ភ្នំពេញៈ ខ្សែភាពយន្តខ្លីស្តីពី គម្រោង«ស្រូវមិត្តក្រៀល» ដែលជាគំនិតផ្តួចផ្តើម នៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ ត្រូវបានដាក់បង្ហាញ នៅថ្ងៃទី១០ ខែឧសភានេះ ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥។

ការដាក់បង្ហាញនេះធ្វើឡើងដោយក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife International) និងមូលនិធិ Mandai Nature នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

ខ្សែភាពយន្តខ្លី នៃគម្រោង «ស្រូវមិត្តក្រៀល» ត្រូវបានផលិតឡើងដើម្បីអបអរសាទរ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ចែករំលែកទីជម្រក ការបង្កើតទីប្រជុំជន និងសហគមន៍មេត្រីភាពសត្វស្លាប”។


ខ្សែភាពយន្ត ដែលមានរយៈពេលជាង៦នាទីនេះបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើង ក្នុងការអនុវត្តរបស់គម្រោង ក្នុងរយៈពេល៣ឆ្នាំមកនេះ ជាពិសេសការលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វក្រៀល។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម។

វត្តមានសត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដែលស្ថិតក្នុងគម្រោង«ស្រូវមិត្តក្រៀល»។ រូបថត NLC


ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក គឺជាយុទ្ធនាការមួយធ្វើឡើងចំនួន២ដង នៅខែឧសភា និងខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងភាពចាំបាច់ ក្នុងការអភិរក្សសត្វស្លាបទេសន្ដរប្រវេសន៍ និងទីជម្រករបស់ពួកគេ។ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកប្រមូលផ្តុំមនុស្ស  តំណាងអង្គការនិងអ្នកពាក់ព័ន្ធ នៅជុំវិញពិភពលោក ដើម្បីអបអរទិវានេះ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្កើនការយល់ដឹង ឆ្លើយតបនឹងការគំរាមកំហែង ដែលសត្វស្លាបទាំងនេះបានប្រឈម។

លោកប៊ូ វរសក្ស នាយកប្រតិបត្តិ នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីសាកល្បងអស់រយៈពេល៣ឆ្នាំ លទ្ធផលវិជ្ជមាននៃគម្រោងនេះបានលើកទឹកចិត្តដល់ក្រុមអភិរក្សយ៉ាងខ្លាំង។

លោកបញ្ជាក់ថា៖«យើងមានគោលបំណងក្នុងការពង្រីកគម្រោងនេះ ដើម្បីទទួលបានសមិទ្ធផលកាន់តែធំ ក្នុងការអភិរក្សសត្វក្រៀល និងជីវិភាពរបស់សហគមន៍។ សូមសាធារណជនទាំងអស់ចូលរួមទស្សនាខ្សែភាពយន្តដែលផលិតឡើងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើង និងដើម្បីចូលរួមគាំទ្រដល់គម្រោងអភិរក្សនេះឱ្យមាននិរន្តរភាព»។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានអបអរសាទរចំពោះភាពជោគជ័យ នៃគម្រោងស្រូវសត្វក្រៀលនេះ។ លោកមានប្រសាសន៍ថា ក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សធនធានធម្មជាតិ ដោយសហការជាមួយដៃគូសហការនានា ជាពិសេសសហគមន៍មូលដ្ឋាន។ តួយ៉ាងការអភិរក្សសត្វក្រៀល ដែលត្រូវបានគាំទ្រ និងចូលរួមពីសហគមន៍មូលដ្ឋាន។

ការប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោង«ស្រូវមិត្តក្រៀល» នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថត NLC

លោកថ្លែងដូច្នេះថា៖«គម្រោងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើង ចូលរួមទប់ស្កាត់ការបំពុល កាត់បន្ថយការប្រើប្រាស់ជីគីមី និងផ្តល់ជាប្រភពអាហារបន្ថែម សម្រាប់សត្វក្រៀលផងដែរ»។

លោកអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសាធារណជន ចូលរួមបរិភោគអង្ករ នៃគម្រោងស្រូវមិត្តសត្វក្រៀល ដើម្បីទទួលបានសុខភាពល្អ ជួយដល់ប្រជាកសិករ ក៏ដូចជាចូលរួមការពារ និងអភិរក្សសត្វក្រៀល សម្រាប់កូនចៅតជំនាន់។

សត្វក្រៀល (Antigone antigone sharpii) ជាប្រភេទសត្វស្លាបទឹកដ៏ធំ និងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។ សត្វក្រៀលត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃ ហើយថែមទាំងបានបង្ហាញក្នុងសិល្បៈ និងស្ថាបត្យកម្មតាំងពីសម័យអង្គរមក។ ទោះជាយ៉ាងណា សត្វក្រៀលបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងភូមិភាគអាស៊ីអាគ្នេយ៍។

សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការIUCN។ នៅប្រទេសកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត និងបម្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។

ការប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោង«ស្រូវមិត្តក្រៀល» នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថត NLC

យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ២០២៤ មានសត្វក្រៀលតែចំនួន១៧៨ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។  អ្នកស្រាវជ្រាវ បានបង្ហាញឱ្យឃើញពីការធ្លាក់ចុះរបស់សត្វក្រៀលក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភ ក្នុងរយៈពេលតែជាងមួយទសវត្សរ៍កន្លងទៅនេះ ដោយសារអត្រាការស្លាប់កើនឡើង និងការធ្លាក់ចុះនៃការពងកូន។

គម្រោង«ស្រូវមិត្តក្រៀល» ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ នៅ​ជាប់​តំបន់​ការ​ពារ​​ទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីលើកកម្ពស់ ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ ដើម្បីជួយការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ នៅឆ្នាំ២០២៥ ផ្ទៃដីដាំដុះរបស់គម្រោង បានពង្រីកដល់ជាង១៨៥ហិកតា។

ការបង្កើតគម្រោងនេះ គឺក្រោយពីមានការស្លាប់របស់សត្វក្រៀលចំនួន១០ក្បាលកាលពីឆ្នាំ២០១៨។ បន្ទាប់ពី ​យ​កសាកសពទៅពិនិត្យឃើញមានសារធាតុគីមីពុល​ ដែលទំនងបណ្តាលមកពីការប្រើប្រាស់ជីគីមី ឬទុកដាក់កាក​សំ​ណល់​សំ​បក​ថ្នាំ​គី​មីមិនបានត្រឹមត្រូវ។

សាធារណជនអាចទស្សនាខ្សែភាពយន្តខ្លីរបស់ «គម្រោងស្រូវមិត្តក្រៀល» ដែលមានភ្ជាប់ជូនផងដែរ ​https://shorturl.at/mIrwo