
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅវិមានសន្តិភាព ថ្ងៃទី២៣ ខែមេសា។ AKP
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់បានប្រកាសឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រឆាំងនឹងការឆបោកតាមអនឡាញ និងប្រកាសមិនអនុញ្ញាតឲ្យក្រុមណាមួយប្រើទឹកដីនៃប្រទេសទាំងពីរដើម្បីធ្វើសកម្មភាពណាមួយនោះទេ។
នាយករដ្ឋមន្ត្រីនៃប្រទេសជិតខាងទាំងពីរក៏បានប្រកាសរួមគ្នាទប់ស្កាត់ការបំពុលបរិស្ថានឆ្លងដែន ការពង្រឹងកិច្ចសហប្រតិបត្តិការយោធានៅតាមព្រំដែន ការដោះមីនតាមព្រំដែន ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយថ្លៃដើមភស្តុភារកម្ម។
ភាគីទាំងពីរក៏បានពិភាក្សាទៅលើការសម្រួលដល់ការឆ្លងកាត់ព្រំដែនក្នុងគោលដៅទេសចរណ៍ និងពង្រឹងការជ្រើសរើសកម្មករកម្ពុជាទៅធ្វើការនៅប្រទេសថៃតាមយន្តការស្របច្បាប់ និងកិច្ចសហប្រតិបត្តិការផ្នែកយោធា ព្រមទាំងរកវិធីពង្រីកទំហំពាណិជ្ជកម្មដល់ ១៥ពាន់លានដុល្លារនៅឆ្នាំ ២០២៧។
ការប្ដេជ្ញាទាំងនេះធ្វើឡើងនៅសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមេសានេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន មកកម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃទី២៣ដល់២៤ ខែមេសា។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «យើងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងនោះក៏រួមមានការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញក្លែងក្លាយ»។

លោកស្រី ផែថងថាន បានថ្លែងថា៖ «ខ្ញុំបានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំនៃកងកម្លាំងនគរបាលប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងបន្តសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីតំបន់ព្រំដែនកម្ពុជាថៃ»។
កាលពីពេលថ្មីៗនេះ ប្រទេសថៃនិងកម្ពុជាបានបង្ក្រាបក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញនៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដូចជានៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។ អាជ្ញាធរថៃក៏បានបើកប្រតិបត្តិការបង្ក្រាបក្រុមនេះនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ាផងដែរ។
ក្នុងឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសថៃ មានទឹកប្រាក់សរុប ៤,២៩ ពាន់លានដុល្លារ កើនឡើង ១៥,៥ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ក្នុងទំហំពាណិជ្ជកម្មនេះ កម្ពុជានាំចេញទៅប្រទេសថៃ មានទឹកប្រាក់ ៨៤៤,៩ លានដុល្លារ កើនឡើង ៣,៣ ភាគរយ ចំណែកថៃនាំចូលកម្ពុជាក្នុងទឹកប្រាក់ ៣,៤៤ ពាន់លានដុល្លារ កើនឡើង ១៨,៩ ភាគរយ។ ថៃ គឺជាដៃគូពាណិជ្ជកម្មធំទី៤ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម៕

