
កូនគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាមចំនួន ១២០គ្រាប់ត្រូវបានអ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ កម្ទេចចោលនៅក្នុងចម្ការស្វាយចន្ទីមួយ នៅភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែឧសភា ។
យោងតាមស៊ីម៉ាក់ គ្រាប់បែកចង្កោមនេះជាប្រភេទគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទ CBU-25/A ដែលជាទូទៅមានកូនគ្រាប់បែកនៅខាងក្នុងចំនួន ១៣២គ្រាប់។ ប៉ុន្តែ ក្នុងប្រតិបត្តិការកាលពីម្សិលមិញ មានកូនគ្រាប់បែកតូចៗតែ ១២០គ្រាប់ប៉ុណ្ណោះដែលនៅមានគុណភាព អាចបង្កគ្រោះថ្នាក់គ្រប់ពេល។
យោងតាមស៊ីម៉ាក់ដដែល គ្រាប់បែកនេះត្រូវបានរកឃើញកប់នៅក្នុងដីជម្រៅប្រហែលមួយម៉ែត្រ។ ស៊ីម៉ាក់ បានអរគុណដល់ម្ចាស់ចម្ការស្វាយចន្ទី ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ។

ស៊ីម៉ាក់បញ្ជាក់ថា៖ «ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូន ដូច្នេះមានតែវិធានការកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង។ ការកម្ទេចនៅនឹងកន្លែងនេះបានបង្កប៉ះពាល់ដើមស្វាយចន្ទីមួយចំនួនដែរ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះជារៀងរហូត»។
កម្ពុជារងការទម្លាក់គ្រាប់បែកចង្កោមប្រមាណជិត៣០លានគ្រាប់បែក ឬ ប្រមាណ ៣ លានតោន ក្នុងរយៈពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០។ ការទម្លាក់គ្រាប់បែកនេះឡើងឡើងលើទីតាំងវាយប្រហារចំនួនជាង ១ម៉ឺនទីតាំងទូទាំងប្រទេស។ នេះបើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់៕
