
រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងតំណាងអង្គការFAO ផ្តល់ពានរង្វាន់ ដល់ អង្គភាពជលផល និងសហគមន៍ជាង១០ ដែលបានចូលរួមអភិរក្សជលផលយ៉ាងសកម្ម ក្នុងរយៈពេល៥ឆ្នាំ។ រូបថត ក្រសួងកសិកម្ម/អង្គការFAO
ភ្នំពេញៈ អង្គភាពជលផល និងសហគមន៍នេសាទចំនួន១៨បានទទួលពានរង្វាន់ តាមរយៈកម្មវិធី CAPFISH-Capture ចំពោះអនុវត្តការងារបានល្អប្រសើរ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ដែលធ្វើឱ្យប្រសើរឡើងនូវ ធនធានជលផលទឹកសាបក្នុងរយៈពេល៥ឆ្នាំមកនេះ។
ការផ្តល់ពានរង្វាន់នេះធ្វើឡើងនាថ្ងៃអង្គារ ទី២៩ ខែមេសានេះ ក្នុងពិធីប្រារព្ធទិវាភពផែនដី ក្រោមប្រធានបទ "ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព”។ វេទិកានេះ រៀបចំឡើង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអង្គការFAO ដែលគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញនូវ ការគាំទ្រផ្នែកបច្ចេកទេសរបស់អង្គការFAO និងលទ្ធផលនៃការអនុវត្តកម្មវិធីដោយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ព្រមទាំងការចូលរួមអនុវត្តដោយសហគមន៍។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណាបានមានប្រសាសន៍ក្នុងពិធីបើកវេទិកានេះថា ពានរង្វាន់នេះ គឺបង្ហាញពីការខិតខំប្រឹងប្រែងទាំងអស់គ្នា ដែលមានទាំងសហគមន៍នេសាទ និងទាំងមន្រ្តីពាក់ព័ន្ធទាំងអស់។ លើសពីនេះ ពានរង្វាន់នេះ ក៏ជាការលើកទឹកចិត្តមួយ សម្រាប់ជំរុញឱ្យមានការចូលរួមជាមួយគ្នា ដើម្បីបន្តកិច្ចការអភិរក្សជលផលផងដែរ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងលើកទឹកចិត្ត ដើម្បីការងារនេះ បន្តធ្វើតទៅទៀតជាមួយគ្នា។ ការងារមានច្រើន ហើយការពង្រឹងច្បាប់ជារឿងសំខាន់ ដោយចាប់ផ្តើមពីច្បាប់ ដែលមានមូលដ្ឋានវិទ្យាសាស្រ្តពិតប្រាកដ»។
អង្គភាព ដែលទទួលបានពានរង្វាន់នេះ រួមមានខណ្ឌរដ្ឋបាលជលផល ដែលអនុវត្តកម្មវិធី SMART បានល្អប្រសើរក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផល, សហគមន៍នេសាទ ដែលអនុវត្តសកម្មភាពលើក កម្ពស់សមភាពយេនឌ័របានល្អប្រសើរ និងសហគមន៍នេសាទគំរូ ដែលអនុវត្តសកម្មភាព សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងមូលដ្ឋាន។
ចុងក្រោយ គឺអធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលផលផល ដែលមានស្នាដៃអនុវត្តផែនការទប់ស្កាត់ និងគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក នៅតំបន់ទន្លេសាប, ការការពារកន្លែងអភិរក្សត្រីមេពូជនិង ផ្សោតនៅតំបន់មេគង្គ និងច្បាប់ស្តីពីផលផលយ៉ាងសកម្ម និងមាន ប្រសិទ្ធភាព នៅតំបន់ចតុមុខ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណាថ្លែងក្នុងពិធីបើកទិវាភពផែនដី «ក្រោមប្រធានបទ "ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»។ រូបថត ក្រសួងកសិកម្ម/អង្គការFAO
សហគមន៍នេសាទ បឹងក្រពិត ក្នុងខេត្តត្បូងឃ្មុំ ដែលមានទំហំជាង៣ពាន់ហិកតា និងមានសមាជិកជាង៤០០គ្រួសារ គឺស្ថិតក្នុងចំណោមសហគមន៍ ដែលទទួលបានពានរង្វាន់នេះ។ លោកទូច អ៊ីម គណៈកម្មការ សហគមន៍នេសាទ បឹងក្រពិតបានឱ្យដឹងថា ការផ្តល់ពានរង្វាន់នេះ គឺជាការឆ្លើយតបទៅនឹងការតស៊ូការពារធនធានជលផល ដោយប្រយុទ្ធប្រឆាំងនឹងបទល្មើសនេសាទអស់រយៈពេលជាង២០ឆ្នាំរបស់សហគមន៍លោក។
លោកនិយាយថា៖«យើងខ្ញុំបានទទួលពានរង្វាន់ហ្នឹង សប្បាយចិត្តមែនទែន ហើយក៏ប្រឹងប្រែងខិតខំតទៅមុខទៀត។ បើនិយាយទៅ តស៊ូហ្នឹងជាង២០ឆ្នាំហើយ។ យើងបង្រ្កាបបទល្មើស ដើម្បីឱ្យត្រីកើតកូនបានច្រើន ហើយពលរដ្ឋរកផលបានច្រើន។ បទល្មើសសព្វថ្ងៃនេះស្បើយហើយ»។
លោកបានឱ្យដឹងថា បទល្មើសប្រមាណជា៨០ភាគរយត្រូវបានសហគមន៍បង្រ្កាបបាននាពេលបច្ចុប្បន្ននេះ។ ក្នុងនោះមានដូចជា ការដាក់ឧបរណ៍នេសាទខុសច្បាប់ស្បៃមុង ការប្រើប្រាស់ឧបករណ៍ឆក់ និងការទន្រ្ទានយកដីព្រៃសហគមន៍ជាដើម។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណា បានលើកឡើងថា ក្រសួងបានជ្រើសរើសយកប្រធានបទ ផ្នែកជលផលនាឆ្នាំនេះ ក៏ព្រោះថាធនធានជលផលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងវិស័យកសិកម្ម ដែលជាប្រភពនៃម្ហូបអាហារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖«ការប្រារព្ធទិវាភពផែនដីនាថ្ងៃនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ ប៉ុន្តែជា ការឆ្លុះបញ្ចាំងទៅនឹងអ្វីៗគ្រប់យ៉ាង ដែលធម្មជាតិផ្តល់ឱ្យយើងទាំងអស់គ្នា និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការទទួលខុសត្រូវការពារភពផែនដី ដែលជាផ្ទះរួមរបស់យើងឱ្យមានផាសុកភាពនិងមាននិរន្តរភាព ធានា បាននូវការទ្រទ្រង់ជីវិតមនុស្សជាតិនិងជីវៈចម្រុះ នាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត»។
លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា៖«អ៊ីចឹង យើងព្យាយាមទាញយក នូវធនធានទាំងនេះដើម្បីចិញ្ចឹមពលរដ្ឋយើង ផ្តល់នូវអាហារូបត្ថម្ភ។ តែមួយជំហានទៀត ត្រូវថែរក្សា ដើម្បីឱ្យធនធានទាំងនេះ បន្តផ្តល់នូវការចិញ្ចឹម ដល់ប្រជាពលរដ្ឋយើង»។

លោកបានឱ្យដឹងថា ច្បាប់ស្តីពីជលផលត្រូវបានអនុវត្តអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ហេតុនេះ ក្រសួងបានពិនិត្យឡើងវិញ នូវផ្នែកមួយចំនួននៃច្បាប់នេះ ដើម្បីធ្វើវិសោធនកម្ម រៀបចំទៅជាច្បាប់ថ្មីមួយ ឱ្យកាន់តែប្រសើរឡើង សម្រាប់ជួយរក្សាលំនឹង រវាងការអភិរក្ស និងការអភិវឌ្ឍន៍។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា៖«អ៊ីចឹងច្បាប់នេះគិតគូរពិភាក្សាជាច្រើន ហើយដកស្រង់នូវបទពិសោធន៍ ដែលយើងបានធ្វើកន្លងមក ហើយនឹងទិន្នន័យ ដែលយើងមាន ដើម្បីកំណត់ជាច្បាប់មួយឱ្យទាន់សម័យ ឱ្យទាន់សភាពការ នៃតម្រូវការតែម្តង»។
រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើច្បាប់នេះរួចរាល់អស់ហើយ ហើយក៏បានដាក់ជូនរដ្ឋសភាជាតិ ដើម្បីប្រជុំ និងអនុម័ត នាពេលឆាប់ៗខាងមុខនេះ។

លោកបានបន្តថា ជាមួយគ្នានេះការអនុវត្តច្បាប់នឹងត្រូវបន្តធ្វើយ៉ាងរឹងមាំ។ ប៉ុន្តែ ក៏មិនមែនតែអនុវត្តតែច្បាប់មួយមុខនោះដែរ គឺក្រសួងក៏ត្រូវក៏ជំរុញលើកម្ពស់ជីវភាពរបស់សហគមន៍ឱ្យកាន់តែកើនឡើងជាមួយគ្នាផងដែរ។
លោករដ្ឋមន្រ្តីបានលើកឡើងថា ការចូលរួមអនុវត្តក្នុងគម្រោងផ្សេងៗ និងកម្មវិធីរបស់រាជរដ្ឋាភិបាល បានជួយលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ ដែលជួយលុបបំបាត់នូវការនេសាទខុសច្បាប់ និងចូលរួមថែរក្សាអភិរក្សធនធានជលផល ដើម្បីឱ្យធនធាននេះ មាននិរន្តភាពតទៅទៀត។
កម្ពុជាបន្តបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីក្នុងដី និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈកម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។ កម្មវិធី CAPFISH-Capture ត្រូវបានអនុវត្តដោយរដ្ឋបាលជលផល( FIA )នៃក្រសួងកសិកម្ម ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការFAO។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថា៖«ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងបច្ចេកទេសរបស់អង្គការFAO យើងកំពុងជំរុញការផ្លាស់ប្តូររយៈពេលវែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរបស់យើង និងរក្សាធនធានធម្មជាតិរបស់យើង»។
ក្នុងឱកាសនោះ លោកIgor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់ដ៏ទូលំទូលាយ នៃភាពជាដៃគូ ទាំងនៅមូលដ្ឋាន និងស្ថាប័ន។
លោកមានប្រសាសន៍ថា៖«ថ្ងៃនេះក្រោមកម្មវិធី CAPFISH - Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះជីវៈចម្រុះ និងជលផលក្នុងស្រុកប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា»។ លោកបន្តថា តាមរយៈការគាំទ្រអ្នកស្រាវជ្រាវ ជាយុវជន និងការជំរុញដំណោះស្រាយ ដែលជំរុញដោយសហគមន៍ ពួកគេផ្តល់អំណាចដល់សហគមន៍ និងពង្រឹងស្ថាប័ន។ លោកចង់ឃើញកិច្ចសហការនេះ ជំរុញឱ្យមានការបង្កើតគំនិតច្នៃប្រឌិតថ្មីៗជាបន្តទៀត ក្នុងការអភិរក្ស អភិបាលកិច្ច និងការរីកចំរើនរួមគ្នា។

រីឯ លោកស្រី Rebekah Bell តំណាងអង្គការFAO ប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់អំពីអំណាចនៃសកម្មភាពរួម ដោយលើកឡើងថា ជលផលក្នុងស្រុកមានសារៈសំខាន់មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកផងដែរ។
លោកស្រីថ្លែងថា៖«តាមរយៈកិច្ចសហការជាមួយរដ្ឋាភិបាល សហគមន៍ និងដៃគូ យើងកំពុងកសាងប្រព័ន្ធអេកូឡូស៊ីដែលធន់រឹងមាំ ប្រព័ន្ធអាហារកាន់តែរឹងមាំ និងឱកាសកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា»។ លោកស្រីបន្ថែមថា កម្មវិធី CAPFISH - Capture បង្ហាញពីអ្វី ដែលអាចធ្វើទៅបាន នៅពេលដែលភាពជាអ្នកដឹកនាំវិទ្យាសាស្ត្រ និងសកម្មភាពក្នុងតំបន់ រួមគ្នាជំរុញការផលិតកាន់តែរីកចំរើន អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានល្អ និងជីវិតកាន់តែប្រសើរ ខណៈពេលដែលធានាថាគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។
កម្ពុជាមានសហគមន៍នេសាទនៅទូទាំងប្រទេសចំនួន៥១៦ ដែលក្នុងនោះសហគមន៍ចំនួន៤៥៩បានចុះបញ្ជីរហូតមកដល់នឹងពេលច្ចុប្បន្ននេះ។

លោកពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន រដ្ឋបាលជលផលបានលើកឡើងថា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និង អង្គការFAO រដ្ឋបាលជលផលអាចទទួលបានការប្រើប្រាស់នូវឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត ពង្រឹងការអនុវត្តការងារ និងកសាងសមត្ថភាពរបស់មន្រ្តីមូលដ្ឋាន ក៏ដូចជាសហគមន៍ពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា៖«កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ក្នុងការការពារជលផលរបស់យើង និងធានាថា សហគមន៍ត្រូវបានផ្តល់សិទ្ធិអំណាចជាដៃគូសំខាន់»។
កម្មវិធីនេះក៏បានចូលរួមចំណែកដល់ការការពារជម្រក និងការស្តារប្រព័ន្ធអេកូឡូស៊ីផងដែរ។ វាបានគាំទ្រដល់ប្រតិបត្តិការ ផែនការគ្រប់គ្រងព្រៃលិចទឹក យន្តការពន្លត់ភ្លើងឆេះព្រៃ និងការផ្តល់ការបណ្តុះបណ្តាលលើការដាំដុះដើមឈើ និងបច្ចេកទេស ដាំស្តារឡើងវិញនៅក្នុងខេត្តចំនួន៦។

លើសពីនោះ បង្គោលកំណត់ព្រំដែនជាង១ពាន់ត្រូវបានបោះឡើងវិញ នៅជុំវិញតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប ដើម្បីបង្ហាញពីព្រំប្រទល់សម្រាប់ជម្រកត្រីសំខាន់ៗ។
លើសពីការការពារធនធានជលផល និងការស្តារបរិស្ថាន កម្មវិធីកំពុងផ្តល់សិទ្ធិអំណាចដល់សហគមន៍ដើម្បីឈានមុខគេក្នុងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ ចាប់តាំងពីឆ្នាំ២០២១មក សហគមន៍នេសាទចំនួន១៥០ និងសហគមន៍ស្រះជម្រកត្រីចំនួន១០០(CFRs) បានទទួលមូលនិធិប្រចាំឆ្នាំរៀងខ្លួន ចំនួន១ពាន់ដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។
គោលការណ៍ណែនាំមួយ ក៏ត្រូវបានបង្កើតឡើងដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងមូលនិធិ ហើយអ្នកចូលរួមមានច្រើនជាង៥៧៤នាក់ មកពី២៥០សហគមន៍បានទទួលអត្ថប្រយោជន៍ពីសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលបន្ត ដោយការបង្វឹកនៅខេត្តចំនួន៨។ កិច្ចខិតខំទាំងនេះកំពុងកសាងភាពជាម្ចាស់ក្នុងតំបន់ និងធានាថា សំឡេងសហគមន៍គឺជាចំណុចសំខាន់សម្រាប់ការគ្រប់គ្រងជលផល៕