
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី Jyotsana Varma នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា កាត់ខ្សែបូរដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅថ្ងៃទី២១ ខែមេសា ២០២៥។ STPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយបកទៅលើអ្នកវិភាគនៅក្រៅស្រុកដែលបានលើកឡើងថា កម្ពុជាបានឲ្យចិនត្រួតត្រាប្រទេសទាំងស្រុងតាមរយៈសេចក្ដីថ្លែងការណ៍រួមកាលពីសប្ដាហ៍មុន។ លោកថា ការអះអាងបែបនេះគឺជាការក្បត់នឹងសច្ចភាព។
លោកនាយករដ្ឋមន្ត្រីថា មានអ្នកវិភាគដែលលោកមិនលើកឈ្មោះបានធ្វើសំយោគទៅលើសេចក្ដីថ្លែងការណ៍រួមរបស់កម្ពុជានិងចិនអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាកាលពីសប្ដាហ៍មុន ដោយអះអាងចោទប្រកាន់ថា កម្ពុជាបានប្រគល់ប្រទេសឲ្យចិនគ្រប់គ្រង។
លោក ហ៊ុន ម៉ាណែត៖ «អស់លោកមើលកន្លែងណាដែលថា កម្ពុជាបានយកប្រទេសដាក់ទៅឲ្យចិនត្រួតត្រា នៅពេលដែលខ្លឹមសារនៅក្នុងនោះនិយាយថា គេគោរពឯករាជភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ការមិនប្រកាន់សច្ចធម៌បែបនេះ ខ្ញុំថាអ្នកឯងកំពុងជីកដីកប់ខ្លួនឯងហើយ»។
លោកបានលើកឡើងពីបញ្ហានេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កសាងក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់ ១០លានដុល្លារ។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ហើយភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមបង្ហាញពីកិច្ចសហប្រតិបត្តិការនិងមិត្តភាពដែកថែប។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានឯកសារកិច្ចព្រមព្រៀងក្នុងវិស័យផ្សេងៗប្រមាណ ៤០ ត្រូវបានចុះហត្ថលេខា ហើយភាគីទាំងពីរបានប្ដេជ្ញាកសាងសហគមន៍ជោគវាសនារួម «គ្រប់រដូវកាល»។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ភាគីចិនក៏បានបង្ហាញការគាំទ្រទៅលើគម្រោងព្រែកជីកហ្វូណនតេជោ ផងដែរ ដោយក្រុមហ៊ុនសំណង់គមនាគមន៍ចិន (CCCC) បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគទៅលើគម្រោងព្រែកជីកនេះក្នុងរូបភាពជា ដៃគូរដ្ឋនិងឯកជនក្នុងទឹកប្រាក់ ១១៥៦ពាន់លានដុល្លារ។
លោក ហ៊ុន ម៉ណែត ក៏បានបដិសេធការលើកឡើងរបស់អ្នករិះគន់ដែលថា ការវិនិយោគទុនរបស់ចិននឹងធ្វើឲ្យកម្ពុជាបាត់បង់ឯករាជ្យ និងអធិបតេយ្យភាព។ លោកចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំ ហើយក្រុមហ៊ុនចិនមាននៅក្នុងប្រទេសជាច្រើន ទាំងនៅក្នុងតំបន់អាស៊ាន និងសូម្បីនៅសហរដ្ឋអាមេរិក។
លោកក៏បានបញ្ជាក់ពីការមិនប៉ះពាល់ទៅលើឯករាជ្យ អធិបតេយ្យភាពកម្ពុជាតាមរយៈជំនួយពីចិនសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ។
លោកថា កំពង់ផែរាមនឹងទទួលស្វាគមន៍នាវាមកពីប្រទេសវៀតណាម ឥណ្ឌា និងរុស្ស៊ី នាពេលឆាប់ៗនេះ ដោយប្រទេសទាំងនេះបានស្នើសុំចូលចតនៅកំពង់ផែនេះរួចហើយ។ នាវាមកពីអាមេរិកក៏នឹងចូលចតផងដែរ។
នាពេលនេះ នាវាជប៉ុនពីរគ្រឿងកំពុងចតនៅកំពង់ផែកងទ័ពជើងទឹករាម ហើយគ្រោងនឹងចាកចេញចេញនៅថ្ងៃទី២២ ស្អែកនេះ បន្ទាប់ពីបានចូលចតនៅថ្ងៃទី១៩ខែមេសា។ នាវាទាំងពីរគឺជានាវាដំបូងគេដែលទទួលបានការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែនេះ។
លោក ហ៊ុន ម៉ាណែត៖ «ជាក់ស្ដែង កប៉ាល់ជប៉ុនចូលមក កំពុងតែធ្វើសហប្រតិបត្តិការជាមួយយើង ហើយគ្មានពីណាថាអីទេ ចិនក៏យើងមិនជំទាស់ ព្រោះជាសិទ្ធិរបស់យើង។ ខ្ញុំសុំបញ្ជាក់ចំណុចនេះ»។
លោកលើកឡើងជាថ្មីថា កម្ពុជារាប់អាន និងធ្វើទំនាក់ទំនងជាមួយប្រទេសទាំងអស់ មិនថា ចិន ឬអាមេរិកនោះទេ ដើម្បីទាញយកផលប្រយោជន៍ជូនកម្ពុជានិងប្រជាពលរដ្ឋ៕