
នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) Bungo និង Etazima កំពុងចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ ស្ថានទូតជប៉ុន
នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ចំនួនពីរគ្រឿងឈ្មោះ Bungo និង Etazima កំពុងចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម។ នាវាទាំងពីរគឺជានាវាដំបូងគេដែលចូលចតនៅកំពង់ផែនេះបន្ទាប់ពីត្រូវបានធ្វើទំនើបកម្មក្រោមជំនួយរបស់ចិន។
នាវា Bungo និង Etazima ត្រូវបានបញ្ជូនទៅក្នុងបេសកកម្មទស្សនកិច្ចនៅប្រទេសចំនួន ១១ ចាប់ពីទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា រហូតដល់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលបានចេញដំណើរតាំងពីខែមករា ឆ្នាំ២០២៥។
លោកស្រី Miyoshi Asagi ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា៖ «ការចូលចតនៃនាវាទាំងពីរនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជា»។
លោកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ទាំងពីរនឹងចតនៅកំពង់ផែរាមរហូតដល់ថ្ងៃទី២២ ខែមេសា ប្រសិនបើមិនមានការផ្លាស់ប្តូរកម្មវិធីអ្វីទេនោះ។
លោកស្រីបន្តថា៖ «ដំណើរនៃនាវាជប៉ុនទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ សណ្តាប់ធ្នាប់អន្តរជាតិបើកចំហ និងសេរីផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងការអភិវឌ្ឍនៃសណ្ដាប់ធ្នាប់និងច្បាប់ទាំងនេះ»។
យោងតាមលោកស្រី Miyoshi កងនាវិកនៃនាវាទាំងពីរបានធ្វើសមយុទ្ធមិត្តភាព ផ្លាស់ប្តូរទស្សនៈ និងសកម្មភាពផ្សេងទៀតជាមួយប្រទេសដែលបានទៅទស្សនា ដែលនឹងពង្រឹងទំនាក់ទំនងជាមួយសមភាគី។

លោកស្រីបន្ថែមថា៖ «យើងជឿជាក់ថា គំនិតផ្តួចផ្តើមបែបនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្រប់ប្រទេស រួមទាំងជប៉ុន និងកម្ពុជា ដោយបង្កើនទំនុកចិត្ត និងសេចក្តីទុកចិត្តគ្នាក្នុងចំណោមប្រជាជនពាក់ព័ន្ធ។ វានឹងនាំទៅដល់ការធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។

លោកស្រី មីយ៉ូស៊ី បានលើកឡើងថា ទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិ បានរីកចម្រើនយ៉ាងខ្លាំង ដោយសារការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកស្រីបាននិយាយថា៖ «យើងរីករាយដែលបានឃើញការទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមដែលត្រូវបានជួសជុលនេះ។ យើងដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈបើកមូលដ្ឋាននេះសម្រាប់គ្រប់ប្រទេស។ ដូច្នេះ យើងសង្ឃឹមថា ការចូលចតនៃនាវា JMSDF នៅពេលនេះនឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅរកគោលដៅនេះ»។

មូលដ្ឋានកងទ័ពជើងទឹករាមដែលបានធ្វើទំនើបកម្ម រួមទាំងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងកំពង់ផែរាមដែលត្រូវបានធ្វើឲ្យទំនើប ទទួលបានការគាំទ្រពីភាគីចិន។ មូលដ្ឋានទ័ពជើងទឹកនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែមេសាកន្លងទៅ។ រដ្ឋាភិបាលកម្ពុជាបានសន្យាអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ និងនឹងបើកទទួលសំណើសុំចូលចតពីសំណាក់ប្រទេសទាំងអស់៕