
គ្រាប់បែកពីយន្តហោះ Mk81 រកឃើញនៅស្រុកសំឡុត ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍។ Halo Trust
កសិករម្នាក់នៅស្រុកសំឡូតខេត្តបាត់ដំបង បានជីកដី និងឃើញគ្រាប់បែក Mk81 មួយគ្រាប់ ហើយបាន ហៅអង្គការហាឡូត្រាស់ (HALO Trust) មកជួយយកចេញកាលពីចុងសប្ដាហ៍។ វាជាករណីកម្រដោយហេតុថា គ្រាប់បែកអាមេរិកាំងប្រភេទនេះភាគច្រើនត្រូវបានទម្លាក់នៅភាគខាងកើតនៃកម្ពុជាក្នុងសង្គ្រាមវៀតណាម។
យោងតាមហាឡូត្រាស់ ស្រុកសំឡូតជាតំបន់មួយដែលមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេនៅកម្ពុជា ប៉ុន្តែការរកឃើញគ្រាប់បែកធំៗដែលទម្លាក់ពីយន្តហោះនៅតំបន់នេះគឺជារឿងដ៏កម្រ។
មេបញ្ជាការអនុអង្គភាពហាឡូត្រាស់ លោក ដា ណូ បានចុះទៅពិនិត្យគ្រាប់បែកនេះភ្លាមៗ និងវាយតម្លៃស្ថានភាពរបស់វា ហើយថា គ្រាប់បែកទម្ងន់ ១១០ គីឡូក្រាមនេះ នេះមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រជាជន ព្រោះវាអាចបង្កហានិភ័យដល់អាយុជីវិត និងផ្ទះសម្បែងក្នុងរង្វង់ ១ គីឡូម៉ែត្រ។
យ៉ាងណាក៏ដោយ គ្រាប់បែកនេះត្រូវបានយកចេញដោយសុវត្ថិភាពដោយមានការគាំទ្រពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ហើយត្រូវបានដឹកទៅខេត្តកំពង់ឆ្នាំងដើម្បីបំផ្លាញចោល។
ស្របពេលជាមួយគ្នានេះដែរ លោក Charles Hay MVO នាយកទីភ្នាក់ងារកិច្ចការបរទេស ផ្តល់ជំនួយ និងការអភិវឌ្ឍទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស (FCDO Director for Southeast Asia and the Pacific) និង លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានចុះស្វែងយល់អំពីសកម្មភាព និងចុះពិនិត្យលទ្ធផលនៃការងារបោសសម្អាតមីនរបស់អង្គការ HALO Trust ក្រោមការគាំទ្រពីទីភ្នាក់ងារ FCDO នៃក្រសួងការបរទេសចក្រភពអង់គ្លេស។
លោកបានពិនិត្យមើលចម្ការមីនស្ថិតក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានចូលរួមពីលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក តំណាង ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក។ នេះបើតាមអាជ្ញាធរមីន។

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង លោក Charles Hay MVO នាយកទីភ្នាក់ងារកិច្ចការបរទេស ផ្តល់ជំនួយ និងការអភិវឌ្ឍទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស ពិនិត្យមើលចម្ការមីននៅស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី១២ ឧសភា។ អាជ្ញាធរមីន
លោក លី ធុជ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ ដែលក្នុងនោះចក្រភពអង់គ្លេសគឺជាដៃគូមួយយ៉ាងសំខាន់។ យ៉ាងណាក៏ដោយលោកថា កម្ពុជានៅបន្តដើរលើផ្លូវយ៉ាងវែងឆ្ងាយទៀត ក្នុងការដោះស្រាយបញ្ហាមីនដែលនៅសេសសល់។
អាជ្ញាធរមីនបញ្ជាក់ថា៖ «ការចុះពិនិត្យរបស់ទីភ្នាក់ងារ FCDO លើជំនួយរបស់អង់គ្លេសលើការងារបោសសម្អាតមីននៅកម្ពុជា គឺដើម្បីសិក្សាវាយតម្លៃអំពីលទ្ធផលសម្រេចបាន និងរៀបចំនូវរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្តរបស់អង់គ្លេស ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ»៕