
ជាការឆ្លើយតបទៅនឹងបញ្ហាប្លាស្ទិកនៅតំបន់ជីផាត សហគមន៍អេកូទេសចរណ៍ជីផាត បានបង្កើតនូវយុទ្ធនាការជីផាតគ្មានប្លាស្ទិក ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ នៅជីផាត ខេត្តកោះកុង។
យុទ្ធនាការនេះធ្វើឡើងស្របទៅតាមគោលដៅថ្នាក់ជាតិក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍និរន្តរភាព និងស្របទៅតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលគាំទ្រយុទ្ធនាការនេះ។
បើតាមអង្គការនេះ ការបំពុលដោយសំណល់ប្លាស្ទិកដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ កំពុងបង្កនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់តំបន់អេកូទេសចរណ៍សហគមន៍ជីផាត ដែលជាតំបន់ទេសចរណ៍មានការទទួលស្គាល់ជាលក្ខណៈជាតិនិងអន្តរជាតិទៅលើគំរូដ៏ជោគជ័យនៃវិស័យអេកូទេសចរណ៍ធម្មជាតិនៅក្នុងសហគមន៍។
សំណល់ប្លាស្ទិកបង្កឱ្យស្ទះប្រព័ន្ធបង្ហូរទឹក និងផ្លូវទឹក បង្កគ្រោះថ្នាក់ទៅដល់សត្វ ជាពិសេស សំណល់ប្លាស្ទិកត្រូវការពេលរាប់រយឆ្នាំដើម្បីរំលាយ។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានលើកឡើងថា៖ «សហគមន៍អេកូទេសចរណ៍ជីផាត ជាគំរូទេសចរណ៍និរន្តរភាពមួយនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាបរិស្ថានដោយសារការបោះចោលសំរាមគ្មានការគ្រប់គ្រងបានត្រឹមត្រូវ ជាពិសេសដប និងថង់ប្លាស្ទិក។ បញ្ហានេះកើតចេញមកពីសកម្មភាពរស់នៅប្រចាំថ្ងៃ និងការយល់ដឹងនៅមានកម្រិតរបស់សហគមន៍»។
លោកបន្តថា បញ្ហាប្លាស្ទិកបង្កឱ្យប៉ះពាល់ដល់សោភណភាពតំបន់ទេសចរណ៍ធម្មជាតិ គំរាមកំហែងដល់ជីវចម្រុះ និងសុខភាពរបស់សហគមន៍ ក៏ដូចជាប៉ះពាល់ដល់បទពិសោធន៍របស់ភ្ញៀវទេសចរណ៍។ ប្រសិនមិនមានដំណោះស្រាយឱ្យបានត្រឹមត្រូវនោះទេ បញ្ហានេះនឹងប៉ះពាល់កេរ្តិ៍ឈ្មោះសហគមន៍អេកូទេសចរណ៍ជីផាត ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងប៉ះពាល់ដល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចរយៈពេលវែងរបស់សហគមន៍ទាំងមូល។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃកំឡុងការធ្វើសន្និសីទសារព័ត៌អំពីយុទ្ធនាការនេះ នៅថ្ងៃទី២៤ ខែមេសាថា៖អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានជំនឿចិត្ត និងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋនៅជីផាត ក៏ដូចជាសហគមន៍អេកូទេសចរណ៍ក្នុងយុទ្ធនាការ “គ្មានប្លាស្ទិក” ខណៈយុទ្ធនាការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានឱ្យបានស្អាត និងមានសុខភាពល្អ»។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកទឹកចិត្តនិងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម និងគាំទ្រគំនិតផ្តួចផ្តើមបង្កើតឱ្យមាននូវយុទ្ធនាការគ្មានប្លាស្ទិកនេះឡើងនៅសហគមន៍អេកូទេសចរណ៍ជីផាត៕
