ចាប់​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា​ខាង​មុខ​នេះ​តទៅ រាល់​ទំនិញ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​កំណើត​ទំនិញ​ ចេញ​ដោយ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម។ ផលិតករ ឬ អ្នក​នាំ​ចេញ​ទំនិញ​ទៅ​សហរដ្ឋ​អាច​ស្នើ​សុំ​លិខិត​បញ្ជាក់​ពី​ដើម​កំណើត​ទំនិញ​ដែល​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។

«ក្នុង​ករណី​មាន​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​នាំ​ចូល ឬ​ក្នុង​ករណី​ចាំ​បាច់ ដែល​មាន​ការ​សង្ស័យ​លើ​ដើម​កំណើត​ទំនិញ អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​រួម និង​អាច​ស្នើ​សុំ​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ»។

«ក្នុង​ករណី​រក​ឃើញ​ថា​ផលិតករ​ ឬ​អ្នក​នាំ​ចេញ​ប្រព្រឹត្ត​បទ​ល្មើស​ក្លែងបន្លំ​ដើមកំណើត​ទំនិញ​តាម​គ្រប់​រូបភាព រួម​ទាំង​បទល្មើស​ជ្រក​ក្រោម​ប្រតិបត្តិការ​ផ្ទេរ​មធ្យោបាយ​ដឹក​ជញ្ជូន ត្រូវ​រង​ទណ្ឌកម្ម​ដូច​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ពាក់​ព័ន្ធ​នៃ​ច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ និង​ច្បាប់​ស្តី​ពី​គយ»។ នេះ​បើ​យោង​តាម​ប្រកាស​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​ប្រកាស​អន្តរក្រសួង។


វិធានការ​ចុង​ក្រោយ​នេះ ក៏​មាន​ឡើង​ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធ​លើ​ទំនិញ​បន្ទះ​សូឡា​នាំ​ចេញ​ពី​កម្ពុជា​រហូត​ដល់​ទៅ​ជាង ៣៥០០​ភាគរយ ទោះ​បី​ជា​វិធានការ​ដែល​ធ្វើ​ឡើង​តាម​បណ្ដឹង​ក្រុមហ៊ុន​នានា​នេះ មិន​ទាន់​ចូល​ជា​ធរមាន​ក្ដី។ សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​នាំ​បន្ទះ​សូឡា​ពី​កម្ពុជា​ទទួល​បាន​ការ​ឧបត្ថម្ភ​ធន់​ក្នុង​ការ​ផលិត​ និង​បាន​លក់​បង្ខូច​ថ្លៃ​នៅ​សហរដ្ឋ​អាមេរិក៕