ភ្នំពេញៈ ក្រុមការងារក្រសួងដែន នគរូបនីយកម្ម និងសំណង់ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធបាននឹងកំពុងបន្ត​ដោះស្រា​យ​វិវា​ទ​បុ​រី​ដ៏ស្មុគស្មាញប្រមាណជា៣៩គម្រោង ដែលក្នុងនោះមានគម្រោងបុរីម៉នដានី ស្ថិតក្នុង​ខេត្ត​កំព​ង់ស្ពឺ​ផ​ងដែ​រ។​

យ៉ាងហោចណាស់មានវិវាទធំៗពាក់ព័ន្ធនឹងបុរីប្រមា​ណ​ជា១៣៩គម្រោង។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារ​ក្រ​សួង​បានដោះ​ស្រាយ​បានប្រ​ហែល​ជា១០០គម្រោងហើយ។ នេះបើយោងតាមក្រសួងដែនដី។

រដ្ឋលេខាធិការ ក្រសួងដែនដី លោកថេង ច័ន្ទសង្វារបានឱ្យដឹងថា ក្រុមការងាររបស់ក្រសួង​ នៅមានវិវាទ​បុរី​ជាច្រើន​ដែល​ត្រូវបន្តសម្របសម្រួលដោះស្រាយ ទៅតាមការណែនាំពីលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រ​សួងដែនដី និងលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត។ ថ្នាក់ដឹកនាំបាន ណែនាំឱ្យធ្វើការតាមដានការងារវិវាទទាំងនេះ ឱ្យ​បានជាប់ ហើយខិតខំរិះរកមធ្យោបាយ ដើម្បីសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋ។ បញ្ហា ដែលនៅសល់ ទាំង​នោះ ក៏​មាន​នៅក្នុងបុរីម៉នដានីផងដែរ។


លោកបញ្ជាក់ថា៖«ក្រុមការងារនីមួយៗបែងចែកគ្នាដោះស្រាយ។​ជាង១៣០គម្រោងត្រូវដោះស្រាយ។ ក្នុងនោះ បាន​ដោះស្រាយបានភាគច្រើនដែរ គឺយើងគិតថា១០០គម្រោង។ នៅសល់ប្រមាណជា៣០ ទៅ៤០គម្រោងទៀតកំពុងតែ រកគន្លឹះដោះឱ្យចេញ ព្រោះគម្រោងខ្លះវាស្មុគស្មាញ គម្រោងខ្លះធូរ ​តែគម្រោងខ្លះវាស្មុគស្មាញយកតែមែនទែន»។

ក្នុងចំណោមគម្រោងដ៏ស្មុគស្មាញទាំងនោះ គឺគម្រោង២៩ ស្ថិតក្នុងស្រុកបសេដ្ឋ និងគងពិសី ខេត្តកំពង់ស្ពឺ របស់បុរីម៉ន ដានី។​


លោកបានឱ្យដឹងថា គម្រោង២៩នេះគឺជាគម្រោងមួយដ៏ធំ ដែលធ្វើនៅលើផ្ទៃដីសរុប១០០ហិកតា។ ក្នុងនោះ មាន​៥០​ហិកតា មានតែប័ណ្ណកម្មសិទ្ធិតែមួយប័ណ្ណ ហើយ៥០ហិកតាទៀត មានរហូតដល់ទៅ១២ប័ណ្ណកម្មសិទ្ធិឯនោះ។

លោកថ្លែងថា៖«យើងខិតខំដោះស្រាយឱ្យចេញ៥០ហិកតា ដែលមានតែ១ប័ណ្ណនេះមុន។ ៥០ហិកតា ដែល​មា​ន១​២​ប័​ណ្ណ វារាងតឹងមែនទែន។ គម្រោង២៩នេះវាពិបាកត្រង់ថា បុរីនេះអភិវឌ្ឍនៅលើដី ដែលមិនមែនជារបស់ខ្លួន។ នៅពេល​មិន​មែន​ជារ​ប​ស់ខ្លួន យើងត្រូវទៅចរចាជាមួយម្ចាស់ដី។ ចរចាជាមួយម្ចាស់ គេសួរថាមានលុយម៉ាន?»។

លោកបានពន្យល់ថា ដោយសារតែនៅពេលដែលម្ចាស់គម្រោង បានទៅទិញដីគេនោះ គឺមានកិច្ចសន្យាត្រឹមត្រូវ មាន​មេធាវីទទួលស្គាល់ និងមានដាក់តម្លៃហាងឆេងដីត្រឹមត្រូវទៀតផង។ ប៉ុន្តែមិនទាន់បានប្រគល់ឱ្យលុយគេសោះ។ ហេតុ​នេះ គឺមិនអាចដោះស្រាយ ដោយយកដីនោះទៅពុះចែកគ្នាបាននោះទេ។ ម្យ៉ាងវិញទៀត ក៏នៅមានឈ្មោះ​ដី​ម្ចាស់​ដើម​ផងដែរ ដែលតម្រូវឱ្យមានការផ្តិតមេដៃ ក្នុងការកាត់ផ្ទេរឈ្មោះ។

លោកមានប្រសាសន៍ថា៖«ទាល់តែម្ចាស់ដីហ្នឹងផ្តិតមេដៃឱ្យ។ អ៊ីចឹងបានគម្រោងយើងស្មុគស្មាញ។ ប៉ុន្តែ​ជា​មួយ​នឹង​ការ​យោគយល់ ការសម្របសម្រួលរបស់ក្រុមការងារក្រសួង ម្ចាស់ដីនិងអ្នកពាក់ព័ន្ធដទៃទៀត យើង​បាន​ដោះ​ស្រាយ​បញ្ហា​​នេះមួយជំហានធំ ព្រោះ៥០ហិកតាហ្នឹង បើគិតជាឡូតិ៍ ដែលបានលក់ចេញគឺ​នៅខាងហ្នឹង។ ៥០​ហិកតា​ទៀត​ចំនួន​តិចជាងទេ»។

លោកបន្តថា ផ្ទៃដី៥០ហិកតា​ដែលត្រូវបានដោះស្រាយមុនគេនេះ គឺមានអ្នកបង់ប្រាក់១០០ភាគរយរួចហើយ។ រា​ជរ​ដ្ឋាភិ​បា​ល​បាន​ឯកភាពផ្ទេរកម្មសិទ្ធិឱ្យពួកគាត់ ដែលសរុបទាំងអស់មានចំនួន១ ៥០២ឡូតិ៍។ ក្នុងនោះ ជំហានទី១ ដែល​ត្រូវ​ផ្ទេរ​កម្ម​សិទ្ធិ​នោះ មាន ១ ០៩៨ឡូតិ៍។

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់បានលើកឡើងនាពេលថ្មីៗ​នេះថា ដើម្បីបង្កបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រ​សួង​ត្រូ​វ​បញ្ច​ប់​ការចុះបញ្ជីដីធ្លីជូនពលរដ្ឋ និងបញ្ចប់រាល់វិវាទ ដែលបានកើតឡើងជាមុនសិន។ លោក​បាន​លើក​ឡើង​​ថា វិវាទនៅតាមបុរីទាំងនោះ ធ្វើ​ឱ្យម​នុស្ស​បាត់ការងារអស់ច្រើនណាស់។ ក្រុមការងាររបស់​ក្រសួងបាន​ខិតខំរក​ដំ​ណោះ​ស្រាយ ទាំងថ្ងៃ​ទាំង​យប់ ដែលជាលទ្ធផល ដោះស្រាយបានប្រមាណ១០០គម្រោងនេះ។

យោងតាម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានឱ្យដឹងថា ពលរដ្ឋរាប់ពាន់​គ្រួសារបាន​រងគ្រោះ​ពីគម្រោង​អភិ​វឌ្ឍន៍​​របស់​ក្រុម​ហ៊ុ​ន​ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក។ ក្នុងនោះមានទាំងម្ចាស់ដី ដែលបានលក់ដីឱ្យក្រុមហ៊ុន និងអតិថិជន​របស់ក្រុមហ៊ុន ដែល​បាន​បង់​ប្រាក់ផ្តាច់ និង​បង់​រំលស់​ផងដែរ។ ម្ចាស់ក្រុម​ហ៊ុ​ន​ម៉ន ដានី រៀលអ៊ីស្ទេត លោកស្រីម៉ន ដា​នី ត្រូវបាននគរបាលឃាត់ខ្លួន​កាលពី​ខែកមរាកន្លងមកពាក់ព័ន្ធ​ទៅនឹង​ការ​ចេញ​សែក​ស្អុយ។ ក្រៅពីនោះ ទ្រព្យ​ស​ម្បត្តិ​​ទាំង៧៩កន្លែងរបស់លោកស្រី ម៉ន ដានី ក៏ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញ​ដី​កាស​ម្រេច​លក់ដោយបង្ខំផងដែរ៕