
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងតាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃបង្ហាញពីនិម្មិតសញ្ញានៃទំនាក់ទំនងកម្ពុជាថៃ រយៈពេល ៧៥ឆ្នាំ។ AKP
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រទៅលើគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃ ឬ យន្តការ «ប្រទេស ប្រាំមួយ គោលដៅតែមួយ» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ ខណៈប្រទេសថៃនិងកម្ពុជាជំរុញយន្តការ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។
ការគាំទ្ររបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងតាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែមេសានេះ ដោយលោកស្រីបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា និងបានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះបានបញ្ជាក់ថា៖ «សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះយន្តការ ប្រទេសប្រាំមួយ គោលដៅតែមួយ ដោយសង្ឃឹមថា នឹងលើកកម្ពស់ទេសចរណ៍ក្នុងតំបន់ និងពង្រឹងតំបន់អាស៊ីអាគ្នេយ៍ ជាគោលដៅទេសចរណ៍អន្តរជាតិដ៏លេចធ្លោ»។
យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថា តើកម្ពុជានឹងចូលរួមក្នុងគំនិតផ្ដួចផ្ដើមរបស់ថៃនេះឬយ៉ាងណានោះទេ។ ប៉ុន្តែ សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីវិញ នាយករដ្ឋមន្ត្រីទាំងពីរបាន «ស្វាគមន៍ចំពោះកំណើននៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ បន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។
នៅឆ្នាំ២០២៤ ភ្ញៀវទេសចរថៃឈរលេខរៀងទី១ នៅក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ដោយមានចំនួនជាង ២លាននាក់។
កាលពីខែតុលា ឆ្នាំ២០២៤ ប្រទេសថៃបានស្នើឲ្យកម្ពុជាចូលរួមក្នុងគំនិតផ្ដួចផ្ដើម «ប្រទេស ប្រាំមួយ គោលដៅតែមួយ» ដែលជាយន្តការលើកលែងទិដ្ឋាការសម្រាប់ប្រទេស ៦ នៅក្នុងតំបន់ ដែលរួមមានថៃ កម្ពុជា វៀតណាម ឡាវ ប្រ៊ុយណេ និងម៉ាឡេស៊ី។
កាលនោះកម្ពុជា មិនបានយល់ព្រមចូលរួមទេ ដោយត្រូវការពេលវេលាដើម្បីសិក្សាអំពីគំនិតផ្ដួចផ្ដើមជាមុនសិន ទោះបីជាយល់ឃើញថា យន្តការនេះនឹងផ្ដល់ផលល្អក៏ដោយ។
អ្នកជំនាញផ្នែកទេសចរណ៍ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីកន្លងទៅថា ការចូលរួមជាមួយគំនិតផ្ដួចផ្ដើមនានាគឺជារឿងល្អ ដរាបណាប្រទេសដែលចូលរួមនោះមានភាពឆ្លាតវៃ និងប៉ិនប្រសប់រៀងៗខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យទៅទស្សនាប្រទេសរបស់ខ្លួន បើមិនដូច្នោះទេ គ្រាន់តែជាការតោងកន្ទុយប្រទេសដែលខ្លាំងប៉ុណ្ណោះ ដូចជាថៃជាដើម៕