សៀមរាប៖ សហគ្រាស​អង្គរ​បានចេញ​ផ្សាយ​របា​យ​ការណ៍​ចុងក្រោយ​របស់ខ្លួន​ដែល​បង្ហាញ​ពី​ការផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​នៅក្នុង​សមាសភាព​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​។​

ចំនួន​ភ្ញៀវ​បរទេស​សរុប​បាន​កើនឡើង​បន្តិច​ពី ៧៣៨៤៥នាក់​ ក្នុង​ខែមេសា ឆ្នាំ ២០២៤ ដល់ ៧៦២៧៩នាក់​​ ក្នុង​ខែមេសា ឆ្នាំ ២០២៥​ ឬ ៣,៣ភាគរយ​។​

យោងតាម​របាយការណ៍​លក់​សំបុត្រ​ក្នុង​ខែមេសា ឆ្នាំ ២០២៥​ បាន​បង្ហាញថា​៖ «ប្រាក់ចំណូល​សំបុត្រ​បាន​កើន​ឡើងដល់ជិត​ ៣,៥លាន​ដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពី​ការបន្ត​រីកចម្រើន​នៃ​ទេសចរណ៍​អន្តរជាតិ​ទៅកាន់​ឧទ្យាន​បុរាណវិទ្យា​អង្គរ​»។​


ភ្ញៀវ​ទេសចរ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុ​ចំណោម​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ដែលមក​ទស្សនា​ឧទ្យាន​អង្គរ ១៦៩​ប្រទេស​​។​

យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុនសហគ្រាស​អង្គរ ឬ Angkor Enterprise បានឱ្យដឹងថា៖ «​​ភ្ញៀវទេសចរ​មកពី​ចក្រភព​អង់គ្លេស​កើនឡើង ១៧,៨៨ភាគរយ​​ កើនឡើង​ដល់ ៧៥៨៦ នាក់​បើ​ធៀប​នឹង ៦៤៣៣ ក្នុង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន​»។​


ទិន្នន័យ​បានបង្ហាញ​ថា កំណើន​នេះ​បានធ្វើឱ្យ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ស្ថិតក្នុង​ចំណោម​ប្រទេស​ប្រភព​កំពូល​ទាំងបី​សម្រាប់​ការមកដល់​អង្គរ​ជា​អន្តរជាតិ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ ១ និង​ទី ២ រៀង​គ្នា ដែលមាន​ចំនួន​ជាង ២២% នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​រួមគ្នា​។​

ទោះយ៉ាងណា​ក៏ដោយ មិនមែន​គ្រប់​ប្រទេស​ទាំងអស់​បានធ្វើ​តាម​និន្នាការ​ដូចគ្នា​នោះទេ​។ ភ្ញៀវ​មកពី​ប្រទេស​ចិន ដែល​ពីមុន​ជាទី​ផ្សារ​លេចធ្លោ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។

ការមកដល់​របស់​ចិន​បាន​ធ្លាក់ចុះ ១៣,៥៩% ពី ៦០៥៧​នាក់​មកត្រឹម ៥២៣៦នាក់​​ ដោយ​បានថយ​ចំនួន​​ភ្ញៀវទេសចរ ៨២១នាក់​។​

ប្រទេស​ផ្សេងទៀត​ដែល​បង្ហាញ​ពី​កំណើន​ខ្លាំង ​រួមមាន ​ប៉ូឡូញ (+២២,២៥%) ហូ​ឡង់ (+១៤,៧៣%) និង​អាល្លឺម៉ង់ (+៧,៧២%) ដែល​ពង្រឹង​និន្នាការ​នៃ​ការកើនឡើង​ចំណាប់អារម្មណ៍​របស់​អឺរ៉ុប​លើ​វិស័យ​ទេសចរណ៍​បេតិកភណ្ឌ​កម្ពុជា​។​

ក្នុងអំឡុង​រដូវ​កាល​ខ្ពស់​ក្នុង​ខែធ្នូ ឆ្នាំ​២០២៤ ឧទ្យាន​បុរាណវិទ្យា​អង្គរ​បានឃើញ​កំណើន​​ក្នុង​វិស័យ​ទេសចរណ៍​អន្តរជាតិ ដោយមាន​ភ្ញៀវ​បរទេស​សរុប​ចំនួន ១២៥៣៤៩ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ កើនឡើង ២៧,៤៨% បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ ២០២៣​។

សហរដ្ឋអាមេរិក​បាន​នាំមុខ​ភ្ញៀវ​ទេសចរណ៍​ចំនួន ១៣៧០៩​នាក់ កើនឡើង ៣០,៨៨% តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន​ដែលមាន​ភ្ញៀវ ១២២១៧នាក់ និង​បារាំង​មាន ១០០៧៧នាក់​។​

ការកើនឡើង​គួរឱ្យកត់សម្គាល់​ផ្សេងទៀត​បានមកពី​ប្រទេស​កូរ៉េខាងត្បូង (+៣១,១៦%) ចក្រភព​អង់គ្លេស (+២៨,១២%) និង​ឥណ្ឌា (+៤១,៨៥%) ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង​នៅក្នុង​ចំណាប់អារម្មណ៍​នៃ​ការធ្វើដំណើរ​ពិភពលោក​។​

ទោះបីជា​មានការ​ប្រែប្រួល​ខ្លះ​ក៏ដោយ ឧទ្យាន​បុរាណវិទ្យា​អង្គរ​នៅតែ​ជា​គោលដៅទេសចរណ៍​សកល​សម្រាប់​អ្នកធ្វើដំណើរ ហើយ​តួលេខ​ចុងក្រោយ​បំផុត​បង្ហាញ​ពី​សញ្ញាណ​នៃ​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ទេសចរណ៍​។​

ចាប់ពី​ថ្ងៃទី ១ ខែមករា ដល់​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ភ្ញៀវទេសចរ​បរទេស​សរុប​ចំនួន ៥០០,៧៣១ នាក់​បាន​ទិញ​ប័ណ្ណ​អង្គរ​ដើម្បី​ទស្សនា​ឧទ្យាន​បុរាណវិទ្យា​អង្គរ នេះ​បើ​យោងតាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​សហគ្រាស​អង្គរ​៕