្តោតទៅលើគោលសំខាន់បី គឺធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន នេត្រ ភក្ដ្រា បានថ្លែងនៅថ្ងៃបើកយុទ្ធនាការ ថ្ងៃទី១ ខែមេសា ថា៖ «យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូលបណ្ដាញទំនាក់ទំនងសង្គម ដូចជា TikTok, Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត»។
លោកបានអះអាងថា៖ «បើសិនជាមានព័ត៌មានក្លែងក្លាយផ្សព្វផ្សាយ យើងនឹងចាត់វិធានការដោយធ្វើការងារផ្ទាល់ជាមួយ Facebook និង TikTok តែម្ដង ដើម្បីបិទគណនីនោះចោល ឬបើពាក់ព័ន្ធករណីធ្ងន់ធ្ងរ [ម្ចាស់គណនី] ត្រូវប្រឈមមុខនឹងច្បាប់ ពីព្រោះនេះមិនមែនជាពេលវេលាអប់រំទៀតទេ»។
លោកបានលើកឡើងថា ការបង្កើតព័ត៌មានក្លែងក្លាយមិនមែនជាសេរីភាពនៃសារព័ត៌មាននោះទេ មិនមែនជាសេរីភាពនៃការបោះពុម្ពផ្សាយទេ តែជាការប្រព្រឹត្ដិខុសច្បាប់របស់កម្ពុជា។
ប្រភពព័ត៌មានក្លែងក្លាយ រួមមាន បណ្ដាញសង្គម AI, deep fake ប្រពន្ធផ្សព្វផ្សាយ រួមទាំង Key Opinion Leaders (Kol)/ MMO និងជនងាយរងគ្រោះ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា ចារពាក្យពេចន៍ចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ រូបថត សហការី
លោក ភក្ដ្រា បានបញ្ជាក់ថា៖ «ព័ត៌មានក្លែងក្លាយជះឥទ្ធិពលខ្លាំងគឺក្នុងចំណោមយុវវ័យ ដែលចំណេះដឹងនៅមានកម្រិត ខ្វះការផ្ទៀងផ្ទាត់ ឬខ្វះការអត់ធ្មត់ ដោយបន្ដចែករំលែក ដែលធ្វើឱ្យការយល់ច្រឡំ»។
លោករដ្ឋមន្ដ្រី បានឱ្យដឹងថា ក្រសួងព័ត៌មានបានសហការជាមួយក្រុមហ៊ុន TikTok និងបន្ដទៅក្រុមហ៊ុន Facebook ក្នុងការពង្រឹង Community Standard ឬ និយាមស្ដង់ដាសង្គមក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។
លោកបានពន្យល់ថា Community Standard គឺជានិយាមមួយសម្រាប់ប្រើប្រាស់។ ជាក់ស្ដែង ការបង្ហោះរូបភាពអាក្រាត បានបំពានទៅលើនិយាមស្ដង់ដាសង្គម រួមទាំងរូបសាកសព ឬរូបឈាម សន្ទរកថាបែបស្អប់ខ្ពើម (Hate speech) ការរើសអើងពូជសាសន៍។
ដោយលើកឡើងពីសេរីភាពសារព័ត៌មាន លោកបានថ្លែងថា៖ «យើងនឹងពង្រឹងបន្ថែមទៀតជាមួយក្រុមហ៊ុន TikTok និង Facebook ជាមួយ Community Standard នេះឱ្យបានរឹងមាំ។ យើងក៏នឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាមធ្យោបាយបន្ថែមក្នុងការចាប់ព័ត៌មានក្លែងក្លាយ»។
លោកបាននិយាយថា យុទ្ធនាការនេះមានគោលបំណងអប់រំដល់សាធារណៈ និងព័ត៌មានពិត ក៏ដូចជាចំណេះដឹងដល់ពលរដ្ឋអំពីលក្ខណៈសម្គាល់នៃព័ត៌មានក្លែងក្លាយ វាប៉ះពាល់យ៉ាងដូចម្ដេច និងត្រូវដូចម្ដេចចំពោះព័ត៌មានក្លែងក្លាយ។
លោកបានពន្យល់ថា ដើម្បីសម្គាល់ព័ត៌មានពិត ឬក្លែងក្លាយថា តើព័ត៌មាននោះមានប្រភពច្បាស់លាស់ឬអត់ ចេញពីប្រភពអង្គភាពព័ត៌មានណា គ្រាន់តែគណនី Facebook មួយចុះផ្សាយ សារព័ត៌មានផ្សេងទៀតបានផ្សព្វផ្សាយទេ។
អ្នកប្រើប្រាស់ ឬអ្នកទទួលព័ត៌មានក្លែងក្លាយមិនត្រូវចែករំលែកបន្ដ និងអាចវាយការណ៍នៅលើបណ្ដាញសង្គមនៃប្រភេទព័ត៌មានមិនពិត (Community Standard) ដែលមាននៅក្នុង Facebook រួចស្រេច។
លោកទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៤ ចំនួន ៣៦៥១ មិនទាន់ឆ្លុះបញ្ចាំងពីតួលេខជាក់ស្ដែងនោះទេ ដោយលោកបានអះអាងថា ក្នុងមួយថ្ងៃ ព័ត៌មានក្លែងក្លាយជាច្រើនប្រភេទត្រូវបានបង្ហោះ ឬផ្សព្វផ្សាយក្នុងមួយថ្ងៃៗ។
ប៉ុន្ដែលោកបានបង្ហាញព័ត៌មានក្លែងក្លាយដែលគួរឱ្យកត់សម្គាល់ និងអាចបង្កផលប៉ះពាល់ដល់សង្គម និងសុវត្ថិភាព។
លោក ភក្ដ្រា បានថ្លែងថា៖ «ព័ត៌មានក្លែងក្លាយមួយចំនួនសំដៅដល់កិច្ចការងារនយោបាយ ការទូត យោធា ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផ្លាញប្រទេសតែម្ដង ឬទាញទម្លាក់នូវជំនឿទុកចិត្ដរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល បំផ្លិចបំផ្លាញទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង បង្កើតឱ្យមានការយល់ច្រឡំ»។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងបន្ដរហូតដល់ ៣៥ រាជធានី-ខេត្ដលើរយៈពេល ១២ខែ។ រូបថត ហុង រស្មី
លោកបន្ដថា ព័ត៌មានក្លែងក្លាយទាំងនេះមានចរិតញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ដែលបញ្ឆេះកំហឹងប្រជាជន ដើម្បីបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើង។
ព័ត៌មានក្លែងក្លាយបានឈានមួយដំណាក់កាលទៀតក្នុងបណ្ដាញទំនាក់ទំនងសង្គម ជាទំនោរថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យា គឺ Cyber Bully ជាការបង្កើតឡើងដើម្បីវាយប្រហារលើផ្លូវចិត្ដ ផ្លូវអារម្មណ៍របស់បុគ្គលផ្សេងទៀត។ បញ្ហានេះអាចធ្វើឱ្យជនរងគ្រោះធ្វើអត្ដឃាត។
ព័ត៌មានក្លែងក្លាយ មាន ៣ គឺព័ត៌មានក្លែងបន្លំ (Disinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។
ទី២ ព័ត៌មានបំភ្លៃ (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។
ចំណែកទី៣ គឺព័ត៌មានភាន់ច្រឡំ (Misinformation) ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្ដកណ្ដាលក្នុងខែមេសា និងបន្ដទៅកំពង់ស្ពឺ កំពង់ឆ្នាំងនៅខែឧសភា ជាបន្ដបន្ទាប់រហូតដល់ ២៥ រាជធានី-ខេត្ដរយៈពេលមួយឆ្នាំពេញ។
លោកបានឱ្យដឹងថា៖ «ក្រោយបិទបញ្ចប់យុទ្ធនាការនៅខែមីនា ឆ្នាំ២០២៦ យើងនឹងបូកសរុបលទ្ធផលពីការអនុវត្ដ»។
លោកបានថ្លែងថា យុទ្ធនាការត្រូវបានផ្សព្វផ្សាយគ្រប់បណ្ដាញសារព័ត៌មានទាំងបុរាណ និងសម័យឌីជីថល បណ្ដាញទំនាក់ទំនងសង្គម រួមទាំងសំឡេងរោទ៍ទូរស័ព្ទ ដែលបច្ចុប្បន្នគ្របដណ្ដប់ ២០លានស៊ីមកាត។
ស្របពេលនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ដែលជាសមាគមឯករាជ្យនៃអ្នកសារព័ត៌មានកម្ពុជាដែលប្តេជ្ញាចិត្តវិជ្ជាជីវៈ បានផ្សាយរបាយការណ៍ពីស្ថានភាពសារព័ត៌មានឆ្នាំ២០២៤។
(CamboJA) បានឱ្យដឹងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនាថា នៅឆ្នាំ២០២៤ មានរបាយការណ៍ចំនួន ៤១ ករណីនៃការយាយីមកលើអ្នកសារព័ត៌មានយ៉ាងតិច ៦៤ នាក់ក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្ត្រី ២នាក់។
របាយការណ៍បានបន្ដថា៖ «នេះតំណាងឱ្យការកើនឡើង ២៨ភាគរយពីឆ្នាំ ២០២៣ ដែលមាន ៣២ ករណីដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ៥៩នាក់។ ករណីបៀតបៀនផ្លូវច្បាប់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយកើនឡើង ៨៧ភាគរយ ពី ១៥ ករណីក្នុងឆ្នាំ ២០២៣ ដល់ ២៨ ករណីក្នុងឆ្នាំ ២០២៤»៕