សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា​ នឹង​ទទួល​បាន​អាហារ​ក្តៅៗ​ដ៏​មាន​ជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២៩​ តាមរយៈ​គម្រោង​​មួយ​មាន​ទឹក​ប្រាក់​១០​លាន​ដុល្លារ​។

ការ​ទទួល​បាន​អាហារ​ក្ដៅៗ​នេះ​ មាន​នៅ​ក្នុង​គម្រោង​ដែល​​ក្រសួងអប់រំ យុវជន និងកីឡា  សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក​នៃអង្គការសហប្រជាជាតិ ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី២៩ ខែ​មេសា​នេះ ​ដើម្បីបន្តគាំទ្រដល់ការពង្រីក និងពន្លឿនការធ្វើស្ថាប័នូបនីយកម្ម នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់​​កសិផល​ក្នុងសហគមន៍នៅកម្ពុជា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលបានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩០,០០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៦៨៦សាលា។ សាធារណរដ្ឋកូរ៉េបន្ត​​កសាងបន្ថែមលើសមិទ្ធផលពី​ដំណាក់កាលទី១ (២០២០-២០២៤)។


ជំនួយ​បន្ថែម​នេះ​​នឹង​ ផ្តល់អាហារក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា។ សាលារៀនទាំងនេះនឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលទៅតាមដំណាក់កាលជាបន្តបន្ទាប់​រហូត​អស់ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២៨។

លោក​ ហង់ជួន ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែងអំណរគុណដល់​ការបន្តការគាំទ្រពីសំណាក់ ​រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ  ទី​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក។


លោក​ថ្លែង​ថា៖ «កម្មវិធីផ្តល់អាហារតាមសាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារូបត្ថម្ភ គ្រប់គ្រាន់សម្រាប់កុមារប៉ុណ្ណោះទេ គឺថែមទាំងជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង»។

ពិធី​ចុះ​ហត្ថលេខា​លើកម្មវិធីផ្តល់អាហារតាមសាលារៀន នៅ​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី២៩ ខែមេសា។ WFP Cambodia

កម្មវិធីផ្តល់អាហារតាមសាលារៀននេះត្រូវបានបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្ស និង អាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៧ ​ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

លោកស្រី Moon Jung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជាបានលើ​ក​ឡើង​ថា៖ «ការគាំទ្រនៅក្នុងដំណាក់កាលទី២នេះ​ គឺបានបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា តាមរយៈការគាំទ្រប្រព័ន្ធជាតិ ដែលមានតួនាទីផ្តល់នូវការអភិវឌ្ឍន៍យូរអង្វែងក្នុងវិស័យអប់រំ អាហារូបត្ថម្ភ និងជីវភាពរស់នៅតាមទីជនបទ»។

កម្មវិធីផ្តល់អាហារតាមសាលារៀនបានអនុវត្តវិធីសាស្រ្តប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយផ្សារភ្ជាប់ការអប់រំ និងអាហារូបត្ថម្ភជាមួយកសិកម្មក្នុងភូមិ ដោយការបញ្ជាទិញកសិផលផ្សេងៗពីក្រុមកសិករខ្នាតតូចក្នុងសហគមន៍។

លោក​ស្រី គ្លែរ កូណាន់ តំណាងនិងជានាយិកានៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំ​កម្ពុជា​ ថ្លែង​ថា៖ «កម្មវិធីស្បៀងអាហារពិភពលោក មានមោទនភាពបំផុត ក្នុងការបន្តគាំទ្រដល់ដំណើររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ភាពជាម្ចាស់យ៉ាងពេញលេញ​នៃកម្មវិធីផ្តល់អាហារតាមសាលារៀន​ប្រកបដោយនិរន្តរភាព»។

លោកស្រី​បន្ត​ថា៖ «កិច្ចសហការជាថ្មីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និង កីឡាជាឧទាហរណ៍ដ៏មានអានុភាពមួយអំពីរបៀបនៃកិច្ចសហការគ្នា ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារ ការបង្កើនគុណភាពនៃការសិក្សា និងការកសាងសហគមន៍ដែលមានភាពធន់បន្ថែមទៀត»៕