ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​កោត​សរសើរ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ ក្នុង​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុស​ច្បាប់ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា។

លោក​ ស៊ី ថែម​ទាំង​បាន​​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​​ការ​សម្រប​សម្រួល និង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ល្បែង​ឆ្លង​ដែន​ខុស​ច្បាប់ ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​រត់​ពន្ធ​មនុស្ស និង​ការ​ក្លែង​បន្លំ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​បង្ក្រាប​បទ​ល្មើស​តាម​អនឡាញ ដូចជា ល្បែង​ស៊ីសង​តាម​អនឡាញ​ខុស​ច្បាប់ ការ​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​ជា​ដើម ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ជា​អ្នក​ដឹក​នាំ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ទាំង​នេះ​ផ្ទាល់។


ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ​និង​សន្តិសុខ ភាគី​ចិន​និង​កម្ពុជា​បាន​ឯកភាព ពង្រឹង​យន្តការ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេស​ទាំងពីរ ​រក្សា​ការ​ផ្លាស់​ប្តូរ ទស្សនកិច្ច​ជា​ញឹកញាប់​នៅ​គ្រប់​កម្រិត និង​បង្កើន​សកម្មភាព​កិច្ច​សហ​ប្រតិបត្តិការ​ រួម​ទាំង​ការ ហ្វឹកហ្វឺន ​និង​សមយុទ្ធ​រួម។ សមយុទ្ធ​រួម​ទាំង​នោះ​មាន​ដូចជា​ការ​សង្គ្រោះ​បន្ទាន់ ការ​ជួយ​សង្គ្រោះ​ក្នុង​គ្រា​មហន្តរាយ និង​ការ​កែ​លម្អ​ផ្នែក​សេវា​វេជ្ជសាស្ត្រ និង​ភស្តុភារកម្ម ជា​ដើម។

កាល​ពី​ថ្ងៃ​ទី៥ ខែមេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា-ចិន និង​ផែរាម ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ក្រោម​ជំនួយ​របស់​ចិន។ មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា-ចិន នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​រួម​កម្ពុជា ចិន ចាប់​ពី​ឆ្នាំ​២០២៥​នេះ​តទៅ។


ចំពោះ​ជំនួយ​របស់​ចិន​លើ​ការ​បោស​សម្អាត​មីន ក្រសួង​ការបរទេស​ថ្លែង​ថា៖ «កម្ពុជា​បាន​វាយ​តម្លៃ ខ្ពស់​ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់​ចិន ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​ផ្តល់​ឧបករណ៍​បោស សម្អាត​មីន ដើម្បី​ជួយ​កម្ពុជា​ឱ្យ​សម្រេច​គោល​ដៅ​កម្ពុជា​មិន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម»។

សម្រាប់​កិច្ច​សហប្រតិបត្តិការ​សកល កម្ពុជា​និង​ចិន​ក​បាន​ទទួល​ស្គាល់​ការ​គំរាម​កំហែង​ជាសកល​ដែល​បង្ក ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​ប្តេជ្ញា​ពង្រឹង​ការ​ការពារ​បរិស្ថាន ជំរុញ​កិច្ចសហការ ​ថាមពល​ស្អាត រួម​មាន​វារីអគ្គិសនី ​ថាមពល​ព្រះអាទិត្យ និង​ថាមពល​ខ្យល់៕