សៀមរាបៈ កេសរកូល«ព្រះទ្រហឹង» ដែលជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងតែរីកជាលើកទី៣ រហូតដល់ទៅ៥ទង ដែលមិនធ្លាប់មាន នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន​ នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។

កេសរកូល«ព្រះទ្រហឹង»ត្រូវបានយកមកដំា និងអភិរក្ស នៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវ​ជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ជាមួយនឹងប្រភេទកេសរកូលផ្សេងៗទៀត។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្ការបស់វា អាចរីកបានរយៈពេលពី២ទៅ៣ខែ។

ក្រសួងបរិស្ថានបញ្ជាក់ថា៖«កេសរកូល ព្រះទ្រហឹង បានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១ ដែលមានចំនួន១ទងផ្កា។ លើកទី២នៅខែមេសា ឆ្នាំ២០២៤ចំនួន១ទងផ្កា និងបច្ចុប្បន្ន គឺក្នុងខែមេសា ឆ្នាំ២០២៥នេះ កេសរកូល ព្រះទ្រហឹង បាននិងកំពុងចេញផ្កាជាលើកទី៣ ដែលមានចំនួនរហូតដល់ទៅ៥ទងផ្កា»។


កេសរកូលព្រៃ កំពុងតែត្រូវបានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថានធ្វើការស្រាវជ្រាវ និងអភិរក្ស នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែននេះ។

កេសរកូល ព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum Speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid ឬ ​The Sugar Cane Orchid។ វាជាកេសរកូលធំជាងគេលើសកលលោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ  ដែលធ្លាប់បានជួបប្រទះមានដុះ នៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។


ក្រសួងបានឱ្យដឹងថា គេកំណត់វាថា ជាកេសរកូលធំជាងគេលើសកលលោក ដោយសារតែតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ។ រីឯទងផ្ការបស់វាវិញ អាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧ ០០០ ផ្កាក្នុង១គុម្ព។ ក្នុងនោះ ក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។

តាម​ការប៉ាន់ស្មាន ​ប្រទេស​កម្ពុជា​មាន​កេសរ​កូ​ល​ព្រៃ​ជាង​ ៥០០​ ប្រភេទ។ ក្នុងនោះ ជាង២០០ប្រភេទត្រូវបានសិក្សា ដើម្បីចងក្រងជាឯកសារទុក ​សម្រាប់​ការថែរក្សា និង​ការ​អភិរក្ស ជាពិសេស​គឺ​សម្រាប់​បង្កាត់​ពូជ ​បង្កើតជា​ប្រភេទ​ថ្មីៗ​បន្ថែមទៀត​។

មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៨  ហើយត្រូវបាន​សម្ពោធជាផ្លូវការ​កាលពីខែសីហា ឆ្នាំ២០២៣។

ការបង្កើត មជ្ឈមណ្ឌលនេះ គឺដើម្បីធ្វើជាកន្លែងសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃ តាមបែបវិទ្យាសាស្រ្ត, អភិរក្ស, សង្រ្គោះ និងស្តារប្រភេទកេសរកូលព្រៃ និងប្រភេទរុក្ខជាតិ ដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ។

ក្រៅពីនោះ ក៏ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីកេសរកូលព្រៃ និងប្រភេទរុក្ខជាតិនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ ក៏ផ្តល់ជាទីតាំង ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ និងជាកន្លែងលំហែកាយ ទស្សនាធម្មជាតិ និងការកំសាន្តនានាផងដែរ។

នាពេលបច្ចុប្បន្ននេះ សួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលនេះ ក៏កំពុងតែស្ថិតក្នុងការជួសជុលកែលម្អផងដែរ ក្រោមកិច្ចសហការ រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុនសោម៉ាគ្រុប៕