ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ខាងត្បូង ហៅ​កាត់​ថា ​កយកា (KOICA) ចុះ​កិច្ច​ព្រម​ព្រៀង​លើ​កំណត់​ហេតុ​ពិភាក្សា​គម្រោង​ជាមួយ​ក្រសួង​កសិកម្ម​ក្នុង​ការ​ផ្ដល់​ជំនួយ​ឥត​សំណង​ប្រមាណ ១២ លាន​ដុល្លារ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​កសិកម្ម​ និង​ជួយ​ឲ្យ​កសិករ​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ។

សេចក្ដី​ប្រកាស​របស់​ KOICA​ នៅ​ថ្ងៃ​ទី២៨ ខែ​មេសា​នេះ​បញ្ជាក់​ថា ជំនួយ​ឥត​សំណង​នេះ​ធ្វើ​ឡើង​តាម​រយៈ​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា «គម្រោង​កសាង​ទំនាក់​ទំនង​ចម្រុះ​រវាង​ការ​ស្រាវ​ជ្រាវ​ អប់រំ និង​ផ្សព្វ​ផ្សាយ​កសិកម្ម​ដែល​បន្ស៊ាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា»។

KOICA បញ្ជាក់​ថា៖ «គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ពី​ឆ្នាំ​២០២៥ ​ដល់​ឆ្នាំ​២០៣០ ដើម្បី​ផ្តល់​ឱ្យ​មន្ត្រី​ផ្សព្វផ្សាយ​ឃុំ ​នូវ​ឧបករណ៍ និង​ការ​បណ្តុះបណ្តាល​ដែល​ពួក​គេ​ត្រូវការ ដើម្បី​ជួយ​ឲ្យ​កសិករ​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​លើក​កម្ពស់​ជីវភាព​របស់​កសិករ​ផង​ដែរ»។


បើ​តាម​ KOICA ដដែល​ គម្រោង​នេះ​នឹង​នឹង​បង្កើត​ទំនាក់​ទំនង​បន្ថែម​រវាង​ផ្នែក​ពាក់​ព័ន្ធ​នានា​ដូចជា​ការអប់រំ-ស្រាវជ្រាវ និង​ផ្សព្វផ្សាយ ដែល​គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។

ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ពិភាក្សា​នៃ​គម្រោង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក​ស្រី Choi Moonjung នាយិកា​នៃ​ការិយាល័យ KOICA ប្រចាំ​កម្ពុជា និង​លោក​ ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។


KOICA៖ «មន្ត្រី​ផ្សព្វ​ផ្សាយ​ឃុំ​ដែល​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​ចំណេះ​ដឹង និង​បច្ចេកទេស​អនុវត្ត​កសិកម្ម​សំខាន់ៗ​ដល់​កសិករ​ទូទាំង​ប្រទេស។ ការ​វិនិយោគ​ចំពោះ​មន្ត្រី​ផ្សព្វ​ផ្សាយ​ឃុំ​នេះ​ គឺ​ជា​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​ដើម្បី​ពេល​អនាគត»។

យោង​តាម​ក្រសួង​កសិកម្ម ​ក្នុង​ឆ្នាំ​២០២៥​នេះ មន្ត្រី​កសិកម្ម​ឃុំ​ចំនួន​ ១ពាន់​នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​គ្រប់​រាជធានី និង​ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស​កម្ពុជា។ រហូត​មក​ទល់​ពេល​នេះ មន្ត្រី​កសិកម្ម​ឃុំ​ចំនួន ២៥០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ហើយ​កាល​ពី​ឆ្នាំ​២០២៤៕