
គ្រូពេទ្យនៅមន្ទីរពេទ្យកុមារអង្គរកំពុងពិនិត្យទារកនៅមន្ទីរពេទ្យ។ AHC
មន្ទីរពេទ្យកុមារអង្គរ អំពាវនាវការបរិច្ចាគពិមហាជនដើម្បីទ្រទ្រង់ដល់ដំណើរការសង្គ្រោះកុមារដោយឥតថ្លៃ។ មន្ទីរពេទ្យនឹងរៀបចំពិធីបុណ្យផ្កាប្រាក់នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តរាជបូណ៌។
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យ បានឲ្យដឹងថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ គឺជាលើកទី១២ហើយ គិតចាប់ពីឆ្នាំ២០១៣ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៃគណៈមហានិកាយ និងជាចៅអធិការវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប និង ព្រះធម្មសិរី ជុំ គឹមឡេង មេគណខេត្តសៀមរាប និងបុគ្គលិករដ្ឋនិងបុគ្គលមន្ទីរពេទ្យកុមារអង្គរ។
លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការថវិកាសម្រាប់ប្រតិបត្តិការ ព្យាបាលសង្គ្រោះអាយុជីវិតកុមារ ប្រមាណ៦លានដុល្លារអាមេរិក ហើយថវិកាទាំងនោះ មានប្រមាណ៣០ភាគរយ បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជា បូករួមទាំងថវិកាបានមកពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ។
លោកអំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគក្នុងពិធីបុណ្យនេះដើម្បីសង្គ្រោះកុមារ ឬក៏អាចបរិច្ចាគតាមរយៈ QR code របស់មន្ទីរពេទ្យ។
លោកក៏ថ្លែងថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតក្នុងការ សង្គ្រោះជីវិតកុមារ ប្រកបដោយគុណភាពខ្ពស់ និង ក្តីមេត្តាករុណា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ជាង១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ»។
មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ១៩៩៩។ មកទល់ពេលនេះ មន្ទីរពេទ្យនេះបានផ្តល់សេវាពិនិត្យព្យាបាលកុមារបានប្រមាណ ៣លានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លើសពីនេះទៀត មន្ទីរពេទ្យបានចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាបនិងខេត្តព្រះវិហារតាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ៕