កម្ពុជា​រំពឹង​ថា នឹង​អាច​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​អស់ពី​កម្ពុជា​នៅ​ឆ្នាំ​​២០២៥​នេះ ​ស្រប​តាម​​ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ខណៈ​ដែល​ឆ្នាំ​២០២៤ ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​មាន​តែ៣៥៥ករណីប៉ុណ្ណោះ ធ្លាក់​ចុះ​ពី​ជាង ១ពាន់​ករណី​កាល​ពី​ឆ្នាំ ២០២៣។

ការ​រំពឹង​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​នៅ​ក្នុង​លិខិត​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ក្រោម​ប្រធានបទ «យើង​បញ្ចប់​ជំងឺ​គ្រុនចាញ់​ដោយ​វិនិយោគ​ឡើង​វិញ គិត​ច្នៃ​ប្រឌិត​ឡើង​វិញ គ្រប់គ្រង​ឡើង​វិញ» នៅ​ថ្ងៃ​ទី២៥ ខែមករា​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កម្ពុជាមាន​មាគ៌ា​ត្រឹមត្រូវ​នៅ​ក្នុង​ផែនការយុទ្ធសាស្ត្រជាតិ ដោយ​បាន​សម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន​ ទប់ស្កាត់​មិន​ឱ្យមានភាព​ស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំ​ (ឬ​ប្រភេទ​ហ្វាល់​ស៊ីប៉ារ៉ូម) ឆ្នាំ២០២៤។


លោកថ្លែង​ថា៖ «ឆ្នាំ២០២៤ ប្រទេសកម្ពុជាមាន​ជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡឹករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់»។

លោក​បន្ត​ថា៖ «ប្រទេសកម្ពុជាយើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ​ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន...»។


លោក​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​និង​ភាគី​ពាក់​ព័ន្ធ​ចូល​រួម​តាម​គ្រប់​វិធី​ដើម្បី​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នេះ​ឲ្យ​អស់​ពី​កម្ពុជា នៅ​ឆ្នាំ​នេះ​ និង​រួម​ចំណែក​ដល់​ការ​លុប​បំបាត់​ជំងឺ​នេះ​ទាំង​ស្រុង​នៅ​ឆ្នាំ​២០៣០៕

នៅ​ឆ្នាំ​២០២៣ ករណី​ជំងឺគ្រុនចាញ់​បានកើត​ឡើង​ជាង​ ១ ០០០​ ករណី ​ថយចុះ​ជាង​ ៦០​ ភាគរយ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ជំងឺគ្រុនចាញ់​ជាង​ ៤ ០០០ ​ករណី​។​ ចំណែក​នៅ​ឆ្នាំ​២០២៤​កន្លង​ទៅ កម្ពុជា​មាន​ករណី​គ្រុន​ចាញ់​តែ​ ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ៕