លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំង​ថ្នាក់​​ស្រុក​និង​ខេត្ត​នីមួយៗ​​​គិត​ផល​ប្រយោជន៍​រួម​ជាង​ជាជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ទៅ​បណ្ដាក់​ទុន​នៅ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មេសា​នេះ បាន​បើក​សម្ពោធ​ផ្លូវ​ជាតិ​ចំនួន​ ៣​ខ្សែ មាន​តម្លៃ​ ១៨៨លានដុល្លារ​អាមេរិក រួម​មាន​ផ្លូវ​ជាតិ​លេខ ៣១, ៣៣, និង ៤១ ដែល​ស្ថិត​នៅ​មួយ​ផ្នែក​នៃ​​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​នេះ ​លោក​លើក​ឡើង​ដូច្នេះ​ថា៖ «ធ្វើ​ផ្លូវ​ហើយ​អត់​មនុស្ស​ដើរ​ វា​ក៏​មិន​កើត​ដែរ។ ធ្វើ​ផ្លូវ​ហើយ​អត់​វិនិយោគ​មក​ប្រើ​ប្រាស់​ទាញ​យក​ផល ក៏​យើង​មិន​សូវ​បាន​សក្ដានុពល​ដែរ។ អីចឹង​រដ្ឋ​នឹង​បន្ត​លើក​ទឹក​ចិត្ត​ ហើយ​សុំ​បណ្ដា​ខេត្ត​ទាំង​អស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ និង​ខេត្ត​ពាក់​ព័ន្ធ​នៅ​ទិស​និរតី​ ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា ទាញ​ច្បាម​យក​ការ​ទាក់​ទាញ​នោះ​មក»។


លោក​ថា អាជ្ញាធរ​ត្រូវ​ពិនិត្យ​មើល​ថា​តើ​វិនិយោគ​ទាំង​នោះ​ទាញ​ផល​ប្រយោជន៍​រួម​អ្វី​ខ្លះ មិន​មែន​ជា​ការ​គិត​ផល​ប្រយោជន៍​បុគ្គល​នោះ​ទេ និង​លើក​ទឹក​ចិត្ត​ឲ្យ​ខេត្ត​ និង​ស្រុក​នីមួយៗ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ទាក់​ទាញ​វិនិយោគ តាមរយៈ​ការ​ផ្ដល់​សេវាកម្ម​​ល្អ។

លោក ហ៊ុន ម៉ាណែត៖ «សុំ​កុំ​និយាយ​ថា តើ​វា​ទាញ​អ្វី​ឲ្យ​ខ្ញុំ។ ដូរ​និយម​ន័យ​ពី​ខ្ញុំ​ ទៅ​ខេត្ត​ខ្ញុំ។


កុំ​ឃើញ​គេ​មក​ថា តើ​ខ្ញុំ​បាន​អ្វី​ផ្ទាល់​ខ្លួន ប៉ុន្តែ ត្រូវ​សួរ​ថា តើ​ខេត្ត​ខ្ញុំ ប្រជាជន​ក្នុង​ភូមិ​នេះ​បាន​អី​ច្រើន។ បើ​យើង​ដាក់​ទិស​ដៅ​នេះ ទើប​បម្រើ​សេវា​បាន​ល្អ។ បើ​ស្រុក​យើង ភូមិ​យើង​បាន​រីក​ចម្រើន​ហើយ យើង​គ្រួសារ​យើង​ក៏​បាន​ផល​ដែរ។ បើ​យើង​ដាក់​គោលដៅ​ យើង​និង​​គ្រួសារ​យើង​មុន ជួន​កាល​គេ​អត់​នៅ​ទេ គេ​រត់​ទាំង​អស់​គ្នា»។

ពី​កម្រិត​រដ្ឋាភិបាល លោក​ថ្លែង​ថា រដ្ឋាភិបាល​លោក​នឹង​​បន្ត​ធ្វើ​ផ្លូវ​​មេ​ និង​ផ្លូវ​ខ្នែង​តូចៗ​តភ្ជាប់​​គ្នា «ទាល់​តែ​ថ្ងៃ​ណា​មួយ​ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ជិះ​វង្វេង ជាជាង​អត់​ផ្លូវ។ រុញ​ទាល់​តែ​ដល់​តែ​ម្ដង»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន ម៉ាណែត លើ​ការ​ផ្ដល់​សេវា​ល្អ ហើយ​ថា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​ដាស់​តឿន​ដល់​មន្ត្រី​ដែល​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​នៅ​គ្រប់​លំដាប់​ថ្នាក់​នៃ​រដ្ឋបាល ឲ្យ​គិត​ប្រយោជន៍​រួម​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់​គ្រង​និង​ដឹកនាំ ជាជាង​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង ប្រយោជន៍​គ្រួសារ​ជា​ធំ។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ មន្ត្រី​គឺ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​និង​សហគមន៍​របស់​ខ្លួន … ដែល​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី មន្ត្រី​មិន​មែន​ជា​ចៅហ្វាយ ឬ​ជា​ម្ចាស់​នៃ​អាជីវកម្ម​ដូច​វិស័យ​ឯកជន​ទេ ប៉ុន្តែ​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​គិត​ប្រយោជន៍​សាធារណៈ​ជា​ធំ»។

លោក​បន្ត​ថា ប្រសិន​បើ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​អនុវត្ត​តាម​អ្វី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង ការ​ផ្ដល់​សេវាកម្ម និង​ការ​ផ្ដល់​ផល​ប្រយោជន៍​នានា​ដល់​ប្រជាពលរដ្ឋ​នឹង​ប្រសើរ​ជាង​មុន។ ជា​លទ្ធផល​ ប្រជាពលរដ្ឋ​នឹង​រីករាយ​ចំពោះ​សេវាកម្ម និង​ផល​ប្រយោជន៍​ដែល​ទទួល​បាន៕