
លោក តាំង ងួនលី ថ្លែងបើកសិក្ខាសាលា ក្រោមប្រធានបទ«តស់! ចាប់យកឌីជីថល»។ ហ៊ឹន ពិសី
ក្នុងស្ថានភាពដែលនយោបាយ និងសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលខ្លាំង បានធ្វើឱ្យស្ទើរគ្រប់អាជីវកម្ម ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម(SME)ជួបនឹងបញ្ហាប្រឈមជាច្រើន ដែលចរន្តនេះទាមទារឱ្យម្ចាស់អាជីវកម្មនីមួយៗត្រូវខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានភាពធន់ និងអាចបន្តនិរន្តរភាពជាបន្តទៀត។
បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ បានរុញឱ្យពិភពលោកងាកកាន់តែខ្លាំងទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់បំពេញការងារ ជាពិសេសការធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈកាន់តែទូលំទូលាយ និងឆាប់រហ័សជាងមុន។
ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» (Techo Startup Center) កាលពីថ្ងៃទី២៤ ខែមេសា នៅសណ្ឋាគារ សុខា ភ្នំពេញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយស្តីពី«នីតិវិធីរួមនៃការគ្រប់គ្រងកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស»ក្រោមប្រធានបទ«តស់! ចាប់យកឌីជីថល»(Time to go Digital) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកឌីជីថល ព្រមទាំងម្ចាស់អាជីវកម្មជាច្រើនរូប។
នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» លោក តាំង ងួនលី បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីជួយជំរុញទៅដល់ម្ចាស់អាជីវកម្មទាំងអស់នៅកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម(SME) ឱ្យឆាប់រួសរាន់ក្នុងចាប់យកនូវកាលានុវត្តភាពថ្មីៗនៃក្នុងបរិបទនៃពិភពលោកដែលកំពុងប្រែប្រួលដ៏ឆាប់រហ័សនាពេលនេះ។
លោកបន្តថា មនុស្សភាគច្រើននៅលើពិភពលោកនាពេលបច្ចុប្បន្ន គឺកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល(បណ្តាញសង្គម) ដូចជា ហ្វេសបុក តិកតុក និងអ៊ីនស្តាក្រាម ជាដើម ដូច្នេះប្រសិនបើគេ(ម្ចាស់អាជីវកម្ម)អាច ប្រើមធ្យោបាយទាំងអស់នេះធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន គឺអាចនឹងងាយជ្រួតជ្រាបទៅដល់អតិថិជនរបស់ខ្លួនបានឆាប់រហ័ស និងមានប្រសិទ្ធភាពទៀតផង។ នេះជាឥរិយាបទមួយដែលទាមទារឱ្យមានការផ្លាស់ប្តូរ។
លោកបញ្ជាក់ថា៖«ការចាប់យកឌីជីថល គឺមានន័យថាគាត់(ម្ចាស់អាជីវកម្ម)បានចាប់យកភាពធន់សម្រាប់អាជីវកម្មរបស់ខ្លួន និងអាចជួយបង្កើតផលិតភាព ប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ផងដែរ»។
លោកបានបន្ថែមថា៖«សម្រាប់ម្ចាស់សហគ្រាសប្រសិនបើគាត់នៅតែបន្តអនុវត្តអាជីវកម្មបែបប្រពែណី ដោយមិនបានភ្ជាប់ខ្លួនបន្តិចសោះទៅក្នុងខ្សែចង្វាក់នៃប្រព័ន្ធឌីជីថល គឺឱកាសនៃការប្រកួតប្រជែង ឬសមត្ថភាពរបស់គាត់ធៀបជាមួយនឹងដៃគូអាជីវកម្មដទៃទៀតដែលចាប់យកឌីជីថល គឺប្រាកដជាទាបជាងគេ ហើយនឹងអាចឈានទៅដល់ការបិទទ្វារអាជីវកម្មទៀតផង»។

លោក តែ តាំងប៉រ ប្រធាន FASMEC ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន។ ហ៊ឹន ពិសី
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា( FASMEC ) លោក តែ តាំងប៉រ បាននិយាយថា សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា(SMEs) នៅកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងជួបបញ្ហាប្រឈមជាច្រើនទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសនៅតំបន់ជនបទ ដែលទាមទារឱ្យអាជ្ញាធរ និងផ្នែកជំនាញក្នុងវិស័យឯកជនត្រូវរួមគ្នាបើកវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សព្វផ្សាយចែករំលែកចំណេះដឹង ដើម្បីបង្រៀនម្ចាស់អាជីវកម្ម ព្រមទាំងបុគ្គលិកបម្រើការឱ្យមានសមត្ថភាពចូលទៅប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងមុខជំនួញរបស់ពួកគេកាន់តែច្រើន។
លោកបន្តថា៖«ប្រសិនបើកម្ពុជាមិនខិតខំធ្វើកិច្ចការនេះគេ គឺម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមិនអាចដើរទាន់ ឬអាចពិបាកក្នុងការធ្វើអាជីវកម្មជាមួយអតិថិជនរបស់ខ្លួនជាមិនខាន»។
លោកបន្តថា ការពង្រឹងចំណេះដឹងផ្នែកឌីជីថល ក៏ជួយជំរុញឱ្យអាជីវកម្មរីកចម្រើនកាន់តែឆាប់រហ័ស និងឈានទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែលឿនផងដែរ។ បច្ចុប្បន្ននិន្នាការនៃការផ្សព្វផ្សាយ ឬទិញ លក់ទំនិញ គឺត្រូវបានធ្វើឡើងកាន់តែច្រើនតាមរយៈប្រព័ន្ធឌីជីថល។
បើតាមលោក តាំងប៉រ នៅកម្ពុជាបច្ចុប្បន្នមានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម សរុបប្រមាណ ៧០ម៉ឺន កើនពីជាង ៥០ម៉ឺន កាលពីអំឡុងឆ្នាំ២០១១៕