កំពង់ឆ្នាំងៈ ស្ថាប័នពាក់ព័ន្ធនឹងប្រជុំនៅថ្ងៃអង្គារ ស្អែកនេះ ដើម្បីពិភាក្សា រកដំណោះស្រាយ ជាលក្ខណៈបច្ចេកទេសលម្អិត ដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជនមួយ ក្នុងក្រុងកំពង់ឆ្នាំង ដែលបានចាក់ដីលើកជាទំនប់ ចូល​ក្នុងទន្លេសាបប្រវែងប្រមាណ៧០ម៉ែត្រ ក្នុងភូមិចុងកោះ សង្កាត់ផ្សារក្រោម។

អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប លោកហ៊ែល តូនីបានឱ្យដឹងថា ជំហររបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរទន្លេសាប គឺឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវតែធ្វើការកាយដីដែលខ្លួនបានចាក់ចូលនោះចេញវិញ ដើម្បីរក្សាលំហូរទឹកតាមធម្មជាតិរបស់ទន្លេ ការពារប្រព័ន្ធអេកូឡូស៊ី គោរពទៅតាមគោលការណ៍ច្បាប់ផង និងលក្ខណៈបច្ចេកទេសផងដែរ។

លោកមានប្រសាសន៍ នាថ្ងៃចន្ទ ទី២១ ខែមេសាថា៖«ស្អែកយើងនឹងជួបប្រជុំសម្រេចនៅខេត្ត ពិភាក្សារឿងបច្ចេកទេស។ ថាតើត្រូវដាក់ទុយោយ៉ាងម៉េច អីយ៉ាងម៉េច ប៉ុន្តែរឿងគាត់កាយ ត្រូវតែកាយចេញហើយ។ យើងមិនអនុញ្ញាតឱ្យនៅរាំងមុខទឹកអ៊ីចឹងទេ។ វាអាក្រក់មើល ហើយ ក៏វាជាទម្លាប់អាក្រក់។ បើគាត់ធ្វើបាន ប្រជាព​លរដ្ឋ ក៏គាត់ធ្វើបានដែរ»។


លោកបានបន្តដូច្នេះថា៖«យើងមានច្បាប់ធនធានទឹក ដែលចែងនៅមាត្រាទី១២ និងមាត្រាទី៣៦ គឺមិនអនុញ្ញាតអ៊ីចឹងទេ។ គាត់ខុសច្បាប់ទាំងស្រុងហើយ ..ដូចដាក់រណាំងបាំងលំហូរទឹកធម្មជាតិរបស់ទន្លេអ៊ីចឹង។ វានឹងពាក់ព័ន្ធការធ្វើឱ្យគោករាក់ទៅថ្ងៃមុខ។ រឿងនេះរឿងទន្លេសាប មិនមែនជារឿងធម្មតាទេ។ រឿងបឹងទន្លេសាប រឿងប្រវត្តិសាស្រ្ត»។

កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសានេះ លោកហ៊ែល តូនី រួមជាមួយ លោកអ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ លោកលី ស៊ីណូ អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក, លោកសរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យករណីចាក់ដីចូលក្នុងទន្លេសាបនេះ។ ការចុះពិនិត្យនេះ គឺធ្វើទៅតាមការណែនាំ របស់រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា ដែលជាប្រធានអាជ្ញាធរទន្លេសាប។


ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ក៏បានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយ ចំពោះករណីក្រុមហ៊ុនទឹកស្អាតចាក់ដីបំពានចូលទន្លេសាប ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិរបស់ទន្លេសាប។ នេះ ជាបទល្មើស ដែលមានចែងក្នុងមាត្រាទី ១២ និងមាត្រាទី ៣៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាវិធានការ ក្រុមការងារតម្រូវឱ្យក្រុមហ៊ុនកាយដី ដែលបានចាក់ចូលទន្លេសាបចេញ និងរៀបចំឱ្យដូចស្ថានភាពដើមវិញ។ ទោះយ៉ាងណា កិច្ចប្រជុំបច្ចេកទេសនៅថ្ងៃស្អែកនេះ នឹងជួយផ្តល់ជាដំណោះស្រាយដល់ក្រុមហ៊ុន ក្នុងការបន្តផ្គត់ផ្គង់ទឹកស្អាត ដើ​ម្បីបម្រើសេចក្តីត្រូវការប្រចាំថ្ងៃដល់ពលរដ្ឋ ដោយបញ្ចៀសហេតុផលប៉ះពាល់ ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប។

លោកតូនី ក៏បានឱ្យដឹងផងដែរថា អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួងធនធានទឹកគាំទ្រជានិច្ច ចំពោះវិស័យទឹកស្អាត។ វិស័យទឹកស្អាតនេះ គឺជាវិស័យអាទិភាព ដែលត្រូវតែជំរុញឱ្យដំណើរការ ដើម្បីឱ្យពលរដ្ឋទទួលបានការប្រើប្រាស់ទឹកស្អាត។

លោកបញ្ជាក់ថា៖«យើងគាំទ្រចំពោះគោលនយោបាយរាជរដ្ឋាភិបាល ក៏ប៉ុន្តែជំហររបស់យើង មិនគាំទ្រនូវការធ្វើណាមួយ ដែលបង្កការប៉ះពាល់ដល់លំហូរទឹកធម្មជាតិនោះទេ។ យើងឱ្យកាយចេញ​ ក៏ប៉ុន្តែដើម្បីភាពឈ្នះៗ យើងនឹងជជែកគ្នាទៅលើក្រមខណ្ឌបច្ចេកទេស គាត់ត្រូវធ្វើយ៉ាងម៉េចៗ។ ឥលូវចាំមើលលទ្ធផលកិច្ចប្រជុំស្អែកសិន»។

តំណាងក្រុមហ៊ុនបានបំភ្លឺថា ការចាក់ដីលើកជាទំនប់នេះ គឺដើម្បីការពារម៉ាស៊ីនបូមទឹក ពីការរំខានដោយកំប្លោកក្នុងទន្លេ សម្រាប់បូមទឹកយកមកបម្រើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ដែលខ្វះខាតទឹកស្អាតក្នុងរដូវប្រាំង ដោយពុំមានចេតនាហ៊ុមព័ទ្ធយកដីជាកម្មសិទ្ធិនោះទេ។ នេះបើយោងតាម លោកអ៊ុក វុទ្ធី៕

ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះពិនិត្យ ករណីចាក់ដីចូលក្នុងបឹងទន្លេសាប ដែលលើកជាទំនប់ប្រវែងប្រមាណ៧០ម៉ែត្រ ក្នុងភូមិចុងកោះ សង្កាត់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង។ រូបថត អាជ្ញាធរទន្លេសាប