ភ្នំពេញៈ ក្រុមអ្នកវិភាគ និងតាមដានបញ្ហាសង្គមបានលើកយោបល់ឱ្យភាគីពាក់ព័ន្ធចុះទៅស្រាវជ្រាវផ្ទាល់រួមគ្នា ឬ​ស្នើ​កិច្ច​អន្ត​រាគ​មន៍​ពី​ប្រមុ​ខរដ្ឋាភិបាល ដើម្បីបញ្ចប់ការ​សាច​ទឹ​ក​ដា​ក់​គ្នា រវាងសកម្មជនបរិស្ថាន ឈ្មោះម៉ា ចិត្រា និង​ស្ថាប័នបរិស្ថាន លើករណីបទ​ល្មើស​ព្រៃឈើ​ក្នុ​ងព្រៃ​ឡង់ខេត្តព្រះវិហារ។

បញ្ហាបទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃឆែប-ព្រះរកាកាន់តែឡើងកំដៅ ក្រោយពី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចេញលិខិតបំភ្លឺ ឆ្លើយតបទៅនឹងយុវជនម៉ា ចិត្រា ដែល​បានធ្វើការ​ផ្សព្វផ្សាយតាមណ្តាញសង្គមពីការរក​ឃើញ​បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សនោះ។

មន្ទីរបរិស្ថានបានចាត់ទុកការរកឃើញបទល្មើសរបស់យុវជនម៉ា ចិត្រាថា ជា«ការបង្កើតព័ត៌មានមិនពិត មាន​ចេត​នាញុះញង់ ប៉ុនប៉ងនឹងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើ ឱ្យ​នយោបាយ​រប​ស់ក្រុ​មអ​គតិ​ក្រៅ​ច្បាប់​នៅ​ក្រៅប្រទេស»។


អ្នកតាមដានបញ្ហាសង្គមក្នុងវិស័យអភិបាលកិច្ច លោកឱក សេរីសោភក្តិ៍ ​មាន​ច្ងល់​ក្រោយពីបាន​អា​នសេ​ច​ក្តីបំ​ភ្លឺ​ព័ត៌​មា​នរបស់មន្ទីរបរិស្ថានខេត្តព្រះវិហាររួចមក ហើយលោកបាន​សំណូមពរមួយ​ចំនួន ​ស្នើទៅ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

លោកបានលើកឡើងថា​ បើមានករណីដូចដែលបានលើកឡើងដោយលោក ម៉ា ចិត្រា, មន្ទីរ និងក្រសួង គួរតែ​បើកការស៊ើបអង្កេតមួយសិន ទៅលើករណីនៅលើភូមិសាស្ត្រ និងកាលបរិច្ឆេទជាក់ស្តែង មុន​នឹង​ទាញ​យោប​ល់​សរុប។ លោកថា ក្នុងសម័យធីជីថលនាពេលបច្ចុប្បន្ននេះ  វាមិនពិបាកទេ ក្នុងការផ្ទៀងផ្ទាត់ ថាតើជារូបចាស់ ឬ​ជារូបថតបច្ចុប្បន្ន។ បើពិនិត្យទៅ ឃើញថាជារូបចាស់ នោះបុគ្គលដែលផ្សព្វផ្សាយត្រូវតែមានកំហុស។ ប៉ុន្តែ​បើ​ជា​រូបភាពថ្មីមែន ត្រូវតែធ្វើការស៊ើបអង្កេត ដោយអង្គភាពមិនពាក់ព័ន្ធដោយចំពោះ។


ដើមឈើ ដែលត្រូវបានគេលួចកាប់ ដែលជាផ្នែកមួយ នៃបទល្មើសព្រៃឈើ ដែលយុវជនម៉ា ចិត្រារកឃើញ ក្នុងដែនជម្រកសត្វព្រៃព្រះរកា។ រូបថត ម៉ាចិត្រា

ម្យ៉ាងវិញទៀត លោកយល់ឃើញថា សំណុំរឿងនេះជាករណីបរិស្ថាន/សង្គម មិនត្រូវផ្សារភ្ជាប់ទៅនឹង​រឿង​ន​យោ​បាយ ដែលជាសំណុំរឿងមួយទៀតដាច់ដោយឡែកនោះទេ។ ការផ្សារភ្ជាប់សំណុំរឿងដូច្នេះ «មានលក្ខណ:គំ​រាមកំ​ហែង និងបង្ហាញដោយស្វ័យប្រវត្តិនូវភាពកំសោយនៃអំណះអំណាងយោង»។

ក្រៅពីនោះ លោកថា ការហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ផ្សាយអំពីសំណុំរឿងនេះ ទាំងដែល​មិនទាន់​មាន​ការ​ស៊ើបអង្កេតច្បាស់លាស់ គឺមានលក្ខណ:គំរាមកំហែង ហើយរឹតតែធ្វើ​ឲ្យមតិសាធារ​ណ:មាន​មន្ទិល​សង្ស័យ​លើក​រណីមួយនេះ។

លោកសេរីសោភក្តិ៍បញ្ជាក់ថា៖«សម្តេចធិបតីធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើការទិទៀនស្ថាបនា ជៀស​វាង​ការ​ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បំផ្លិចបំផ្លាញ។ មុននឹងចេញសេចក្តីបំភ្លឺ មន្ទីរបរិ​ស្ថាន​ខេត្ត​ច្បាស់ជាបានទទួលភ្លើងខៀវពីក្រសួងបរិស្ថាន ដូច្នេះការស៊ើប​អង្កេតត្រូវធ្វើ​ឡើងដោយ​អជ្ញាធរ​ខ្ពស់​ជាង​នេះ​»។

ក្នុងឋាន:ជាអ្នកតាមដានបញ្ហាសង្គមក្នុងវិស័យអភិបាលកិច្ច លោកសង្កេតឃើញថា រា​ជរដ្ឋាភិ​បាល​អណត្តិ​ទី​៧នេះ មានឆន្ទ:នយោបាយមុតមាំក្នុងរឿងអភិបាលកិច្ច តែគម្លាតរវាងឆន្ទ:នយោបាយនោះ និង​ការអនុវត្ត​របស់​មន្ត្រី​ថ្នាក់ក្រោម នៅឆ្ងាយពីគ្នានៅឡើយ។

លោកបានចាត់ទុកថា អភិបាលកិច្ចជាមូលដ្ឋានគ្រិះ នៃ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋទៅលើរាជរដ្ឋាភិបាល។ ​ដូ​ច្នេះ​ហើយទើបមានអភិក្រមទី៥ គឺវះកាត់ ឬដកដំណែង( ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

ដោយឡែក លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាក៏បានសង្កេតឃើញផងដែរថា ក​ន្លងមក​មានការផ្សព្វផ្សាយខុសគ្នា រវាងសកម្មជនបរិស្ថាន និងក្រសួងបរិស្ថាន ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ។ ​ពេល​​ខ្លះ​ក្រសួងបានអះអាងថាសកម្មជន ឬសហគមន៍បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ដើម្បីដោះស្រាយបញ្ហានេះ លោកផ្តល់ជាយោបល់ថា តំណាងក្រសួង​ និងសកម្មជនបរិស្ថា​ន​ ឬការពារព្រៃឈើ​គួរ​តែមានកម្មវិធីល្បាតរួមគ្នាទៅទីតាំង ដែលភាគីនីមួយៗបានអះអាងថា រកឃើញបទល្មើស ដោយមាន​អ្នកសារព័ត៌​មានចូលរួមផងដែរ។ លោកយល់ឃើញថា វិធីល្បាតរួមគ្នានេះនឹងផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។

ចំពោះ អ្នកវិភាគបញ្ហាសង្គម លោកមាស នីវិញបានមើលឃើញថា វិវាទនេះ គឺមានភាពងាយ​ស្រួល ក្នុង​ការ​ដោះស្រាយ ដោយគ្រាន់តែចំណាយពេល ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ។

លោកផ្តល់ជាយោបល់ថា៖«សាកសួ៛អ្នកភូមិ នៅតាមតំបន់​ភូមិ ដែលរស់​នៅជាយព្រៃ​ឡង់នោះ​គាត់នឹង​ប្រាប់​យើង នូវរាល់បញ្ហាទាំងអស់ ដែលកំពុងកើតមាន»៕