ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈកម្ពុជា និង​គណៈ​​​ប្រតិភូ​ក្នុង​វិស័យ​ភាពយន្ត​ចិន បាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់​ដើម្បី​បើកផ្លូវ​ឱ្យ​មានកិច្ចសហការ​ក្នុង​វិស័យ​ភាពយន្ដ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស ការ​កៀរគរ​ផលិតកម្មភាពយន្ដ​ចិន​មក​ផលិត​ភាពយន្ដ​ខ្លួន​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​។

ការ​ត្រួសត្រួយ​ផ្លូវ​ក្នុង​វិស័យភាពយន្ដ​នេះ ត្រូវបាន​ធ្វើ​ឡើង​រវាង​លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គណ​:​ប្រតិភូ​ភាពយន្ត​ចិន ដឹកនាំ​ដោយ​លោកស្រី Zhang Xuxia នាយិកា​រង​បណ្ណសារ​ភាពយន្ត​ចិន លោក Xu Yang ប្រធានផ្នែកទំនាកទំនងអន្តរជាតិនៃរដ្ឋបាលភាពយន្ត កាលពី​ថ្ងៃទី​១៧ ខែមេសា​ម្សិលមិញ​។

លោក​ ទូច បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា៖ «​យើងបាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​មួយក្នុង​កិច្ចសហ​ប្រតិបត្ដិការ​ក្នុង​វិស័យ​ភាពយន្ដ​។ យើង​សង្ឃឹមថា វិស័យ​ភាពយន្ដ​នឹង​មានកិច្ចសហ​ប្រតិបត្ដិការ​បាន​ច្រើន​ ដោយ​យើង​មាន​គោលបំណង​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​ប្រទេស​ចិន ដើម្បី​កៀរគរ​ផលិតកម្មភាពយន្ដ​ចិន​មក​ផលិតភាពយន្ដ​នៅ​កម្ពុជា​»។


លោកបាន​បន្ដថា កម្ពុជា​-ចិន​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​វិស័យភាពយន្ដ​ និង​ការ​បណ្ដុះ​បណ្ដាលផ្សេងៗ​ជុំ​វិញ​ការ​ផលិតភាពយន្ដ​រវាង​ប្រទេស​ទាំងពីរ​។

លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គណ​:​ប្រតិភូ​ភាពយន្ត​ចិន ដឹកនាំ​ដោយ​លោកស្រី Zhang Xuxia នាយិកា​រង​បណ្ណសារ​ភាពយន្ត​ចិន ក្នុងពេល​ចុះ​ហត្ថលេខាលើ​អនុស្សារណៈ​​នៃការ​យោគ​យល់​កាលពី​ម្សិលមិញ។ រូបថត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​


លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ដ និង​សិល្បៈ​​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹងថា ការ​ចុះ​ MoU នេះ​គឺ​ការបើក​ផ្លូវ​ដើម្បី​ឱ្យ​មាន​កិច្ច​សហការ​ក្នុង​វិស័យ​ភាពយន្ដ​ រួមមាន ការ​បណ្ដុះបណ្ដាល ការ​ផ្លាស់ប្ដូរ​សកម្មភាព​នៃការ​រៀបចំ​កម្មវិធីភាពយន្ដ​នៃ​ប្រទេស​ទាំងពីរ​។

លោក​បាន​និយាថា ការ​ផលិតភាពយន្ដ​ចិន​នេះ​ជាការ​ផ្សព្វផ្សាយ​ដ៏សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​។ ទេសចរ​នៃ​ប្រទេស​មួយចំនួន​កំណត់​គោលដៅ​ទេសចរណ៍​តាម​រយៈ​ការ​ទស្សនា​ភាពយន្ដ​។

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​យើង​ព្យាយាម​សម្របសម្រួល​នីតិវិធី​ផ្ទៃ​ក្នុង​ដើម្បី​ពន្លឿន សម្រួល​ដោយ​ធ្វើ​យ៉ាង​ណា​ផលិតករ​អន្ដរជាតិ​មាន​ភាព​ងាយស្រួល​ ហើយ​យើង​ខិតខំ​ពង្រឹង​ធនធាន​មនុស្ស​ក្នុងការ​បម្រើ​ដល់​ការ​ជំរុញ​ផលិតករ​បរទេស​ផង​ដែរ​»។

ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៥៨ បណ្ណសារ​ភាពយន្ត​ចិន (​ហៅ​កាត់​ថា CFA) បាន​ចូលរួម​ជាមួយ​សហព័ន្ធ​អន្តរជាតិ​នៃ​បណ្ណសារ​ភាពយន្ត (​ហៅ​កាត់​ថា FIAF) ក្នុងនាម​ជា​សមាជិក​តាំងពី​ឆ្នាំ ១៩៨០​។

ជាង ៣ម៉ឺន​ចំណងជើង​នៃ​ភាពយន្ត​ចិន និង​បរទេស​គ្រប់សម័យ​កាល​​ត្រូវបាន​រក្សាទុក​នៅក្នុង​បណ្ណាល័យ​ CFA ចំនួន​ពីរ​ដែលមាន​ទីតាំងនៅ​ប៉េកាំង និង​ស៊ី​អាន​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សិល្បៈ​ភាពយន្ត​របស់​ប្រទេស​ចិន​បាន​សហការគ្នាជាមួយ CFA តាំងពី​ឆ្នាំ១៩៨៤​។ បណ្ណសារ​ភាពយន្ត​ចិន​គឺជា​ស្ថាប័ន​ជាតិ​តែមួយគត់ ដែល​ធ្វើ​​ការអភិរក្ស​បេតិកភណ្ឌ​ភាពយន្ត​​ ការស្រាវជ្រាវ​ភាពយន្ត និង​ការផ្លាស់ប្តូរ​វប្បធម៌​។

បណ្ណសារ​ភាពយន្ត​ចិន ​ក៏​ពាក់ព័ន្ធ​នឹង​មុខងារ​ជាច្រើន រួមទាំង​ការអប់រំ​ក្រោយ​ឧ​ត្ត​មសិ​ក្សា ការបោះពុម្ពផ្សាយ​តាម​កាលកំណត់ ល្ខោន​សិល្បៈ បណ្ណសារ និង​កាតាឡុក​ជាដើម​៕