រូប​ចម្លាក់​ព្រះ​នារាយណ៍ ឬ ព្រះ​វិស្ណុ ​ធ្វើ​ពី​សំរឹទ្ធ​ត្រូវ​បាន​ជួល​ជុល​រួច​រាល់​ និង​កំពុង​ត្រូវ​បាន​រៀប​ចំ​ដាក់​នៅ​សារមន្ទីរ​ជាតិ Guimet ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​តាំង​ពិព័រណ៍​ពី​ថ្ងៃ​ទី៣០ ខែ​មេសា ដល់​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៥។

ចម្លាក់​ព្រះ​នារាយណ៍​ត្រូវ​បាន​កសាង​នៅ​សតវត្សរ៍​ទី​១១ ហើយ​ត្រូវ​បាន​យក​ចេញ​ពី​ប្រាសាទ​មេបុណ្យ​ខាង​លិច​ដែល​ស្ថិត​នៅ​កណ្ដាល​បារាយណ៍​ទឹក​ថ្លា​ក្នុង​ខេត្ត​សៀម​រាប។ ចម្លាក់​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បារាំង​រក​ឃើញ​នៅ​ឆ្នាំ​១៩៣៦។ ចុង​ក្រោយ​ចម្លាក់​នេះ​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៤ ចម្លាក់​ដែល​ដើម​ឡើយ​​មាន​ប្រវែង​រហូត​ដល់​ទៅ ៥​ម៉ែត្រ​នេះ​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​ជួស​ជុល​និង​ផ្គុំ​ជាមួយ​នឹង​បំណែក​ចំនួន ៣៩ដុំ។


លោក វន នឿន អនុប្រធាន​ការិយាល័យ​អភិរក្ស​នៃ​នាយដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ទទួល​បន្ទុក​ រោង​ជាង​អភិរក្ស និង​ជួស​ជុល​វត្ថុ​ធ្វើ​ពី​លោហៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រូប​ព្រះ​វិស្ណុ​ត្រូវ​បាន​ជួសជុល​រួច​រាល់​តាម​តែ​អាច​ធ្វើ​បាន ហើយ​ត្រូវ​បាន​ដឹក​ចេញ​ពី​ទីក្រុង​ Nantes ទៅ​ទីក្រុង​ប៉ារីស​ដើម្បី​ដាក់​តាំង​ពិព័រណ៍​នៅ​សារមន្ទីរ​ Guimet។


លោក​បញ្ជាក់​ថា ពិធី​បើក​​ពិព័រណ៍​ព្រះ​វិស្ណុ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែ​មេសា នេះ ដោយ​មាន​ថ្នាក់​ដឹកនាំ​ពី​ក្រសួង​វប្បធម៌​ចូល​រួម​ ប៉ុន្តែ​ការ​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​មេសា រហូត​ដល់​ចុង​ខែ​កញ្ញា។

សម្រាប់​ការ​ជួស​ជុល​ចម្លាក់​ព្រះ​នារាយណ៍​នេះ លោក វន នឿន បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ក្នុង​គម្រោង​ជួស​ជុល​នេះ គឺ​យើង​បាន​ធ្វើ​ការ​លាង​សម្អាត​យក​ដី និង​សំណល់​ផ្សេងៗ​ដែល​ជាប់​នៅ​លើ​ផ្ទៃ។ ចំណែក​បំណែក​ដែល​មាន បំណែក​ណា​ដែល​ផ្គុំ​ទៅ​ត្រូវ​គ្នា យើង​ផ្គុំ​បញ្ចូល​គ្នា។ បំណែក​ណា​ដែល​ត្រូវ​នឹង​ដង​ខ្លួន​ធំ​របស់​ព្រះ​វិស្ណុ យើង​យក​ទៅ​ផ្គុំ​នឹង​ដង​ខ្លួន ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​រូប​ភាព​ខាង​លើ»។

លោក​បន្ត​ថា ក្នុង​ចំណោម​បំណែក​ទាំង ៣៩ ក៏​មាន​បំណែក​ដែល​ផ្គុំ​ទៅ​មិន​ត្រូវ​គ្នា​ផង​ដែរ ហើយ​ត្រូវ​បាន​រក្សា​ទុក។

បើ​តាម​លោក វន នឿន​ បន្ទាប់​ពី​តាំង​ពិព័រណ៍​នៅ​ប្រទេស​បារាំង​រួច​ រូប​ចម្លាក់​នេះ​នឹង​ត្រូវ​ដឹក​ទៅ​តាំង​បង្ហាញ​ជា​ច្រើន​កន្លែង​ទៀត​នៅ​សហរដ្ឋ​អាមេរិក​រហូត​ដល់​ឆ្នាំ​២០២៧៕