ស្រុក​​បុទុម​​សាគរ​ ខេត្ត​កោះកុង​ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ជា​​​ស្រុក​​​អស់មីន​ ​តាម​រយៈ​កិច្ច​ប្រឹង​ប្រែង​បោស​សម្អាត​មីន​ក្រោម​ការ​គាំទ្រ​​​ពី​ជំនួយ​​របស់​រដ្ឋាភិបាល​ឥណ្ឌា។ ប៉ុន្តែ​អាជ្ញាធរ​មីន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ជា​និច្ច។

លោក​ទេស​រដ្ឋមន្ត្រី​ លី ធុជ អនុប្រធាន​ទី១​នៃ​អាជ្ញាធរ​មីន បាន​ថ្លែង​ថា សម្រាប់​​​វិស័យ​មីនវ​ កម្ពុជា និង​ឥណ្ឌា​ បាន​ចាប់​ផ្តើម​​កិច្ច​សន្ទនា​រវាង​គ្នា​​ក្នុង​ឆ្នាំ​២០២១ និង​បាន​ចាប់ផ្តើម​អនុវត្ត​ក្នុង​​ឆ្នាំ​២០២២ ក្រោម​ការ​គាំទ្រ​ពីគម្រោង​​ផ្តល់​ផល​រហ័ស ​(Quick Impact Project) និង​គម្រោង​ជំនួយរបស់​រដ្ឋាភិបាល​ឥណ្ឌា តាម​​រយៈស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា។​

បើ​តាម​លោក​ លី ធុជ ស្ថានទូតឥណ្ឌា​បាន​សម្រច​ជ្រើស​យក​ខេត្ត​កោះកុង​ ជា​ផែនការ​អាទិភាព​របស់​ខ្លួន​ក្នុង​ការ​រួមចំណែក​គាំទ្រ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ងារ​បោស​សម្អាត​មីន ដែល​រហូត​មក​ដល់​ពេលនេះ​ ផ្ទៃដី​សរុប​ចំនួន ២.៣៩៦.១៣៨ ម៉ែត្រក្រឡា​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ទទួល​បាន​ការ​គាំទ្រ​ពី​​រដ្ឋាភិបាល​​ឥណ្ឌា​ ដែលបាន​បញ្ចប់ និង​កំពុង​ធ្វើការ​បោស​សម្អាត។


លោក​ថ្លែង​ថា៖ «ស្រុក​បុទុម​សាគរ​ គឺ​ជា​ស្រុក​ដំបូង​គេបង្អស់​ក្នុង​ខេត្ត​កោះកុង ដែល​ត្រូវ​ប្រកាស​អស់​មីន​ ក្រោម​ជំនួយរបស់រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​បោស​សម្អាត​មីន​ក្នុង​ទំហំ​ផ្ទៃ​ដី​មាន​មីន​ដែល​បាន​ដឹង​ចំនួន ១.៤៧៥.០៨៧ ម៉ែត្រក្រឡា​ ដែលមាន​អ្នកទទួលផល​សរុប ២៣.៥៦០ នាក់។​​ ​ស្រុក​ដទៃ​ទៀត រួម​ទាំង​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង​ និង​ស្រុកកោះកុង​ នឹង​ត្រូវ​ប្រកាស​ជា​ស្រុក​អស់​មីន​បន្ត​បន្ទាប់​ទៀត​ ក្នុង​ឆ្នាំ​២០២៥»។

លោក​​ថ្លែង​អំណរ​គុណ​ភាគី​ពាក់​ព័ន្ធ​សម្រាប់​កិច្ច​ប្រឹង​ប្រែង​នេះ ដូចជា​កង​កម្លាំង​ដោះ​មីន​​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ (NPMEC) ​និង​​ប្រតិបត្តិករ​​ផ្សេងទៀត​ ដែល​​បាន​ចូលរួម​ទាំង​​កម្លាំង​កាយ​ និង​កម្លាំ​ង​​ចិត្ត​ ក្នុង​​ការរំដោះ​ផ្ទៃដី​ជូន​​ដល់​ប្រជាពលរដ្ឋ។


លោក​ក៏​​អរគុណ​​ដល់​ប្រទេស​ឥណ្ឌា​​សម្រាប់​ជំនួយ​ដោះ​មីន​នៅ​ស្រុក​នេះ និង​លើក​ឡើង​ពី​​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​បាន​ចាក់​ឫស​យ៉ាងជ្រៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​រាប់​ពាន់​ឆ្នាំ​ នៃ​បេតិកភណ្ឌ​ សាសនា វប្បធម៌ អរិយធម៌ និងភាសារួម។ លោក​ថា ទំនាក់​ទំនង​នេះ​នៅតែ​បន្ត​ឈរ​យ៉ាង​រឹងមាំ ក្នុង​រយៈ​ពេល ៧៣ឆ្នាំចុងក្រោយ នៅ​ពេល​ទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ​ត្រូវបា​ន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥២។

ពិធី​ប្រកាស​ស្រុក​​បុទុម​​សាគរ​ ខេត្ត​កោះកុង​ ជា​ខេត្ត​អស់មីន។ អាជ្ញាធរ​មីន

បើ​តាម​លោក លី ធុជ លទ្ធផល​នៃ​សង្រ្គាម​​ទាំង​​នេះ​ បាន​បន្សល់នៅ​គ្រាប់មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​​ពាស​ពេញ​ផ្ទៃ​ប្រទេស​ បណ្តាលឲ្យ​ប្រជាជន​ស្លូត​ត្រង់​ប្រមាណ​ជាង ៦៥.០០០ នាក់​ បាន​បាត់បង់ជីវិត ធ្លាក់ខ្លួនពិការ​ និង​រង​របួស​។ ចាប់​ពីឆ្នាំ​១៩៩២ ដល់​​ឆ្នាំ២០២៤ ផ្ទៃដី​សង្ស័យ​មាន​មីន​ និង​សំណល់ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ចំនួន ៣.២៩៧ គីឡូម៉ែត្រ​ក្រឡា​ ត្រូវ​បាន​បោស​សម្អាត​រួច​ ដោយ​រកឃើញ និង​កំទេចចោលនូវ​​មីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​ បាន​ចំនួនជាង​ ៤,៥ លានគ្រាប់។

លោក​ថា កម្ពុជា ​នៅ​សល់ផ្ទៃដី​មាន​មីន និង​សំណល់ជាតិផ្ទុះពី​សង្រ្គាមចំនួន ១.៦៩៧ គីឡូម៉ែត្រ​ក្រឡា​ទៀត​ ក្នុង​នោះ​ផ្ទៃដី​មាន​មីន ៤៦៩ គីឡូម៉ែត្រ​ក្រឡា​។

រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលដៅ​ ត្រូវ​រំដោះផ្ទៃដី​ដែល​ដឹង​ថា​មាន​មីន​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០៣០ ផ្ទៃដី​ដែល​ដឹង​ថា​មាន​គ្រាប់​បែក​ចង្កោម និង​ តំបន់​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម​ដែល​បាន​ចាត់​អាទិភាព​ត្រឹម​ឆ្នាំ​២០៣៥។​

លោក​ លី ធុជ ក្រើន​រំលឹក​ថា ទោះបី​ការ​បញ្ចប់ការ​ងារ​បោសសម្អាតមីន​ដែល​បាន​ដឹង​ ក្នុង​ស្រុក​បុទុម​សាគរ​​ ប៉ុ​ន្តែ​គ្រោះ​ថ្នាក់នៅតែ​អាច​កើតមានឡើង​ជា​យកថាហេតុណាមួយ ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាម​ ដែល​នៅ​រាយ​ប៉ាយ​​ទូទាំង​ស្រុក ​និង​តំបន់​មួយ​ចំនួន ដែល​តម្រូវ​ឱ្យ​មនុស្ស​ទាំង​អស់​គ្នា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

លោក ​Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ថា ជំនួយ​ឥតសំណង​ត្រូវ​បាន​ប្រកាស​ថា ​ជាផ្នែកមួយ​នៃ​ការប្តេជ្ញាចិត្ត​យ៉ាង​ធំធេង​របស់​ប្រទេស​ឥណ្ឌា​ចំពោះ​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា។ ការ​គាំទ្រ​នេះ​មាន​គោល​បំណង​​ប្រកាស​ស្រុក​ចំនួន​បី គឺ​ស្រុក​បទុមសាគរ ស្រែអំបិល និង​ស្រុក​ថ្មបាំង និង​ឃុំ​ត្រពាំងរូង​ ជា​តំបន់​អស់​មីន។

លោក​ថ្លែង​ថា៖ «នេះ​មិន​ត្រឹម​តែជាព្រឹត្តិការណ៍ដ៏សំខាន់​មួយ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាសក្ខីភាព​មួយ​ចំពោះ​អ្វីដែល​យើង​អាច​សម្រេច​បាន តាម​រយៈ​គោល​បំណង​រួម និង​ភាព​ជាដៃគូ​ដែល​ប្រទេស​​ទាំង​ពីរ​បាន​ខិតខំ​ប្រឹង​ប្រែង​កន្លង​មក»។

បើ​តាម​លោក Vanlalvawna ឥណ្ឌាក៏បានចូលរួម​ជួយ​ជនរងគ្រោះដោយសារគ្រាប់មីន​តាម​រយៈ​ការ​បង្កើត​កម្មវិធី​បំពាក់អវយវៈសិប្បនិមិត្ត​រយៈពេលមួយខែ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​រៀបចំ​ឡើង​ក្រោមគំនិតផ្តួច​ផ្តើម​របស់​ឥណ្ឌាដើម្បី​មនុស្សជាតិ​ក្នុង​ខែមីនា​ ឆ្នាំ២០២៣។ កម្មវិធី​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៦៥០នាក់៕