
ប្រជាពលរដ្ឋខ្មែរបានឃើញដុំទឹកកកធ្លាក់លាយឡំទឹកភ្លៀងខ្លាំងកាលពីថ្ងៃទី ២៦ ខែមេសា ម្សិលមិញ។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ ប្រទេសកម្ពុជាបានជួបបាតុភូតអាកាសធាតុដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលមានដុំទឹកកកតូចៗធ្លាក់អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងវាយឡំនឹងខ្យល់កន្ដ្រាក់។
អ្នកប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមបានថតវីដេអូពីបាតុភូតនេះបង្ហោះចែកចាយពីការភ្ញាក់ផ្អើលចំពោះទិដ្ឋភាពដុំទឹកកកតូចៗធ្លាក់ពាសវាលពាសកាល និងបានផ្ដិតរូបភាពយ៉ាងច្បាស់ជាមួយដុំទឹកកកលើបាតដៃថែមទៀត។
បាតុភូតនេះ ពិសេសអស្ចារ្យដោយសារវាកម្រកើតឡើងចំពោះអាកាសធាតុត្រូពិច ដូចជានៅកម្ពុ ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាមួយនឹងការឃើញទឹកកកធ្លាក់ពីលើមេឃ។
សក្ខីភាពមួយបានកើតឡើងនៅខេត្តសៀមរាប ដែលអ្នកលេងហ្វេសប៊ុកម្នាក់បានថតវីដេអូនៃព្យុះភ្លៀងនៅក្បែរប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។
ការឃើញដុំទឹកកកនៅលើវាលស្មៅនៃបរិវេណប្រាសាទបុរាណគឺជាឧប្បត្ដិហេតុដ៏កម្រមួយដែលមានមនុស្សជាច្រើនឆ្ងល់អំពីផលប៉ះពាល់សម្រាប់អាកាសធាតុក្នុងតំបន់។
ខណៈដែលដុំទឹកកកធ្លាក់គឺជារឿងចម្លែកនៅអាស៊ីអាគ្នេយ៍ វាមិនមែនជារឿងដែលមិនធ្លាប់ឮនោះទេ។ ខ្យល់កន្ដ្រាក់ និងដុំទឹកកកត្រូវបានបង្កើតឡើងលាយឡំជាមួយព្យុះផ្គររន្ទះខ្លាំង នៅពេលដែលខ្យល់បក់ខ្លាំងនាំចំហាយទឹកខ្ពស់ចូលទៅក្នុងបរិយាកាស ដែលវាបង្កកទៅជាគ្រីស្តាល់ទឹកកក។
ការពន្យល់បែបវិទ្យាសាស្ត្រនេះពីអ្នកវិទ្យាសាស្ដ្រ Generich H. Capuli ពីបណ្ណសារអាកាសធាតុធ្ងន់ធ្ងរនៃគម្រោងនៃប្រទេសហ្វីលីពីន នៅក្នុងការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៤ បានបង្ហាញថា៖ «បន្ទាប់មកគ្រីស្តាល់ទាំងនេះអាចដុះលូតលាស់ទៅជាដុំទឹកកកធំជាង ឬដុំទឹកកកតូចៗ អាស្រ័យលើសីតុណ្ហភាពនៃខ្យល់នៅជិតបរិយាកាសផ្ទៃដី»។
ភ្លៀងទឹកកកធ្លាក់នៅកម្ពុជា កម្រកើតមានណាស់ ដោយសារអាកាសធាតុត្រូពិច ប៉ុន្តែអ្នកជំនាញកត់សម្គាល់ថា ព្យុះបែបនេះអាចកើតឡើងក្នុងអំឡុងអន្តរកាលរវាងរដូវប្រាំង និងរដូវវស្សា។

ដំណើរនៃការកកើតទម្រង់ដុំទឹកកកបង្កឱ្យមានភ្លៀងទឹកកក ជាបាតុភូតដ៏កម្រមួយនៅអាស៊ីអាគ្នេយ៍។ រូបថត https://www.severe-weather.eu/
ថ្វីត្បិតតែធម្មជាតិនៃខ្យល់ព្យុះភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្តី ក៏មិនមានរបាយការណ៍នៃប៉ះពាល់ចំពោះការខូចខាត ឬរបួសអ្វីគួរឲ្យកត់សម្គាល់ពីសំណាក់អាជ្ញាធរនោះទេ។
ទោះជាយ៉ាងណាក៏ដោយ បាតុភូតនេះបានជំរុញឱ្យមានការពិភាក្សាអំពីអាកាសធាតុដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងតម្រូវការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពព្យាករណ៍។
យោងតាមការព្យាបាលលើបណ្ដាញសង្គមរបស់របស់ក្រសួងធនធានទឹក ឧតុនិយម បានឱ្យដឹងថា ថ្ងៃទី២៦ ខែមេសា តំបន់ជាច្រើនរងនូវសម្ពាធទាប ដែលបង្កជាភ្ញៀវ និងខ្យល់កន្ដ្រាក់ តែមិនបានបញ្ជាក់ពីបាតុភូតធ្លាក់ទឹកកកនោះទេ។
នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសកម្ពុជាជួបនឹងអាកាសធាតុខ្លាំង។ ក្នុងឆ្នាំ ២០១៣ ខ្យល់កន្ដ្រាក់ និងដុំទឹកកកធ្លាក់ ធ្លាប់កើតឡើងស្រដៀងគ្នានេះ ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងខេត្តមួយចំនួន បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួសជាង ១០ នាក់ និងផ្ទះជិត ២០០ ខ្នងរងការខូចខាត ឬបំផ្លាញ។
នៅឃុំកញ្ជរ ខេត្តក្រចេះ ស្ត្រីម្នាក់បានបាត់បង់ជីវិតដោយសោកនាដកម្មដោយសារខ្យល់ព្យុះបានបណ្តាលឲ្យផ្ទះរបស់គាត់ដួលរលំ ហើយខេត្តមួយចំនួនទៀត រួមមាន ស្ទឹងត្រែង ស្វាយរៀង និងកំពង់ធំ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
ប្រជាពលរដ្ឋក្នុងខេត្តទាំងនេះបានឃើញភ្លៀងដុំទឹកកកធ្លាក់ជាលើកដំបូង ដោយអ្នកខ្លះឃើញថា វាបំផ្លាញផ្ទះទាំងស្រុង និងខូចខាតខ្លះទៀត។
ខណៈពេលដែលដុំទឹកកកធ្លាក់នៅតែមានភាពខុសប្រក្រតីក្នុងប្រទេសកម្ពុជា វាកំពុងក្លាយជាបាតុភូតដែលគេស្គាល់កាន់តែច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
កាលពីខែមីនា ឆ្នាំ ២០២៤ ភាគខាងជើងប្រទេសថៃត្រូវបានវាយប្រហារដោយព្យុះព្រិលដ៏កាចសាហាវ ជាមួយនឹងដុំទឹកកកធំៗដែលមនុស្សត្រូវស្នាក់នៅក្នុងផ្ទះរហូតដល់ព្យុះបានថយចុះ។
ប្រទេសសិង្ហបុរីបានជួបប្រទះស្ថានភាពស្រដៀងគ្នានៅក្នុងខែមករាឆ្នាំ ២០២២ នៅពេលដែលមានភ្លៀងដុំទឹកកកធ្លាក់ប៉ុនកាក់ បណ្តាលឱ្យខូចខាតនៅ Yishun និង Seletar រួមទាំងការបំបែកទ្វាររអិល។ ខេត្ត Selangor របស់ម៉ាឡេស៊ី បានជួបហេតុការណ៍ព្យុះភ្លៀងដុំទឹកកកធ្លាក់ខ្លាំងក្នុងខែដដែលនេះ។
ថ្មីៗនេះ ប្រទេសថៃបាននិងកំពុងជួបប្រទះនឹងព្យុះផ្គររន្ទះ ខ្យល់បក់ខ្លាំង និងភ្លៀងដុំទឹកកក។ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានសម្រាប់ភាគខាងជើង និងកណ្តាលប្រទេសថៃនៅពាក់កណ្តាលខែមេសា ដោយជំរុញឱ្យប្រជាជននៅក្នុងផ្ទះក្នុងអំឡុងពេលមានព្យុះ និងជៀសវាងដើមឈើធំៗ និងសំណង់ដែលមិនមានសុវត្ថិភាព។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ កាសែត Washington Post បានរាយការណ៍ថាទី ក្រុង Islamabad ត្រូវបានញាំញីដោយដុំទឹកកកទំហំប៉ុនកូនបាល់តេន្នីស ដែលបណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយដល់យានយន្ត និងដំណាំ៕