
ប្រធានាធិបតីចិន ស៊ី ជីនពីង ចាប់ដៃជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពេលលោក ស៊ី ចាកចេញពីកម្ពុជា បន្ទាប់ពិដំណើរទស្សនកិច្ចនៅថ្ងៃទី១៧-១៨ ខែមេសា ២០២៥។ SHS
ការវិវត្តថ្មីនៃគម្រោងព្រែកជីកហ្វូណនតេជោ បញ្ចប់ភាពស្ងប់ស្ងាត់ និងជម្រះមន្ទិលសង្ស័យលើការដកខ្លួនរបស់ចិន បន្ទាប់ពីឯកសារកិច្ចព្រមព្រៀងនិងកិច្ចសន្យាចំនួន ៥ ត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជានិងក្រុមហ៊ុនចិន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា កាលពីថ្ងៃទី១៧ខែមេសា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ដែលបានបញ្ចប់នៅថ្ងៃទី១៨ ខែមេសានេះ កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានចុះហត្ថលេខា។
ឯកសារទាំងនោះរួមមាន កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលលោកផ្ទាល់តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក, កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, កិច្ចព្រមព្រៀងវិនិយោគ, កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

លោក ស៊ុន ចាន់ថុល ប្ដូរឯកសារកិច្ចព្រមព្រៀងជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក។ ស៊ុន ចាន់ថុល
លោក ស៊ុន ចាន់ថុល ក៏ជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោផងដែរ និងជាអ្នកបានធ្វើកិច្ចការលើគម្រោងនេះតាងពីដើមមក។
ទំព័រហ្វេសប៊ុកផ្លូវការលោកបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ គម្រោងនេះត្រូវបានគេរំពឹងទុកថានឹងចូលរួមជំរុញយ៉ាងខ្លាំងដល់វិស័យដែលនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គម្រោងព្រែកជីកនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងចំណាយ ១,៧ពាន់លានដុល្លារ ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ក្នុងចម្ងាយ ១៨០គីឡូម៉ែត្រ។ ព្រែកជីកនេះនឹងមានសមត្ថភាពឲ្យនាវាផ្ទុកទម្ងន់ ៣០០០ DWT ធ្វើដំណើរឆ្លងកាត់។
លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ»។
លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនសាងសង់ព្រែកជីកនេះ បានជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមេសានេះ ដោយលោកបានបញ្ជាក់ពីសុទិដ្ឋិនិយម នៃការអនុវត្តគម្រោងនេះដែលមានរយៈពេលសាងសង់ ៤ឆ្នាំ។
លោក វ៉ាង តុងចូវ បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការសាងសង់ព្រែកជីកនេះ ឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ «ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ដៃជាមួយលោក Wang Tongzhou ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)។ STPM
លោក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការឯកភាពលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗទាំង ៥ សម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ និងជឿជាក់ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយជោគជ័យតាមផែន។
យ៉ាងណាក៏ដោយ នៅក្រោយការបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហាឆ្នាំមុន គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់ ទោះបីជារដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមការងាររបស់រដ្ឋាភិបាល ក្រសួងស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធបានធ្វើការងារពាក់ព័ន្ធជាច្រើន ជាពិសេសការដោះស្រាយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ។
សកម្មភាពមិនសូវលេចធ្លោនៃគម្រោងនេះកន្លងមក បាននាំឲ្យមានការសង្ស័យពីសារព័ត៌មានអន្តរជាតិខ្លះថា គម្រោងនេះជាប់គាំង ខណៈដែលចិនបានជួបនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន និងមិនបានអនុម័តកម្ចីណាមួយសម្រាប់កម្ពុជានៅក្នុងឆ្នាំ២០២៤កន្លងទៅ។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការសាងសង់ព្រែកជីកគឺជាការងារថ្មីដែលកម្ពុជាមិនធ្លាប់ឆ្លងកាត់ ដែលទាមទារការសិក្សាយ៉ាងលម្អិត និងចំណាយពេលច្រើន ទៅលើការដោះស្រាយផលប៉ះពាល់ និងការចំណាយពេលលើបញ្ហាបច្ចេកទេសពាក់ព័ន្ធ។
លោកថ្លែងថា៖ «ប៉ុន្តែ ជាក់ស្ដែង គម្រោងនេះបានដំណើរការមកជាហែហូរមកហើយ មិនមែនទើបតែពេលនេះទេ គ្រាន់តែថា ដំណើរការនោះត្រូវការពេលវេលាទៅលើបញ្ហាផ្សេងៗ។ ហើយឥឡូវនេះកិច្ចព្រមព្រៀងនេះបានបញ្ជាក់ច្បាស់ហើយសម្រាប់សាធារណជន អ្នកវិភាគ និងសារព័ត៌មានទាំងឡាយ អំពីភាពជាក់លាក់នៃដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលជាគម្រោងធំមហិមា គម្រោងថ្មីមិនធ្លាប់មានសម្រាប់កម្ពុជា ដែលនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន»៕