តាកែវៈ រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់ ឬបន្លាយួន ត្រូវបានកម្ចាត់លើផ្ទៃដីទំហំជាង១០០ហិកតា នៅតំបន់ការពារទេស​ភាពបឹងព្រែកល្ពៅ ក្នុងស្រុកកោះអណ្ដែត និងបូរីជលសារ ដើម្បីស្តារទីជម្រក ដែលផ្តល់ជាប្រយោជន៍ដល់សត្វព្រៃ និងមនុស្ស។

ការកម្ចាត់រុក្ខជាតិចង្រៃនេះ ធ្វើឡើងដោយប្រជាពលរដ្ឋមូលដ្ឋានចំនួន២០រូប នៅក្នុង និងជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោមការដឹកនាំ ដោយមន្ទីរបរិស្ថានខេត្តតាកែវ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្ស កាលពីខែកុម្ភៈ និងដើមខែមេសា ឆ្នាំ២០២៥នេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)នាថ្ងៃទី១៦ ខែមេសា បានពន្យល់ពីមូលហេតុ ដែលចាំបាច់កម្ចាត់បន្លាអួយយ៉ាស់(Mimosa pigra)ថា បន្លាអួយយ៉ាស់ ជាប្រភេទរុក្ខជាតិរាតត្បាតយ៉ាងឆាប់រហ័សដែលមានប្រភពមកពីតំបន់អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។ វាកំពុងរាតត្បាតក្នុងបណ្ដាប្រទេសជាច្រើនក្នុងតំបន់ត្រូពិច។


អង្គការបញ្ជាក់ថា៖«រុក្ខជាតិនេះដុះរាតត្បាតលុបលើប្រភេទក្នុងតំបន់ ធ្វើឱ្យបាត់បង់ទីជម្រកធម្មជាតិ និងជីវៈចម្រុះ(ប៉ះពាល់ដល់ឋានប្រព័ន្ធ)។ ជាពិសេសក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅធ្វើឱ្យទីវាលរកចំណីរបស់សត្វក្រៀលរួមតូច ដែលបំប្លែងវាលស្មៅទៅជាគុម្ភោធព្រៃ»។ ដូចនេះ ការកម្ចាត់រុក្ខជាតិទន្ទ្រាននេះ គឺជាការចាំបាច់បំផុត ដើម្បីស្តារទីជម្រក និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិញ ដើម្បីជាប្រយោជន៍ដល់សត្វព្រៃ និងមនុស្ស។


បន្លានេះអាចដុះលើប្រភេទដីមានជីវជាតិទាប ស្ទើរគ្រប់សណ្ឋានដី ដែលតែងដុះជាគុម្ព និងអាចមានកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយកំពុងមានវត្ដមានច្រើនតាមតំបន់ទំនាប តំបន់ដីសើម ដងប្រឡាយ ព្រែក និងបឹងបួរជាច្រើនទៀត ក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។

កំណើននៃពពួកទន្ទ្រានប្រភេទនេះជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើជីវចម្រុះ ទីជម្រក និងជីវភាពប្រជាជនផងដែរ។ ជាក់ស្ដែង បន្លាអួយយ៉ាស់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងសម្បុកពងកូនរបស់មច្ឆាជាតិ និងរំខានដល់ការរកចំណីប្រភេទសត្វស្លាបទឹកផងដែរ។

ជារៀងរាល់ឆ្នាំការកម្ចាត់រុក្ខជាតិនេះបានធ្វើឡើងចំនួន ២ដង គឺនៅមុនរដូវទឹកជន់លិច និងបន្ទាប់ពីទឹកជំនន់ស្រកហើយសត្វក្រៀលបានផ្លាស់ទីចេញអស់ពីតំបន់ការពារ។

ក្នុងការកម្ចាត់នេះ ដើមនិងផ្លែរុក្ខជាតិបន្លាអួយយ៉ាស់នេះ ត្រូវបានកាត់យ៉ាងយកចិត្តទុកដាក់។ ដំណាក់កាលដំបូង សមាជិកមួយក្រុមត្រូវកាត់ផ្លែថ្នមៗ និងប្រមូលដាក់ក្នុងថង់ដាច់ដោយឡែក។ បន្ទាប់មកសមាជិកមួយក្រុមទៀតចាប់ផ្ដើមកាប់រំលំដើមរុក្ខជាតិនេះ ឱ្យដល់ដីតាមដែលអាចធ្វើទៅបាន។

លទ្ធផល នៃការកំចាត់ចុងក្រោយនេះ ពួកគេប្រមូលផ្លែរុក្ខជាតិនេះបានចំនួន១៣៥ថង់ ដែលថង់១ មានទម្ងន់៥គីឡូក្រាម ហើយយកទៅរក្សារទុក ដើម្បីដុតបំផ្លាញចោលដោយប្រុងប្រយ័ត្ន។

សកម្មភាពដូចគ្នានេះ នឹងត្រូវធ្វើឡើងម្ដងទៀតនាមុនពេលទឹកជំនន់ចូលមកដល់ ក្នុងខែកក្កដា ឬខែសីហាខាងមុខនេះ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅទំហំ ៨ ៣០៥ ហិកតា ផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែប។ វាជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង៕