
ស្ថានទូតបារាំងនៅទីក្រុងភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍រំឭកខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញរយៈពេល ៣ខែកន្លះ ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងរក្សាការចងចាំអំពីហេតុការណ៍ចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ក្រុមខ្មែរក្រហម។
ព្រឹត្តិការណ៍នេះនឹងធ្វើឡើងពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា តាមរយៈពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធីបញ្ចាំងភាពយន្ត ដើម្បីលើកកម្ពស់ការបញ្ជ្រាបការចងចាំដល់មនុស្សជំនាន់ក្រោយ ក៏ដូចជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង។
ព្រឹត្តិការណ៍នេះ រួមមានការតាំងពិព័រណ៍ និងការចាក់បញ្ជាក់ភាពយន្តឯកសារដែលពាក់ព័ន្ធ។
កាលពី៥០ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពីសង្រ្គាមស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ វាជាថ្ងៃដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតមួយនៃប្រវត្តិសាស្រ្តរបស់ខ្លួន។
ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុងភ្នំពេញ មនុស្សជាច្រើនរយនាក់បាននាំគ្នាមកជ្រកកោននៅក្នុងស្ថានទូតបារាំង ដោយសង្ឃឹមថាទទួលបានការការពារនៅទីនោះ។ ជាក់ស្តែង ពលរដ្ឋបារាំងជាង៥០០នាក់ត្រូវបានទទួលឱ្យស្នាក់នៅក្នុងស្ថានទូត រួមជាមួយពលរដ្ឋប្រមាណ១០០នាក់នៃប្រទេសចំនួន២០ផ្សេងទៀត (រួមមានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និងវៀតណាម)។
បើតាមស្ថានទូតបារាំង គេប៉ាន់ប្រមាណថា ជនជាតិខ្មែរប្រហែល៦០០នាក់ក៏បានមកជ្រកកោននៅក្នុងស្ថានទូតបារាំងផងដែរ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ បរិវេណស្ថានទូតបានក្លាយទៅជាទីកន្លែងហ៊ុំព័ទ្ធមួយ ដែលចុងក្រោយបានជួបវាសនាដ៏សោកសង្រេង ជាមួយការចាកចេញរបស់ពលរដ្ឋកម្ពុជា បន្ទាប់មកការជម្លៀសជនបរទេសទៅកាន់ប្រទេសថៃតាមក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧៥។
កម្មវិធីលម្អិតមានលើគេហទំព័រវិទ្យាស្ថានបារាំងនៅកម្ពុជា តាមរយៈ institutfrancais-cambodge.com៕