
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត គយគន់សូនផ្កាស្បៃរឿង ក្នុងសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសានេះ។ រូបថត ក្រសួងបរិស្ថាន
ត្បូងឃ្មុំៈ សួនផ្កាស្បៃរឿង១លានដើមបង្ហាញវត្តមាន បង្អួតសម្រស់ទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកម្សាន្ត នាឱកាសសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សួនផ្កាស្បៃរឿង ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំផ្ទាល់ ដោយលោករដ្ឋមន្រ្តីសុផល្លែត កាលពីឆ្នាំ២០២៣។
សួននេះមានបណ្តោយប្រមាណ៨០០ម និងទទឹងប្រវែង១,៥០ ម៉ែត្រ ស្ថិតក្នុងតំបន់ឧទ្យានទន្លេស្ងួត ជាមួយសមិទ្ធផលជាច្រើន ដែលលោករដ្ឋមន្រ្តីបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ។ ក្នុងនោះរួមមានសួនកម្សាន្តសម្រាប់កុមារ ទោងជិះកម្សាន្ត កន្លែងលេងកីឡា ស្រះទឹក កន្លែងអង្គុយមើលទេសភាព អំពូលសូឡាបំភ្លឺ និងការដាំដើមឈើ។
បន្ថែមពីនោះ ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលឆ្ពោះទៅការរៀបចំគោលដៅលំហែបៃតង សម្រាប់ជួយលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន និងការចូលរួមរៀបចំឱ្យឧទ្យានទន្លេស្ងួតនេះ ទៅជាសហគមន៍អព្យាក្រឹតកាបូន។

ផ្កាស្បៃរឿង១លានដើម កំពុងតែដុះលួតលាស់រីកស្រស់ បង្អួតសម្រស់លឿងទុំ ជាបណ្តើរៗ ដំណាលគ្នានឹងព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ដើម្បីថ្វាយទេវតាឆ្នាំថ្មី និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលទៅពីគ្រប់ទិសទី នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។
ក្រសួងបានលើកឡើងថា៖«សួនផ្កាស្បៃរឿងចំនួន១លានដើម បានឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រឡាញ់ ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និងបង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កិសិទិ្ធ និងជាទីសក្តារៈបូជា របស់ប្រជាពលរដ្ឋឆ្ងាយជិត»។
សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត កំពុងតែបង្កឱ្យបរិកាសជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យសប្បាយរីករាយ ជាងបណ្តាឆ្នាំមុនៗ ជាមួយកម្មវិធីសប្បាយៗជាច្រើន។
ក្នុងនោះមាន ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បៈបុរាណ សម័យ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន ១លានដើម ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ តំបន់វប្បធម៌សំខាន់ៗ មួកយក្ស ការប្រគំតន្រ្តីសម័យ និងការរាំលេងកម្សាន្ត។
លោករដ្ឋមន្រ្តីបានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ប្រជាជនខ្មែរ។
នេះសបញ្ជាក់ អំពីការលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ ការបង្ហាញពីសមិទ្ធផល កើតចេញពីការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជានៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ឧទ្យានទន្លេស្ងួត ត្រូវបានបង្កើតជាសួនកម្សាន្ត បែបធម្មជាតិ និងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពីពេលមុន ដែលមានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់។ តំបន់ប្រវត្តិសាស្រ្តនេះ មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីទីប្រជុំជននៃផ្សារអូររាំងឪ។
សួនផ្កាស្បៃរឿង មានការចូលរួមដាំ និងថែទាំ ដោយលោករដ្ឋមន្រ្តីផ្ទាល់ ថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្រុកអូររាំងឪ ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតមក៕
