
កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបករណីឆបោកទ្រង់ទ្រាយធំមួយ ដែលជនរងគ្រោះចាញ់បោកក្រុមឆបោកជនជាតិស្បែកខ្មៅ ៥នាក់ អស់ប្រាក់ ៧លានដុល្លារ ដោយជឿថា ប្រាក់ដុល្លារពិត អាចយកទៅលាងប្រាក់ដុល្លារដែលប្រឡាក់ទឹកខ្មៅចំនួន ២៨លានដុល្លារដើម្បីចែកគ្នា។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា ករណីឆបោកនេះត្រូវបានបង្ក្រាបនៅថ្ងៃទី១៩ខែមេសា ដោយជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ២៨លានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅនោះ ទើបក្លាយជាប្រាក់អាចចាយបាន។
លោកបន្តថា ជនល្មើសបានសន្យាថានឹងឲ្យផលចំណេញទៅជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម្សៅរបស់ពួកគេ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ។ មុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់។
ដើម្បីធ្វើឲ្យជនរងគ្រោះជឿជាក់ ជនល្មើសបានលេបឲ្យមើលមុន ហើយមួយសន្ទុះក្រោយមកក៏ឃើញថា ប្រាក់ចេញមកវិញចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន។ បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ ដើម្បីជាល្បិចចិត្តសាស្ត្រ។
លោកបន្តថា៖ «ជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះចំនួន ២៥លានដុល្លារ។ ប៉ុន្តែ រៀងរាល់រាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក ក្រុមឆបោកបានវេចខ្ចប់រុំស្គុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្គុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ»។

បើតាមលោក រ័ត្ន ស្រ៊ាង ដដែល រហូតទាល់តែមួយខែក្រោយមកទើបជនរងគ្រោះមានការសង្ស័យ ហើយបានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។
លោកថា៖ «ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត»។
យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីអត្តសញ្ញាណនៃជនរងគ្រោះនោះទេ។
លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានការត្រិះរិះពិចារណា និង មានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណា។
លោកថា៖ «លើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង ហើយបែរជាមកហៅរកយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ។ ហេតុអ្វីគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់»៕
