នៅថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធគ្រោង​ចាប់ផ្តើម​បើក​ឱ្យ​មាន​ប្រតិបត្តិការ​​ហោះហើរ​នៅ​អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ខណៈ Korean Air នឹង​ក្លាយ​ជា​​ជើង​ហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ​ដែល​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

រដ្ឋលេខាធិការ និង​ជាអ្នកនាំ​ពាក្យ​នៃ​​រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍​ស៊ីវិល(SSCA) លោក ស៊ីន ចាន់​សិរីវុត្ថា ​បាន​ប្រាប់​ភ្នំពេញ​បុស្តិ៍​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ​ថា នៅ​ដំណាច់​ខែ​ឧសភា ឬដើមខែមិថុនាខាងមុខ ក្រុមការងារ​ជំនាញ​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​ធ្វើ​សវនកម្មជាលើក​ទី​២ ដើម្បី​វាយ​តម្លៃ​ចុងក្រោយ​។

លោក​បាន​ថ្លែង​​ថា៖​«​ព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងបិទដំណើរការនៅម៉ោង ០០:០០នាទី យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ដោយប្រតិបត្តិការទាំងអស់​ នឹងត្រូវរើទាំងស្រុងទៅកាន់អាកាសយានដ្ឋាន​អន្តរជាតិតេជោតាមការគ្រោងទុក»។


លោក​បាន​បញ្ជាក់​ទៀត​ថា៖​«​ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះអន្តរជាតិ​ពោធិ៍ចិនតុង គឺជា​ជើងហោះហើរ Korean Air»។

គម្រោង​វិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ បាន​បើកការដ្ឋាន​សាងសង់កាលពី​ថ្ងៃ​ទី​៧ ​ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​​ទុន​វិនិយោគ​ប្រមាណ ១,៥ពាន់លានដុល្លារ​(មិនគិត​បញ្ចូលតម្លៃដី) ដែល​ជា​ការវិនិយោគរវាង​រដ្ឋ​ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រាជធានីភ្នំពេញ។


អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ​លំដាប់ 4F នេះ​អាច​អនុញ្ញាត​ឱ្យ​​យន្ត​ហោះ​ប្រភេទ​ធុនធំៗ​ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ អាកាសយានដ្ឋាននេះរចនាឡើងជា​ ៣ ដំណាក់កាល ដោយ​​ដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ១៥ លាន​នាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ​ទទួល​ភ្ញៀវ​បាន​ ៣០ លាន​នាក់ និងដំណាក់កាលពី ៣ ចាប់​ពីឆ្នាំ២០៥០ ​អាច​ទទួល​ភ្ញៀវបាន ៤៥ លាននាក់​៕