
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា ថ្លែងក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា កាលពីថ្ងៃចន្ទ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ សេចក្ដីព្រាងច្បាប់ស្ដីពីជលផល ទទួលបានការឯកភាពពីគណៈកម្មការទី៣ នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធី។ នេះបើយោងតាមក្រសួងកសិកម្មនាថ្ងៃអង្គារ ទី១៣ ខែឧសភានេះ។
រដ្ឋបាលជលផលបានសំដែងក្តីសង្ឃឹមថា ច្បាប់ដែលនឹងត្រូវអនុម័តនាពេលខាងមុខនេះ នឹងអនុវត្តប្រកបដោយសប្រសិទ្ធភាព ដើម្បីការពារធនធានជលផលនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា និងសហការី បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល នារសៀលថ្ងៃទី១២ ខែឧសភា។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកឡូយ សុផាត ដែលជា ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣)។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រីឌិត ទីណា បានជម្រាបជូន លោកប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាថា ច្បាប់ជលផលដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ មានអាយុ១៩ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ។
នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿនរហ័ស ដែលទាមទារការកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គមកម្ពុជានិងសាកលលោក។ ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មីនេះឡើង។
សេចក្តីព្រាងច្បាប់ស្តីពី ជលផលមាន១៥ ជំពូក និង១០៤ មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។
លោករដ្ឋមន្ដ្រីទីណាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ច្បាប់ននេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ រួមមានដូចជា គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព, ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល និងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ច្បាប់នេះ បំពេញនូវលក្ខខណ្ឌតម្រូវ និងស្តង់ដា ឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បី ឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិ។
ក្រសួងបានឱ្យដឹងថា ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយ ពន្យល់របស់លោក រដ្ឋមន្ត្រី ឆ្លើយតបនឹងចំណុចនានាដែលគណៈកម្មការជំនាញ នៃរដ្ឋសភាបានសាកសួររួចមក លោកប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះតាក់តែងនូវសេចក្តីព្រាងច្បាប់ស្ដីពីជលផលនេះឡើង ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិ។
គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកពុំ សុថាបានលើកឡើងថា ច្បាប់នេះគឺជាឯកសារគតិយុត្តមួយ ដើម្បីប្រើប្រាស់ក្នុងគ្រប់គ្រងធានធានធលផលឱ្យកាន់តែមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖«ច្បាប់ថ្មីនេះ ធ្វើតម្រូវទៅតាមស្ថានភាពសង្គម ជាពិសេសការពារធនធានជលផល។ ខ្ញុំសង្ឃឹមថាច្បាប់ថ្មី ដែលនឹងចេញមកនេះ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីការពារធនធានជលផលរបស់យើងទាំងអស់គ្នានេះ»៕