
ជនល្មើសទាំង២នាក់ ដែលត្រូវតុលាការខេត្តសម្រេចឃុំខ្លួន នៅពន្ធនាគារ ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ទម្ងន់ជាង ៤៧គីឡូក្រាម។ រូបថត Anti-Drug Department
ស្ទឹងត្រែងៈ តុលាការខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរស២នាក់នៅពន្ធនាគារខេត្ត ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ទម្ងន់ជាង ៤៧គីឡូក្រាម។
បុរសជាជនជាតិខ្មែរ ទាំង២នាក់នេះ មានឈ្មោះ ធុជ វណ្ណៈ អាយុ ៥៥ឆ្នាំ និងឈ្មោះ យូ គ្រី អាយុ ៥៥ឆ្នាំ។ បុរសទាំង២ ត្រូវបានកម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួន កាលពីថ្ងៃ២ ខែមេសានេះ នៅវេលាម៉ោង០៖៤៨នាទី នៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្រោយពីបានធ្វើការស៊ើបអង្កេតរួចមក។ នេះបើយោងតាម មន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃពុធ ទី៩ ខែមេសា។
វត្ថុតាងដែលត្រូវបានរកឃើញ និងរឹបអូស មានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។
កិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើង ក្រោមកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង។
ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី។
លោកឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃពុធ ទី៩ ខែមេសាថា តុលាការខេត្តបានសម្រេចឃុំខ្លួនជនល្មើសទាំង២នាក់នៅពន្ធនាគារខេត្ត ក្រោមការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់។
យ៉ាងហោចណាស់គ្រឿងញៀនជាង១១០គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការរឹបអូស ហើយមនុស្សចំនួន៨នាក់ត្រូវបានឃាត់ខ្លួនផងដែរ កាលពីចុងខែមីនាកន្លងមក នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់ ចិន៤នាក់ និងភូមា២នាក់៕