
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូអន្តរជាតិ បានលើកឡើងពីយកចិត្ដទុកដាក់រួមចំពោះសមភាពយេនឌ័រ និងបម្រែបម្រួលអាកាសធាតុ នៅវេទិកាសន្ទនាស្ដីពីសមភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ៣ (NDC) 3.0។ រូបថត ហុង រស្មី
ភ្នំពេញ៖ ជាមួយនឹងការព្រួយបារម្ភជាសកលជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែក្ដៅខ្លាំង កម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយវិបត្តិអាកាសធាតុប្រកបដោយបរិយាប័ន្ន និរន្តរភាព និងសមភាពសម្រាប់ទាំងអស់គ្នា ជាពិសេសស្ត្រី។
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូអន្តរជាតិ បានលើកឡើងពីចំណុចប្រសព្វដ៏សំខាន់នៃសមភាពយេនឌ័រ និងបម្រែបម្រួលអាកាសធាតុ នៅវេទិកាសន្ទនាស្ដីពីសមភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ៣ (NDC) 3.0 ថ្ងៃទី ២៥ ខែមេសា នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
កិច្ចសន្ទនានេះមានគោលបំណងរួមបញ្ចូលការពិចារណាអំពីយេនឌ័រទៅក្នុងផែនការសកម្មភាពអាកាសធាតុរបស់កម្ពុជា រួមមានការចូលរួមចំណែកពីមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូដ៏សំខាន់ក្នុងការគាំទ្រគំនិតផ្តួចផ្តើមអាកាសធាតុឆ្លើយតបនឹងយេនឌ័រ។
ជាមួយការបញ្ចប់ NDC 2.0 កិច្ចសន្ទនានេះបានផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាអំពីការធ្វើបរិយាប័ន្នសមភាពយេនឌ័រទៅក្នុងការបង្កើត NDC 3.0 ជាឯកសារគោលនយោបាយដ៏សំខាន់ដែលនឹងដាក់ជូនលេខាធិការដ្ឋានអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបើកព្រឹត្តិការណ៍នេះដោយឆ្លុះបញ្ចាំងពីភាពជោគជ័យនៃ NDC 2.0 ដែលជាផែនការសកម្មភាពអាកាសធាតុចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥។
លោកបានរំឭកអំពី NDC 2.0 ដែលមានរយៈពីឆ្នាំ២០២០ និងឆ្នាំ២០២៥ មាន ១៩០សកម្មភាព ដោយរួមបញ្ចូលនូវគ្រប់សកម្មភាពទាំងអស់ទៅតាមកម្រិត។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បើកសន្ទករថាស្វាគមន៍ក្នុងការបើកកិច្ចសន្ទនា។ រូបថត ហុង រស្មី
លោក សុផល្លែត បានថ្លែងថា៖ «ការរួមបញ្ចូលនេះ ត្រូវបានធ្វើឡើងក្នុងការកាត់បន្ថយការងាយរងគ្រោះ និងបន្សាំទៅនឹងប្រែប្រួលអាកាសធាតុ ក៏ដូចជាទប់ស្កាត់ផលប៉ះពាល់ការប្រែប្រួលអាកាសធាតុផងដែរ។
លោកបន្ដថា៖ «ក្នុងគោលការណ៍មហិច្ឆតា ធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់រហូតដល់ ៤៤,៧ភាគរយក្នុងចំណោម ១៩០ សកម្មភាព។ ជាសមិទ្ធផល យើងបានសម្រេច ១៦៦ សកម្មភាពលើ ១៩០ សកម្មភាព ឬ ៨៧ភាគរយ»។
លោកចាត់ទុកការសម្រេចបានលទ្ធផលជាង ៨០ភាគរយនេះ អត្រាដ៏ជោគជ័យមួយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់បានខិតខំរួមគ្នា។
ការតាក់តែង NDC 3.0 ចំពេលខួប ១០ ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាដាក់ចេញនូវ NDC មួយ ជាមួយការប្ដេជ្ញាចិត្ដខ្ពស់មួយ ដែលមានបហិច្ឆិតាខ្ពស់ផង និងភាពប្រាកដនិយមផង។
លោករដ្ឋមន្ដ្រីបានថ្លែងថា៖ «សល់ពេលប៉ុន្មានខែទៀតទេ យើងត្រូវបញ្ជូន NDC 3.0 ទៅលេខាធិការដ្ឋាន UN នៅប្រទេសប្រេស៊ីល។ ខ្ញុំសូមស្នើដល់អង្គពិធីទាំងមូលធ្វើការពិភាក្សាដើម្បីស្វែងរកធាតុចូល ធ្វើយ៉ាងណាមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការទប់ទល់វិបត្ដិអាកាសធាតុសកល»។
លោកបានដាក់ចេញនូវវិស័យចំនួន ៦ សម្រាប់ជាត្រីវិស័យបង្ហាញផ្លូវការតាក់តែង NDC 3.0 ប្រកបដោយគុណភាព គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ គីមី និងសំរាម។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ផ្ដោតលើសមធម៌ និងចីរភាព ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយចាប់ផ្ដើមពីការពង្រឹងភាពជាពលរដ្ឋ។ ហុង រស្មី
បញ្ហាប្រឈមយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
ប្រធានបទសំខាន់នៃកិច្ចសន្ទនាគឺផលប៉ះពាល់យេនឌ័រនៃការប្រែប្រួលអាកាសធាតុ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានថ្លែងថា លោកស្រីផ្ដោតលើសមធម៌ និងចីរភាព ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយចាប់ផ្ដើមពីការពង្រឹងភាពជាពលរដ្ឋ។
លោកស្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ។
លោកស្រីបានលើកឡើងថា៖ «បម្រែបម្រួលអាកាសធាតុបង្កផលប៉ះពាល់លើវិស័យទាំងអស់ខាងលើ។ កម្ដៅប៉ះពាល់ទាំងបុរស និងស្ដ្រី តែផលប៉ះពាល់មានលក្ខណៈខុសគ្នា»។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី លោកស្រីបានបន្ដថា វាប៉ះពាល់លើការងារនៅផ្ទះសម្បែង ដែលបង្កជាជំងឺ ដោយសារកម្ដៅ កង្វះជាតិទឹកក្នុងខ្លួន។ ស្ដ្រីមានតួនាទីចិញ្ចឹម បីបាច់ ថែរក្សា និងអប់រំ។
លោកស្រី កន្ថាផាវី បានឱ្យដឹងថា៖ «ទម្ងន់ក្នុងការថែរក្សាជីដូនជីតា ឪពុកម្ដាយនៅក្នុងផ្ទះតែមួយ ការងាររបស់ស្ដ្រីនៅតាមផ្ទះកាន់តែកើនឡើង។ វាក៏ប៉ះពាល់ទៅលើផលិតភាពការងារ ដោយសារស្ដ្រីផ្ដោតច្រើនទៅលើការងារនៅផ្ទះ»។
សេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនជារបរនៅក្រៅអគារ រងផលប៉ះពាល់នឹងកម្រិតកម្ដៅខ្លាំង ដែលក៏ប៉ះពាល់ដល់ស្ដ្រី ៨០ភាគរយក្នុងចំណោមកម្លាំងការងារនៅសេដ្ឋកិច្ចប្រព័ន្ធទូទាំងប្រទេសជាមួយអត្រា ៥៨ ភាគរយ។
វាប៉ះពាល់លើសុខភាពចំពោះស្ដ្រី ដែលមានតួនាទីបង្កពូជ គុណភាពនៃជីវិត។ លើសពីនេះ កើនកម្ដៅ ក៏កើនអារម្មណ៍ក្រេវក្រោតផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «កម្ដៅកើន ធ្វើឱ្យមនុស្សកាន់តែមួលម៉ៅ ដែលវាបង្កើតជាអំពើហិង្សាទាំងរាងកាយ និងផ្លូវភេទលើស្ដ្រី»។

ស្ត្រីជាចលករនៃការផ្លាស់ប្តូរក្នុងដំណោះស្រាយអាកាសធាតុ
ខណៈពេលដែលកិច្ចសន្ទនាផ្តោតលើផលប៉ះពាល់មិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុលើស្ត្រី លោកស្រី Jyotsana Varma នាយិការបស់ ADB ក្នុងបេសកកម្មប្រចាំនៅកម្ពុជា បានរំឭកថា ស្ត្រីមិនត្រឹមតែជាជនរងគ្រោះនៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ពួកគេក៏ជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏មានឥទ្ធិពលផងដែរ។
អ្នកស្រី Varma បាននិយាយថា៖ «ស្ត្រីដើរតួយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យ។ វាចាំបាច់ណាស់ក្នុងការផ្តល់អំណាចឱ្យពួកគេក្នុងនាមជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរទៅកាន់អនាគតដែលធន់នឹងអាកាសធាតុ»។
អ្នកស្រីបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមជាច្រើនដែល ADB កំពុងធ្វើការដើម្បីគាំទ្រដល់ការចូលរួមរបស់ស្ត្រីនៅក្នុងដំណោះស្រាយអាកាសធាតុ។
អ្នកស្រី Varma បាននិយាយថា ផលប៉ះពាល់របស់វា រាប់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរហូតដល់ការផ្លាស់ប្តូរគំរូកសិកម្ម បានប៉ះពាល់ដល់ស្ត្រី និងកុមារីដោយមិនសមាមាត្រ ដែលធ្វើស្ថានភាពនៃភាពក្រីក្រ ជនជាតិភាគតិច ពិការភាពកាន់តែលំបាក។
អ្នកស្រីបានបន្ដថា៖ «ផលប៉ះពាល់ទាំងនេះប្រែទៅជាបន្ទុកជាក់ស្តែង៖ ការគំរាមកំហែងដល់ជីវភាពរស់នៅ ការបង្កើនការងារថែទាំដែលមិនបានទទួលប្រាក់ឈ្នួល និងការកើនឡើងភាពងាយរងគ្រោះក្នុងអំឡុងពេលគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ»។
ជាឧទាហរណ៍ នៅក្នុងវិស័យជលផលសមុទ្រប្រកបដោយនិរន្តរភាព គម្រោងរបស់ ADB កំពុងជួយស្ត្រីដែលមានឥទ្ធិពលលើការកែច្នៃក្រោយការប្រមូលផល និងការលក់តាមរយៈការលើកកម្ពស់បច្ចេកទេសវារីវប្បកម្មដែលធន់នឹងអាកាសធាតុ និងការកែលម្អលទ្ធភាពទទួលបានទីផ្សារ។

កិច្ចសន្ទនានេះបានផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាអំពីការធ្វើបរិយាប័ន្នសមភាពយេនឌ័រទៅក្នុងការបង្កើត NDC 3.0 ជាឯកសារគោលនយោបាយដ៏សំខាន់ដែលនឹងដាក់ជូនលេខាធិការដ្ឋានអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះ។ រូបថត ហុង រស្មី
ADB ក៏កំពុងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដោយទទួលស្គាល់ថា ជំនាញក្នុងវិស័យទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការរចនា និងអនុវត្តបច្ចេកវិទ្យាបៃតង។
អ្នកស្រីបានថ្លែងថា៖ «កិច្ចសន្ទនាថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់មួយ។ វាប្រមូលផ្តុំនូវវិស័យសំខាន់ៗ និងដៃគូនានា ដែលជាភាគីពាក់ព័ន្ធរបស់ NDC ដើម្បីសហការគ្នាកំណត់ ផ្តល់អាទិភាព និងស្នើយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ការបញ្ជ្រាបយេនឌ័រទៅក្នុងវិស័យ NDC»។
អ្នកស្រីបានបន្ថែមថា៖ «ការងាររបស់យើងនៅក្នុងប្រទេសកម្ពុជាគឺផ្តោតលើការកសាងអនាគតមួយដែលស្ត្រីមិនត្រូវបានទុកចោលនោះទេ ប៉ុន្តែជាការយកចិត្ដទុកដាក់ចំពោះសេដ្ឋកិច្ចបៃតង»៕