
វគ្គបណ្តុះបណ្តាលសម្រាប់គ្រូនៃកម្មវិធី មនសិការពលរដ្ឋល្អ ជាកិច្ចសហការរវាង (ស.ស.យ.ក) និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ រូបថត ហង់ជួន ណារ៉ុន
ភ្នំពេញ៖ កម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ ២០២៥ ដែលផ្តោតលើសិស្សថ្នាក់ទី ១០ និងទី ១១ ឆ្ពោះទៅគោលដៅ ១២ រាជធានី-ខេត្តទូទាំងប្រទេស ត្រូវបានទទួលការបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចុះទៅពិនិត្យវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ នៅថ្ងៃទី០៨ ខែឧសភា ដើម្បីសង្កេតមើលការអនុវត្តកម្មវិធី និងការចូលរួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា។
ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តអប់រំ «មនសិការពលរដ្ឋល្អ» សម្រាប់កម្ពុជា និងការរីកចម្រើនរបស់ខ្លួន។
លោក ណារ៉ុន បានសរសេរនៅលើ Facebook របស់លោកថា៖ «កម្មវិធី “មនសិការពលរដ្ឋល្អ” បានចាប់ផ្តើមដំណើរការ ក្នុងរូបភាពជាកម្មវិធីក្រៅម៉ោងសិក្សា សម្រាប់កម្រិតថ្នាក់ទី១០ និងទី១១ តាមរាជធានី ខេត្តគោលដៅចំនួន១២ ក្នុងគោលបំណងបណ្ដុះបណ្ដាលសមត្ថភាព ស្មារតី ឆន្ទៈ សេចក្ដីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អរបស់យុវជនសម្រាប់កម្ពុជា និងជាការផ្ដល់ឱកាសដល់យុវជនក្នុងការកសាងភាពជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងកសាងកម្លាំងរួមជាធ្លុងមួយប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងសុខុដុមនីយកម្មជាតិដើម្បីអនាគតកម្ពុជា»។
កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលក្នុងនោះយុទ្ធសាស្ត្រទី៤ ផ្តោតលើការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។

កម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ ២០២៥ ដែលផ្តោតលើសិស្សថ្នាក់ទី ១០ និងទី ១១ ឆ្ពោះទៅគោលដៅ ១២ រាជធានី-ខេត្តទូទាំងប្រទេស។ រូបថត ហង់ជួន ណារ៉ុន
ចក្ខុវិស័យនៃកម្មវិធី «មនសិការពលរដ្ឋល្អ» គឺដើម្បីកសាង និងអភិវឌ្ឍន៍ធនធានយុវជនកម្ពុជាប្រកបដោយសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត មនសិការស្នេហាជាតិ និងភាពជាពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។
លោកបានថ្លែងថា៖ «កម្មវិធីមនសិការពលរដ្ឋល្អ បានបញ្ចូលនូវយុទ្ធវិធីបង្រៀនថ្មី ដែលដូចគ្នាទៅនឹងយុទ្ធវិធីកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី ដែលគ្របដណ្តប់ចិត្តគរុកោសល្យ វិទ្យាសាស្ត្រ និងសិល្បៈតួយ៉ាងភ្លេង ជាដើមដែលបានបង្កភាពរស់រវើកក្នុងការសិក្សា និងការផ្សាភ្ជាប់ការសិក្សាតាមរយៈវិញ្ញាណទាំង៥ ដែលអនុញ្ញាតឱ្យសិស្ស មានការផ្លាស់ប្តូរនូវឥរិយាបទ រួមមានចំណេះដឹង ដោយចេះសង្ខេបនូវខ្លឹមសារមេរៀនឡើងវិញ បណ្តុះនូវបំណិនថ្មី បច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវ ការទំនាក់ទំនង ការសហការក្រុម និងភាពក្លាហាន»។
លោកគ្រូ អ្នកគ្រូ គ្រូបង្គោលទាំងអស់ ត្រូវបានលើកទឹកចិត្ដព្យាយាមប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបបច្ចេកវិទ្យាលាយឡំជាមួយសៀវភៅគោល ដោយបង្រៀនឱ្យសិស្សចេះស្វ័យសិក្សា ចេះសង្ខេបមេរៀនគោលដោយខ្លួនឯង ចេះសិក្សាស្រាវជ្រាវ ចេះពិភាក្សាជាក្រុមក្នុងការសិក្សា និងរៀបចំឱ្យសិស្សធ្វើបទបង្ហាញដើម្បីឱ្យសិស្សមានភាពក្លាហាន និងមានភាពជាអ្នកដឹកនាំ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលមនសិការពលរដ្ឋល្អ ត្រូវតែបន្ត មិនមែនត្រឹមតែក្នុងគ្រាមានវិបត្តិនោះទេ ដើម្បីកសាងធនធានមនុស្សឱ្យរឹងមាំ។
លោកបានថ្លែងសុន្ទរកថាបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូនៃកម្មវិធី មនសិការពលរដ្ឋល្អ ជាកិច្ចសហការរវាង (ស.ស.យ.ក) និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ ខ្ញុំសូមកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ និងចូលរួមចំណែកជាមួយសង្គមជាតិ ជាពិសេសក្នុងការអនុញ្ញាតឱ្យស.ស.យ.ក. ចូលរួមចំណែកជាមួយក្រសួងក្នុងការបំពាក់បំប៉ន សមត្ថភាពយុវជន»។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចុះទៅពិនិត្យវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ នៅថ្ងៃទី០៨ ខែឧសភា។ រូបថត ហង់ជួន ណារ៉ុន
កម្មវិធីនេះត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងឆ្នាំទី១ ចំពោះរាជធានី ខេត្ត គោលដៅចំនួន៧ រួម មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤។
លោក ណារ៉ុន បានអបអរសាទរចំពោះការអនុវត្តជោគជ័យនៃគម្រោងពលរដ្ឋល្អកាលពីឆ្នាំមុន និងបានសម្តែងការដឹងគុណយ៉ាងខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូបណ្តុះបណ្តាលដែលបានប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ដោយភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមរយៈក្លឹបសិក្សា និងការសិក្សាតាមគម្រោង។
លោកបានបន្ថែមថា៖ «កម្មវិធីនេះ ពិតជាបាននាំមកនូវតម្លៃបន្ថែម និងការអប់រំដើម្បីឱ្យសិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយក្លាយជាពលរដ្ឋល្អក្នុងសង្គម និងចូលរួមការពារសន្តិសុខ និងស្ថេរភាពប្រទេសជាតិ»៕