សារមន្ទីរ​ Guimet ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​បើក​ការ​តាំង​ពិព័រណ៍​ «Angkor Royal Bronzes: Art of the Divine» នៅ​ថ្ងៃ​ទី២៨ ខែ​មេសា ដែល​បង្ហាញ​វត្ថុបុរាណ​ខ្មែរ​ជាង ២០០​រូប​ ជា​ពិសេស​រូប​ចម្លាក់​ធ្វើ​ព្រះ​វិស្ណុ​ផ្ទំ​ធ្វើ​ពី​សំរឹទ្ធ ដែល​យក​ពី​ប្រាសាទ​មេបុណ្យ​ខាង​លិច។

ពិព័រណ៍​នេះ​នឹង​បើក​សម្រាប់​សាធារណជន​ចាប់​ពី​ថ្ងៃ​ទី៣០ មេសា ដល់​ថ្ងៃ​ទី៨ ខែកញ្ញា។ លោក​ស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ចូល​រួម​ក្នុង​កម្មវិធី​បើក​សម្ពោធ​ការ​តាំងពិព័រណ៍​នេះ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា។​

យោង​តាម​សារមន្ទីរ Guimet មាន​រូបចម្លាក់​ជាង ២០០​ដុំ​នឹង​ត្រូវ​ដាក់​បង្ហាញ​ ដែល​ក្នុង​នោះ​មាន​ចម្លាក់ ១២៦​ដុំ ដែល​ត្រូវ​បាន​ខ្ចី​ពី​សារមន្ទីរជាតិ​កម្ពុជា។ រួប​ចម្លាក់​ទាំង​នេះ​នឹង​បង្ហាញ​អ្នក​ទស្សនា​អំពី​បេតិកភណ្ឌ​ខ្មែរ និង​ស្វែង​យល់​ពី​ការ​វិវត្ត​នៃ​សិល្បៈ​ធ្វើ​ពី​សំរឹទ្ធ ​នៅ​កម្ពុជា ចាប់​ពី​សតវត្សរ៍​ទី៩ ដល់​សម័យ​ទំនើប។


រូបថត​ពី​សារមន្ទីរ Guimet។

Guimet ថ្លែង​ថា៖ «ពិព័រណ៍​នេះ​ស្វែង​យល់​ជាង​លើក​ដំបូង​ទៅ​លើ​តួនាទី​របស់​ព្រះ​មហា​ក្សត្រ ដែល​បាន​បញ្ជា​ឲ្យ​ចាក់​លោហធាតុ​ដ៏​សំខាន់​ចាប់​ពី​សម័យ​អង្គរ​រហូត​ដល់​សម័យ​ទំនើប និង​លាត​ត្រដាង​ថា​តើ សិល្បៈ​និង​អំណាច​នៅ​តែ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជាប់​លាប់​ឥត​ដាច់»។


Guimet បន្ត​ថា៖ «ពិព័រណ៍​នេះ​ប្រមូល​ផ្ដុំ​នូវ​រូប​ចម្លាក់​ វត្ថុ​ និង​បំណែក​ស្ថាបត្យកម្ម​ ក៏​ដូចជា​រូបថត ការ​ចាក់​ពុម្ព និង​ឯកសារ​ក្រាហ្វិក​ ដែល​ត្រូវ​បាន​រៀបចំ​ក្នុង​បរិបទ​មួយ​ទៅ​តាម​លក្ខណៈ​វប្បធម៌ បុរាណ​វិទ្យា និង ប្រវត្តិសាស្ត្រ»៕