
អ្នករាំរបាំសហសម័យកម្ពុជា គឹម សុជាតិ (ឆ្វេង) បានចូលរួមហាត់សមជាមួយសិល្បករប្រទេសផ្សេងទៀត មុនព្រឹត្តិការណ៍ដែលប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី។ រូបថត សហការី
ភ្នំពេញ៖ មហោស្រពសិល្បៈអន្តរជាតិសិង្ហបុរី (SIFA) ឆ្នាំ២០២៥ ដែលចាប់ផ្ដើមព្រឹត្ដិការណ៍ប្រចាំឆ្នាំរបស់ខ្លួនពីថ្ងៃទី ១៦ ឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ប្រារឰខួបលើកទី ៦០ របស់ប្រទេសសិង្ហបុរី ជាមួយនឹងការសម្តែង និងកម្មវិធីជាង ១៥០ រួមទាំងគណៈកម្មការក្នុងស្រុកថ្មីចំនួន ១៥។
ការសម្តែងដ៏លេចធ្លោមួយគឺ COLONY – A True Colors Project ជាការបញ្ចូលគ្នាដ៏មានឥទ្ធិពលនៃរបាំ តន្ត្រី និងខ្សែភាពយន្ត។
ការសម្ដែងជាសិល្បៈបង្ហាញក្បាច់រាំសហសម័យចម្រុះជាតិសាសន៍ចំនួន ១៣ នាក់មកពីទូទាំងអាស៊ីអាគ្នេយ៍ មកពីសិង្ហបុរី ជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា និងថៃ ដែលម្នាក់ៗមានសិល្បៈ និងបទពិសោធន៍ផ្ទាល់របស់ពួកគេ។
ការសម្តែងនេះលើសពីការបង្ហាញទម្រង់សិល្បៈ តែក៏ដផ្តោតលើសមភាព និងការសហការ បង្កើតជាឆាករួមគ្នាមួយដែលអ្នករាំទាំងអស់ ដោយមិនគិតពីសមត្ថភាព ឬសាវតា មករួមគ្នាជាដៃគូស្មើគ្នា។
ក្នុងចំណោមតារាសិល្បៈល្បីៗមានតារារបាំខ្មែរលោក គឹម សុជាតិ ដែលកំពុងធ្វើឲ្យកក្រើកលើឆាកអន្តរជាតិ។
កើតនៅរាជធានីភ្នំពេញ និងបានបាត់បង់ជើងទាំងសងខាងដោយសារជំងឺប៉ូលីយ៉ូតាំងពីអាយុ១ឆ្នាំ ដំណើររបស់ គឹម សុជាតិ ចូលរាំពិតជាទាក់ទាញ និងអស្ចារ្យ។
ជាអ្នកស្រុកនៅរាជធានីភ្នំពេញ តែបានទៅទទួលការបណ្ដុះបណ្ដាលផ្នែកសិល្បៈនៅខេត្ដកំពត លោក សុជាតិ មិនមានសាច់ញាតិណាជាសិល្បករនោះទេ។
ផ្ដើមពីតន្ដ្រីករលេងឧបករណ៍ព្យាណូ យុវជនដែលបច្ចុប្បន្នអាយុ ៣២ឆ្នាំ បានប្រែក្លាយជាអ្នករាំបែបសហសម័យ។
លោកបានរំឭកពីការផ្លាស់ប្ដូរនេះថា៖ «បងប្រុសម្នាក់ដែលមានពិការភាព ជាអ្នករាំនៅខេត្ដកំពត បានណែនាំពីសិល្បៈរាំនេះ។ វាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍គួរសមដែរ ហើយចូលចាប់យកអាជីពនេះតែម្ដង»។
ជាអ្នករបាំសហសម័យ លោក សុជាតិ បានចូលរួមសម្ដែងក្នុងព្រឹត្ដិការណ៍ជាតិ និងអន្ដរជាតិធំៗ ដូចជា ការទទួលទង់សម្រាប់បន្ដវេណជាម្ចាស់ព្រឹត្ដិការណ៍កីឡាប៉ារ៉ាឡាំពិកនៅប្រទេសឥណ្ឌូនេស៊ី ជាពិសេស ការសម្ដែងជាប្រវត្ដិសាស្ដ្រក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា។

អ្នករាំចម្រុះជាតិសាសន៍ចំនួន ១៣ នាក់មកពីតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា និងថៃ ដើម្បីសម្តែង COLONY – A True Colors Project នៅមហោស្រពសិល្បៈអន្តរជាតិសិង្ហបុរី (SIFA) ឆ្នាំ ២០២៥។ រូបថតសហការី
ចំពោះឆាកប្រកួតប្រជែង លោកបានចូលរួមកម្មវិធី Cambodia’s Got Talent ដោយប្រើប្រាស់ជំនាញរបាំសហសម័យ។
ចំពោះការត្រៀមខ្លួនចូលរួមលើវេទិកាអន្ដរជាតិខាងមុខនេះ លោក សុជាតិ បានឱ្យដឹងថា «ខ្ញុំបានចូលរួមម្ដងរួចហើយក្នុងវិធី COLONY – A True Colours Project នេះម្ដងនៅឆ្នាំ២០១៧ តែជាសិល្បករអមឆាកធំ ជាមួយការសម្ដែងកំដរឆាក។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីប្រទេសសិង្ហបុរីថា៖ «អំឡុងព្រឹត្ដិការណ៍ឆ្នាំ២០២៥ នេះ ខ្ញុំត្រូវបានអញ្ជើញម្ដងទៀត តែជាឆាកសម្ដែងធំ។ ធ្លាប់តែជាក្ដីស្រមៃ តែឆ្នាំនេះ វាបានក្លាយជាការពិត ដែលខ្ញុំនឹងអាចបង្ហាញពីជំនាញ សមត្ថភាពរបស់ខ្ញុំ»។
លោកបានបន្ដថា ប្រធានបទពណ៌ចម្រុះ គឺជាការសម្ដែងរួមគ្នារវាងសិល្បករនៃប្រទេសនីមួយៗ និងរវាងអ្នកមាន និងមានពិការភាព។
លោក សុជាតិ បានឱ្យដឹងថា៖ «ខ្ញុំយល់ថា សិល្បករដទៃទៀតមានទំនាក់ទំនងល្អ ហើយយើងបាននិងកំពុងតែសមជាមួយគ្នាបណ្ដើរៗ។ ជាក់ស្ដែង យើងបានសមពីរដងតាមរយៈវីដេអូនិម្មិត (VR) កាលពីខែមេសា»។
ការសម្ដែងដែលរួមបញ្ចូលគ្នារវាងអ្នកមាន និងមិនមានពិការភាព មិនបានធ្វើឱ្យសិល្បកររូបនេះមើលឃើញពីការលំបាកទេ។ តែវាបានផ្ដល់ជាអត្ថប្រយោជន៍ដល់គ្នាទៅវិញទេ ដោយវាបង្ហាញពីភាពស្មើភាព មិនមានការរើសអើងគ្នា។
លោកបានបន្ដថា៖ «ខ្ញុំមានមោទនភាពសម្រាប់ខ្លួនឯង ដោយសារយើងអាចសម្ដែង យើងអាចបង្ហាញពីជំនាញរបស់យើងទៅកាន់ពិភពលោក ជាពិសេស ជាសារមួយ ហើយក៏ជាកេរ្ដិ៍ឈ្មោះសម្រាប់បងប្អូនមានពិការភាពនៅប្រទេសកម្ពុជាឱ្យពួកគាត់មើលឃើញថា ខ្ញុំមាន powerful ប៉ុនណា។ ពេលពួកគាត់មានអារម្មណ៍បាក់ចិត្ដ ពួកគាត់អាចមើលមកលើអ្វីដែលខ្ញុំកំពុងតែមាន»។
ដោយយល់ឃើញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ប្រជាជនខ្មែរបានដឹង និងយល់ចំពោះសិល្បករមានពិការភាព តែមិនសូវផ្ដល់តម្លៃ និងឱកាសដល់ពួកគេ ជាអ្វីដែលលោកបានអះអាងថា វាមិនមែនការរើសអើងរបស់ប្រជាជនខ្មែរមកលើជនមានពិការភាពនោះទេ។
ជាសិល្បករមានពិការភាព ដែលមិនពឹងលើក្ដីអាណិតអាសូរ លោក សុជាតិ បានបង្ហាញសមត្ថភាពផ្ទាល់ខ្លួនដើម្បីស្វែងរកជំនួយក្នុងការបង្កើតស្នាដៃសិល្បៈនេះ។
ការចូលរួមរបស់លោក សុជាតិ នៅក្នុងកម្មវិធី COLONY នឹងចាប់ផ្ដើមសម្ដែងនៅថ្ងៃទី ៣០-៣១ ខែឧសភា និង ១ មិថុនា មានជំនឿជឿជាក់លើអំណាចនៃសិល្បៈ ដើម្បីជំរុញបរិយាប័ន្ន និងទប់ទល់ការរើសអើង៕