នាវា​ចំបាំង​កងទ័ព​ជើង​ទឹក​សហព័ន្ធរុស្ស៊ី ​ចំនួន ៣​ គ្រឿង​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ខណៈ​ដែល​នាវា​កង​ទ័ព​វៀតណាម​មួយ​គ្រឿង​កំពុង​ចត​នៅ​កំពង់​ផែ​រាម​ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម។

អគ្គ​លេខា​អធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជិត​ សន្តិសុខ​លម្ហ​សមុទ្រ​ បាន​ឲ្យ​ដឹង​ថា នាវា​ចំបាំង​កងទ័ព​ជើង​ទឹក​សហព័ន្ធ​រុស្ស៊ី ​ចំនួន ៣​ គ្រឿង បាន​ចូល​មក​ដល់​កំពង់​ផែ​នេះ​នៅ​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មេសា​នេះ ដឹក​នាំ​ដោយ​លោក​វរនាវីឯក Aleksei Antsiferov នាយសេនាធិការ នៃ​ផ្នែក​នាវា​នៅ​លើ​ផ្ទៃ​ទឹក កង​នាវា​ប៉ាស៊ីហ្វិក​នៃ​សហព័ន្ធ​រុស្ស៊ី។

នាវា​ចំនួន​ទាំង​ ៣​គ្រឿង ​មាន​នាវិក​សរុប​ចំនួន ២៦២​ នាក់ ហើយ​នឹង​សំចត​នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ ​និង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ៤​ ថ្ងៃ ​ចាប់​ពី​ថ្ងៃទី២៨​ ខែ​មេសា ដល់​ថ្ងៃ​ទី១​ ខែ​ឧសភា។


ក្រុម​នាវិក​នៃ​នាវា​ចម្បាំង​រុស្ស៊ី​ក៏​នឹង​មាន​​​កម្មវិធី​លេង​កីឡា​ជា​មិត្តភាព ​បាល់ទះ ​បាល់​ទាត់​ជាមួយ​នាវិក​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ផង​ដែរ។ នេះ​បើ​តាម អគ្គ​លេខា​អធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជិត​ សន្តិសុខ​លម្ហ​សមុទ្រ។

នាវា​កង​ទ័ព​ជើង​ទឹក​វៀតណាម​ចូល​ចត​នៅ​កំពង់​ផែ​រាម នៅ​ថ្ងៃ​ទី២៧ ខែមេសា។ កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ


ស្រប​ពេល​ជាមួយ​គ្នា​នេះ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ក៏​មាន​ការ​ចូល​ចត​នៃ​នាវា​កងទ័ព​ជើង​ទឹក​ប្រជាជន​វៀតណាម​ចំនួន ១គ្រឿង​ លេខ២៦១ នៅ​កំពង់​ផែ​រាម ដែល​មាន​នាវិក​ ៣៧​នាក់។ នាវា​នេះ​ដឹកនាំ​ដោយ​ វរនាវីឯក បំរ៉ុង ម៉ាយ ដាំងហ្សាញ់ ​មេបញ្ជាការរង និង​ជា​នាយ​សេនាធិការ ​បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹក​ប្រជាជន​វៀតណាម។

ការ​ចូល​ចត​នៃ​នាវា​វៀតណាម​គឺ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ដក​បទពិសោធន៍​ការងារ​ល្បាត​រួម​លើក​ទី​៣៥​ នៅ​មូលដ្ឋាន​សមុទ្រ​រាម ​ជាមួយ​នឹង​កងទ័ព​ជើង​ទឹក​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ដែល​​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៨ ខែ​មេសា នេះ។​ ដំណើរ​ទស្សនកិច្ច​របស់​នាវា​វៀតណាម​នេះ​មាន​រយៈ​ពេល ៣ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី២៩ ខែមេសា។

នាវា​របស់​វៀតណាម​គឺជា​នាវា​បរទេស​ទី២​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សំចត​នៅ​ផែ​មូលដ្ឋាន​សមុទ្រ​រាម បន្ទាប់​ពី​ផែ​រាម​ និង ​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា-ចិន ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា។

កាល​ពី​សប្ដាហ៍​មុន នាវា​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ដែន​សមុទ្រ​ជប៉ុន​ពីរ​គ្រឿង​បាន​ចាក​ចេញ​ពី​កំពង់​ផែ​ដែល​ទទួល​បាន​ជំនួយ​ពី​ចិន​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម។ ប្រមុខ​ដឹកនាំ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា កម្ពុជា​ស្វាគមន៍​ការ​ស្នើ​សុំ​ចូល​ចត​នៃ​នាវា​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពី​គ្រប់​ប្រទេស៕